ស្លាក​លេខ​ផ្ទាល់ខ្លួន​ពិសេស​ ​៤០ស្លាក​ ​ត្រូវ​បាន​លក់​ចេញ​ ​និង​រកចំណូល​បាន​ជាង​ ​២២ម៉ឺន​ដុល្លារ​

ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី ៩ ខែមករា ស្លាកលេខពិសេសផ្ទាល់ខ្លួនចំនួន ៤០ ត្រូវបានលក់ចេញ និងបានចំណូលជាង ៩០០លានរៀល ឬ ប្រហែលស្មើនឹងជាង ២២ម៉ឺនដុល្លារអាមេរិក។

យោងតាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហ៊ាង សុទ្ធាយុត្តិ ដែលត្រូវបានដកស្រង់សម្តីដោយសារព័ត៌មានក្នុងស្រុក បានឱ្យដឹងថា តម្លៃលេខមានច្រើនសណ្ឋានខុសៗគ្នា ហើយស្លាកលេខពិសេសផ្ទាល់ខ្លួននេះ មានតម្លៃចាប់ពី ២លានរៀល ឬស្មើនឹង៥០០ដុល្លាអាមេរិកឡើង ហើយអ្នកដែលទិញទៅ ភាគច្រើនក្នុងតម្លៃជាង៣លានរៀលតែប៉ុណ្ណោះ។

អ្នកនាំពាក្យ ក៏បានបញ្ជាក់ផងដែរថា ការទិញស្លាកលេខពិសេសផ្ទាល់ខ្លួន ដែលមានតម្លៃខ្ពស់ និងស្លាកលេខរាជធានី-ខេត្ត ដែលមានតម្លៃខ្ពស់នោះ ក្រសួងមិនបានបង្ខិតបង្ខំនោះទេ។ លោកបញ្ជាក់ទៀតថា ទោះបីចេញលេខពិសេសផ្ទាល់ខ្លួនក្តី ក៏ក្រសួងនៅតែចេញលក់ស្លាកលេខរាជធានី-ខេត្តដដែល។

សូមបញ្ជាក់ថា ​ស្លាក​​លេខ​ពិសេស​ផ្ទាល់ខ្លួន​ ត្រូវ​បាន​រាជរដ្ឋាភិបាល ​អនុញ្ញាត​ឱ្យ​ប្រកាស​ដាក់​លក់​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី​៧ មក​រា ឆ្នាំ​២០២០​កន្លង​ទៅ​នេះ។ ស្លាក​លេខ​ពិសេស​ផ្ទាល់ខ្លួន​នេះ ត្រូវ​បាន​បោះពុម្ព​ដោយ​មាន​អក្សរ ​«​កម្ពុជា​» នៅ​ផ្នែក​ខាងលើ និង​មានការ​រួម​បញ្ចូល​គ្នា​លេខ​ឡា​តាំង ឬ​អក្សរ ចាប់ពី​១​ ដល់​ត្រឹម​៨​ខ្ទង់ បោះពុម្ព​នៅផ្នែក​កណ្តាល ។

ស្លាក​លេខ​នេះ ​មាន QR Code នៅ​ផ្នែក​ខាងស្តាំ ដែល​មាន​បញ្ជាក់​ព័ត៌មាន​ស្តី​ពី​រថយន្ត​នោះ ។ គេ​អាច​ជ្រើសរើស​ស្លា​ក​លេខ​រថយន្ត​ពិសេស​នេះ តាម​រយៈ​ការ​ដាក់​ពាក្យ​ស្នើ​សុំ​ទិញ ឬ​ការ​ដាក់​ដេញថ្លៃ​ក្នុង​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ចុះបញ្ជី​រថយន្ត​តាម​រយៈ​គេហទំព័រ vehicle.mpwt.gov.kh ។

ជាង​នេះទៅទៀត ​ស្លាក​លេខ​ពិសេស​ផ្ទាល់ខ្លួន​នេះ អាច​ជ្រើសរើស និង​កំណត់​ឈ្មោះ​តាម​ការ​ចង់បាន ​លើកលែងតែ​ពាក្យ​មិន​សមរម្យ ឈ្មោះ​ថ្នាក់ដឹកនាំ និង​ទីតាំង​ប្រវត្តិសាស្ត្រ៕

ដោយ៖ សិរី វឌ្ឍ

You can share this !

Loading...
អត្ថបទទាក់ទង