ក្រសួងសុខាភិបាល ប្រាប់ពលរដ្ឋ ឱ្យប្រុងប្រយ័ត្នជំងឺរលាកសួត មិនស្គាល់អត្តសញ្ញាណ ដែលទើបផ្ទុះឡើង

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានជូនដំណឹងដល់ប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះជំងឺរលាកសួតម្យ៉ាង ដែលមិនទាន់ស្គាល់អត្តសញ្ញាណ (មិនដឹងប្រភព ឬមូលហេតុ)។ បើទោះជាមិនទាន់មកដល់ប្រទេសកម្ពុជាក៏ដោយ តែការជូនដំណឹងរបស់ក្រសួងសុខាភិបាលនេះ ធ្វើឡើងបន្ទាប់ពីជំងឺមួយប្រភេទនេះ បានកើតឡើងនៅប្រទេសចិន និងបានឆ្លងមកដល់ប្រទេសថៃ។

ក្រសួងសុភិបាល បានឱ្យដឹងថា មន្ត្រីជំនាញ កំពុងតែធ្វើការតាមដានដោយយកចិត្តទុកដាក់បំផុតនៃស្ថានភាពកើតឡើងជំងឺរលាកសួតមិនទាន់ស្គាល់អត្តសញ្ញាណនេះ។  ជំងឺនេះ ត្រូវបានឃើញ និងរាយការណ៍ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន ខេត្តហ៊ុយបេ សាធារណរដ្ឋប្រជាមាណិតចិន ជាមួយរោគសញ្ញាភាគច្រើន គឺ ក្តៅខ្លួន និងមានអ្នកជំងឺខ្លះមានរោគសញ្ញាហត់ និងថតកាំរស្មីអ៊ិច បានបង្ហាញថា មានដំបៅសួតសងខាង។

លទ្ធផលទទួលបានពីមន្ទីរពិសោធន៍ បញ្ជាក់ថា ជំងឺដែលកំពុងកើតឡើងនេះ មិនមែនជាជំងឺសារSARS ឬ ជាជំងឺផ្តាសាយបក្សី ឬ ក៏ជំងឺផ្លូវដង្ហើមដទៃទៀតនោះឡើយ។ ការអង្កេតស្រាវជ្រាវដោយមន្ទីពិសោធន៍ពីប្រទេសចិន កំពុងធ្វើបន្តទៀត ដើម្បីស្វែងរកអត្តសញ្ញាណនៃជំងឺរលាកសួតដ៏ចម្លែកនេះ។

តាមរបាយការណ៍របស់អង្គសុខភាពពិភពលោក ក៏បានបង្ហាញផងដែរថា រហូតមកដល់ពេលនេះ មិនទាន់មានភស្តុតាងណាមួយ បញ្ជាក់បានថា ជំងឺនេះឆ្លងពីមនុស្សទៅមនុស្សនៅឡើយទេ ហើយក៏មិនទាន់មានការចម្លងទៅបុគ្គលិកសុខាភិបាលនោះទេ។ នៅពេលនេះ អ្នកជំនាញកំពុងតែប្រមូលព័ត៌មានអេពីដេមីសាស្ត្រ និងមន្ទីរពិសោធន៍បន្ថែមទៀត ដើម្បីកំណត់រកអត្តសញ្ញាណនៃវីរុសនេះ។

គិតត្រឹមថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ ខេត្តយូណាន បានរាយការណ៍ថា មានអ្នកជំងឺចំនួន៥៩នាក់ ដែលមានជំងឺរលាកសួតមិនស្គាលអត្តសញ្ញាណ ក្នុងនោះ មានចំនួន៧នាក់ មានជំងឺធ្ងន់ធ្ងរ ហើយអ្នកជំងឺដទៃទៀត មានស្ថានភាពហ្នឹងនរ។ បច្ចុប្បន្នអ្នកជំងឺទាំងអស់ កំពុងទទួលការព្យាបាលដោយយកចិត្តទុកដាក់ និងដាក់ឱ្យនៅដាច់ដោយឡែកពីគេ ហើយក៏មិនមានអ្នកស្លាប់នៅឡើយដែរ។ ក្នុងចំណោមអ្នកជំងឺចំនួន៥៩នាក់ អ្នកជំងឺដំបូង បានចាប់ផ្តើមឈឺនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ និងអ្នកជំងឺចុងក្រោយបង្អស់បានចាប់ផ្តើមឈឺនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩។

ការធ្វើអង្កេតអេមីដេមីសាស្ត្រ បានបង្ហាញថា អ្នកជំងឺខ្លះជាឈ្មួញកណ្តាល ឬជាអ្នកលក់ផ្ទាល់ ឬជាអ្នកបម្រើសេវាផ្ទាល់នៅផ្សាលក់គ្រឿងសមុទ្រហូណាន់ដែលជាផ្សារលក់គ្រឿងសមុទ្របោះដុំធំជាងគេក្នុងខេត្តនេះ ដែលមានតូបលក់គ្រឿងសមុទ្រជាង៦០០តូប និងមានអ្នកបម្រើការងារចំនួន១៥០០នាក់ ក្នុងនោះមានសត្វព្រៃ ក៏ត្រូវបានដាក់លក់នៅទីផ្សារនេះផងដែរ។

បច្ចុប្បន្ននេះ ក្រសួងសុខាភិបាលកម្ពុជា កំពុងបន្តតាមដានស្ថានភាពនៃជំងឺនេះនៅក្នុងតំបន់ ដោយមានការប្រឹក្សាយ៉ាងជិតស្និតជាមួយអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា ក្នុងគោលបំណងការពារទុកជាមុនការកើតឡើងជាយថាហេតុនៃជំងឺរលាកសួតមិនស្គាល់អត្តសញ្ញាណនេះ។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏អំពាវនាវដល់អ្នកធ្វើដំណើរដែលទៅ ឬ វិលត្រឡប់មកពីទីក្រុងរ៉ូហាន ខេត្តហួយបេ សាធារណរដ្ឋប្រជាមានិតចិន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយត្រូវចេះថែរក្សាសុខភាពផ្ទាល់ខ្លួន៕

ប្រសិនបើលោកអ្នក មានរោគសញ្ញាដូចជា គ្រុនក្តៅ ក្អក និងពិបាកដកដង្ហើម ទាំងក្នុងអំឡុងពេល ធ្វើដំណើរ ឬបន្ទាប់ពីការវិលត្រឡប់មកពីកន្លែងដែលបានជម្រាបខាងលើ សូមទៅជួបវេជ្ជបណ្ឌិត (នៅគ្រឹះស្ថានសុខាភិបាលសាធារណៈដែលនៅជិតបំផុតក្លាម) និងប្រាប់ព័ត៌មានដល់គ្រូពេទ្យអំពីប្រវត្តិនៃការធ្វើដំណើរ និងរោគសញ្ញារបស់លោកអ្នក។

ទោះបីជាប្រទេសកម្ពុជា មិនទាន់មានកើតជំងឺនេះ ប៉ុន្តែ ក្រសួងសុខាភិបាល បានដាក់ម៉ាស៊ីនស្កេនកំដៅ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រុងព្រះសីហនុ និងសៀមរាប និងស្រាវជ្រាវរកការសង្ស័យដោយក្រុមចត្តាឡីស័ក នៅតាមច្រកអាកាសយានដ្ឋានអន្តរជាតិ ព្រមទាំងបានត្រៀមបន្ទប់ ដាក់អ្នកជំងឺឱ្យនៅដាច់ដោយឡែក នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត មន្ទីពេទ្យខេត្តព្រះសីហនុ និងមន្ទីរពេទ្យខេត្តសៀមរាប និងត្រៀមសម្ភារបរិក្ខាពេទ្យ និងឱសថសម្រាប់ព្យាបាលផងដែរ៕

 ដោយ៖ គង់ ប៊ុនណា

You can share this !

Loading...
អត្ថបទទាក់ទង