សមត្ថកិច្ច​នាំ​ឃាតក​ ​ដែល​ជា​ម្តាយ​តារាចម្រៀង​ ​ពេជ្រ​ ​សូលី​កា​ ​ទៅ​យក​ចិញ្ចៀន​ជនរងគ្រោះ​ ​ពី​កន្លែង​បញ្ចាំ​

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌ​មានជ័យ​ បាននាំខ្លួនម្តាយ​កញ្ញា ពេជ្រ​ សូលីកា​ ដែលជាឃាតក ទៅមកយកចិញ្ចៀន​ជនរងគ្រោះ ដែលបានដាក់បញ្ចាំនៅហាងមួយកន្លែង ក្នុងផ្សារចាស់ នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ។

ការនាំខ្លួនឃាតករូបនេះ ទៅយកចិញ្ចៀនជនរងគ្រោះ គឺធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចជំនាញ បានធ្វើការសាកសួរពីដំណើររឿងនៃការសម្លាប់ស្ត្រីម្នាក់ មានឈ្មោះ សុខ លី ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរចងការប្រាក់ និងរាប់លុយ ស្នាក់នៅសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក។

បើតាមសមត្ថកិច្ច ករណីឃាតកម្មនេះ បានកើតឡើងកាលពីល្ងាច ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ នៅក្នុង VILLATOWN ផ្លូវលេខV16A ផ្ទះលេខL45A ក្នុងភូមិទួលរកាក្រុម១០ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាន ជនរងគ្រោះ ជាស្រីស្រទ្បាញ់ស្រី ហើយជនរងគ្រោះ និងស្ត្រីជាឃាតករ  ធ្លាប់មានទំនាក់ទំនង ជាមួយនឹងស្ត្រីជាជនសង្ស័យខាងលើ ជាយូរមកហើយ ដោយលួចទាក់ទងគ្នាស្ងាត់ៗ លាក់មិនឱ្យគ្រួសារដឹង។ 

ប្រភពពីគ្រួសាររបស់សពបានប្រាប់ថា មុនកើតហេតុ ពួកគាត់បានទូរស័ព្ទទៅរកជនរងគ្រោះ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ តែមិនមានអ្នកលើក ស្រាប់តែម៉ោងជិត ៣រសៀលថ្ងៃដដែល មានគេទូរស័ព្ទមកប្រាប់ថា ម្ចាស់លេខ បានដេកស្លាប់ នៅក្នុងផ្ទះបាត់ហើយ ធ្វើឱ្យពួកគាត់បានទៅផ្ទះកើតហេតុ។ លុះពេលទៅដល់ ក៏ឃើញសពពិតមែន ធ្វើឱ្យពួកគាត់ មានការសោកស្តាយយ៉ាងខ្លាំង។ ដោយគ្រួសារមិនអស់ចិត្ត ព្រោះឃើញការស្លាប់របស់ស្រ្តីមានសភាពគួរឱ្យសង្ស័យ ក៏រាយការណ៍ទៅកម្លាំងនគរបាល។ ភ្លាមៗកម្លាំងនគរបាលខណ្ឌមានជ័យ បានចុះទៅដល់ទីតាំងកើតហេតុ ជាមួយមន្ត្រីបច្ចេកទេសកោសល្យវិច័យ និងប្រាប់ថា សពគឺត្រូវបានស្លាប់ដោយសារថប់ដង្ហើម គឺមានគេយករបស់អ្វីមួយសង្កត់ពីលើមុខរហូតថប់ដង្ហើមស្លាប់។

ប្រភពដដែលបន្តថា ក្រោយពីកើតហេតុ ស្ត្រីជាជនសង្ស័យ (ម្តាយ ពេជ្រ សូលីកា)  បានបើកទ្វារផ្ទះឱ្យចូល ហើយនិយាយប្រាប់សាច់ញាតិសពថា ជនរងគ្រោះ បានស្លាប់ដោយសារហូបបាយ។ តែពេលពួកគាត់ ចូលមើលឃើញស្ត្រីរងគ្រោះ ដេកស្លាប់ដោយមានស្នាម ក និងមានស្នាមចងដៃចងជើង ព្រមទាំងបាត់ចិញ្ចៀនពេជ្រ២វង់ តម្លៃជាង២ម៉ឺនដុល្លារ និងខ្សែក រួមទាំងលុយមួយចំនួន ចំណែកម៉ូតូឌ្រីមសង់០១៩ និងទូរស័ព្ទពីរគ្រឿង មិនបានបាត់ទេ។

ភ្លាមៗនោះ ពួកគាត់ជាសាច់ញាតិ មិនអស់ចិត្ត ក៏សុំឱ្យសមត្ថកិច្ចមូលដ្ឋាន ចុះទៅកន្លែងកើត ដើម្បីធ្វើកោសល្យវិច័យ។ បន្ទាប់ពីខាងជំនាញត្រួតពិនិត្យរួច បានរកឃើញស្លាកស្នាមជាង១០កន្លែង នៅលើខ្លួនសព បានបញ្ជាក់ថា សពជនងគ្រោះ គឺស្លាប់ដោយសារផ្ទប់ដង្ហើម (ជាអំពើឃាតកម្ម) ទើបសមត្ថកិច្ច នាំស្ត្រីសង្ស័យជាឃាតករ យកទៅសាកសួរ នៅប៉ុស្តិ៍នគរបាលចាក់អង្រែក្រោមតែម្ដង។ 

ស្ត្រីជនដៃដល់ បានសារភាពថា រូបគេពិតជាបានសម្លាប់ជនរងគ្រោះប្រាកដមែន។ ចំណែកសព ក្រោយធ្វើកំណត់ហេតុរួច សមត្ថកិច្ចប្រគល់ឱ្យសាច់ញាតិ យកទៅធ្វើបុណ្យនៅវត្តថ្វាយបង្គុំខណ្ឌ៧មករា។

សមត្ថកិច្ចកំពុងតែបន្តការសាកសួរបន្ថែមទៀត ដើម្បីស្វែងរកអ្នកណាខ្លះជាប់ពាក់ព័ន្ធនឹងករណីសម្លាប់ស្ត្រីខាងលើ ហើយនឹងយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។ នៅព្រឹកថ្ងៃទី១៣មករានេះ ស្ត្រីសង្ស័យ ក៏ត្រូវបានសមត្ថកិច្ចនាំយកទៅធ្វើត្រាប់នៅកន្លែងកើតហេតុផងដែរ៕

ដោយ៖ សិរី វឌ្ឍ

You can share this !

Loading...
អត្ថបទទាក់ទង