អុី​រ៉ង់​ប្រកាស​ថា​ ​ការវាយប្រហារ​មូលដ្ឋាន​យោធា​អាមេរិក​ ​ជា​ការ​ចាប់ផ្តើម​នៃ​ប្រតិបត្តិ​ការសំខាន់​

បរទេស៖ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានរាយការណ៍ថា មេបញ្ជាការជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ទៅលើមូលដ្ឋានទ័ពអាកាសអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ គឺមិនមានបំណងដើម្បីសម្លាប់ក្រុមទាហានអាមេរិកទេ ប៉ុន្តែគឺជាមេរៀនមួយដើម្បីឱ្យកងទ័ពអាមេរិកដកខ្លួនចេញពីតំបន់។

ប្រមុខកងកម្លាំងអវកាសរបស់ឆ្មាំបដិវត្តន៍អ៊ីរ៉ង់លោក អាមឺ អាលី ហាជីរ៉ាដេស (Amir Ali Hajizadeh) បាននិយាយថា ការវាយប្រហារទៅលើមូលដ្ឋានទ័ពអាកាសអាមេរិកនោះ គឺជាការចាប់ផ្តើមនៃការវាយប្រហារជាបន្តបន្ទាប់ នៅទូទាំងតំបន់មជ្ឈិមបូព៌ា។

កាលពីថ្ងៃពុធ អ៊ីរ៉ង់ បានបាញ់មីស៊ីលសរុប២២គ្រាប់ទៅលើមូលដ្ឋានយោធា២កន្លែងរបស់អ៊ីរ៉ាក់ ដែលមានទាហានអាមេរិកតាំងនៅ ដើម្បីជាការសងសឹកចំពោះការសម្លាប់ប្រមុខកងទ័ពពិសេសអ៊ីរ៉ង់លោក កាសេម សូឡេម៉ានី (Qassem Soleimani) នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អាមេរិក នៅក្នុងរដ្ឋធានីនៃប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី០៣ ខែមករា។

ហេតុការណ៍ទាំងនេះ បានកើតឡើងបន្ទាប់ពីភាពតានតឹង បានកើនឡើងជាបន្តបន្ទាប់ជាច្រើនខែមកហើយ ចាប់តាំងពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីឆ្នាំ២០១៨ និងដាក់ទណ្ឌកម្មសាជាថ្មី ដែលនាំឱ្យការនាំចេញប្រេងរបស់អ៊ីរ៉ង់ បានធ្លាក់ចុះ។

លោក ហាជីរ៉ាដេស (Hajizadeh) បាននិយាយថា ការសងសឹកយ៉ាងសមស្របដែលអ៊ីរ៉ង់បានសន្យា គឺនឹងបណ្តេញកងទ័ពអាមេរិកចេញពីតំបន់មជ្ឈិមបូព៌ា។ ហើយលោកបាននិយាយផងដែរថា អ៊ីរ៉ង់ បានត្រៀមមីស៊ីលរាប់រយដើមរួចជាស្រេច ហើយអាចសម្លាប់ទាហានអាមេរិកយ៉ាងហោច៥រយនាក់ ក្នុងរយៈពេល៤៨ម៉ោង៕

You can share this !

Loading...
អត្ថបទទាក់ទង