អាជ្ញាធរ​ ​ស្នើ​ក្រសួងការងារ​ ​និង​សាលា​រាជធានី​ ​ដើម្បី​លក់​សម្ភារ​ឡៃ​ឡុង​ ​ដោះស្រាយ​លុយ​ឱ្យ​កម្មករ​រោងចក្រ​ ​ហុង​ ​ស៊ីង​

ភ្នំពេញ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានបញ្ជាក់ប្រាប់សារព័ត៌មាន Click News ថា អាជ្ញាធរ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន និងកំពុងពិនិត្យ និង ពន្យល់នីតិវិធីច្បាប់ការងារជូនកម្មករ ដែលកំពុងធ្វើបាតុកម្ម ក្រោយថៅកែរោងចក្រ រត់ចោល។

លោកអភិបាលរង បន្តថា ក្នុងនាមអាជ្ញាធរ លោក កំពុងស្រាវជ្រាវរកថៅកែដែលរត់ចោលរោងចក្រនេះ ហើយអាជ្ញាធរ និងក្រសួង ព្រមទាំងព្រះរាជអាជ្ញា ក៏កំពុងសុំគោលការណ៍ថ្នាក់ដឹកនាំដើម្បីបើកឃ្លាំង កំណត់សម្ភារ លក់ឡៃឡុង ដោះស្រាយប្រាក់អតីតភាពជូនកម្មករផងដែរ។

សូមបញ្ជាក់ថា នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២០ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានដោះស្រាយកូដកម្ម បាតុកម្ម តាមមុខសញ្ញាក្នុងខណ្ឌមានជ័យ រួមទាំងមន្រ្តីក្រសួងការងារ បានចុះសម្របសម្រួលរកនិតិវិធីដោះស្រាយជាមួយកម្មករ កម្មការនីរោងចក្រ ហុង ស៊ីង មានទីតាំងនៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ដែលត្រូវថៅកែរត់ចោល។

កម្មករកម្មការនី មានចំនួន ១៩០នាក់ បានធ្វើការទាមទារបើកប្រាក់ឈ្នួល ប្រាក់អតីតភាពការ​ងារ និងប្រាក់បំណាច់ផ្សេងៗ តាមច្បាប់ស្តីពីការងារ៕

ដោយ៖ គន្ធ តារាវិឆ័យ

You can share this !

Loading...
អត្ថបទទាក់ទង