មកស្គាល់យន្តហោះ ដែលត្រូវគេបាញ់ទម្លាក់ដោយគ្រាប់មីស៊ីល ចាប់តាំងពីឆ្នាំ១៩៧៣មក

បរទេស៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហើបពីការសង្ស័យលើឧបទ្ទវហេតុធ្លាក់យន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍អ៊ុយក្រែន ជើងហោះហើរ PS752 នៅទីក្រុងតេហេរ៉ង់ ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ ខណៈចក្រភពអង់គ្លេស និងប្រទេសកាណាដា បានទទួលព័ត៌មានថា ជើងហោះហើរនោះ បានធ្លាក់ដោយសារតែកំហុសរបស់អ៊ីរ៉ង់ ដែលច្រឡំបាញ់ទម្លាក់ដោយគ្រាប់មីស៊ីល នៅលើដែនអាកាសរបស់ខ្លួន បណ្ដាលឱ្យមនុស្សស្លាប់ ១៧៦នាក់។

ខាងក្រោមនេះ ជាការសង្ខេបហេតុការណ៍ធ្លាក់យន្តហោះ ដែលបណ្ដាលមកពីការបាញ់គ្រាប់មីស៊ីល ចាប់តាំងពីឆ្នាំ១៩៧៣មក៖

ស្លាប់ ២៩៨នាក់ អ៊ុយក្រែន៖

កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ ជើងហោះហើរម៉ាឡេស៊ី MH17 ត្រូវបានបាញ់ទម្លាក់ នៅលើដែនអាកាសដែលគ្រប់គ្រងដោយក្រុមបះបោរ នៅភាគខាងកើតប្រទេសអ៊ុយក្រែន ក្នុងពេលកំពុងហោះហើរឆ្ពោះទៅកាន់ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោយចាកចេញពីទីក្រុងអាមស្ទើដាម ប្រទេសហុល្លង់។

មនុស្សទាំង ២៩៨នាក់ នៅលើយន្តហោះប្រភេទ Boeing 777 បានស្លាប់បាត់បង់ជីវិត ក្នុងនោះ មានសញ្ជាតិហុល្លង់ច្រើនជាងគេ ១៩៣នាក់។ អាជ្ញាធរអ៊ុយក្រែន និងក្រុមបះបោរដែលគាំទ្ររុស្ស៊ី បានចោទដាក់គ្នាថា នៅពីក្រោយការបាញ់ទម្លាក់យន្តហោះនេះ។

ស្លាប់ ១១នាក់ ប្រទេសសូម៉ាលី៖

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០០៧ យន្តហោះដឹកទំនិញ Ilyushin II-76 របស់អាកាសចរណ៍ប្រទេសបេឡារូស បានធ្លាក់ដោយសារការបាញ់គ្រាប់មីស៊ីល។ យន្តហោះបានចាកចេញពីរដ្ឋធានីម៉ូហ្គាឌីស៊ូ ប្រទេសស៊ូម៉ាលី។ យន្តហោះ មានផ្ទុកវិស្វករ និងអ្នកបច្ចេកទេស សញ្ជាតិបេឡារូស ដែលបានហោះឆ្ពោះទៅកាន់បូឡារូស។

ស្លាប់ ៧៨នាក់ សមុទ្រខ្មៅ៖

នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០០១ មនុស្ស ៧៨នាក់ ភាគច្រើនជាជនជាតិអ៊ីស្រាអែល បានស្លាប់ បន្ទាប់ពីជើងហោះហើរ Sibir Tupolev-154 របស់រុស្ស៊ី បានផ្ទុះនៅលើអាកាស ពេលសំកាំងខ្លួននៅលើសមុទ្រខ្មៅ។ យន្តហោះ បានធ្វើដំណើរចាកចេញពីទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល ទៅកាន់ទីក្រុង Novosibirsk ប្រទេសរុស្ស៊ី។

បំណែកយន្តហោះ ត្រូវបានប្រទះឃើញនៅចម្ងាយប្រហែល ៣០០គីឡូម៉ែត្រ ពីតំបន់គ្រីមា ដែលជាតំបន់មានជម្លោះ។ អ៊ុយក្រែន បានអះអាងថា ពួកគេបានច្រឡំបាញ់ទម្លាក់យន្តហោះនោះ។

ស្លាប់ ២៩០នាក់ ឈូងសមុទ្រពែក្ស៖

នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ១៩៨៨ យន្តហោះដឹកអ្នកដំណើរប្រភេទ Airbus A-300 របស់អាកាសចរណ៍អ៊ីរ៉ង់ បានធ្លាក់នៅឈូងសមុទ្រពែក្ស ក្នុងដែនអាកាសរបស់អ៊ីរ៉ង់ ពេលកំពុងហោះហើរពីក្រុង Bandar Abbas ប្រទេសអ៊ីរ៉ង់ ទៅកាន់ទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម។ យន្តហោះ ត្រូវបានធ្លាក់ដោយសារការបាញ់គ្រាប់មីស៊ីលចំនួន ២គ្រាប់ ចេញពីកងទ័ពជើងទឹកអាមេរិក ដែលល្បាតនៅឈូងសមុទ្រ Hormuz ដោយយល់ច្រឡំថា ជាយន្តហោះចម្បាំងសត្រូវ។

មនុស្សទាំងអស់ ដែលនៅលើយន្តហោះបានស្លាប់។ សហរដ្ឋអាមេរិក បានផ្ដល់សំណង ១០១,៨ លានដុល្លារ ដល់ប្រទេសអ៊ីរ៉ង់។

ស្លាប់ ២៦៩នាក់ កោះ Sakhalin ៖

នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៨៣ ជើងហោះហើររបស់អាកាសចរណ៍កូរ៉េខាងត្បូង ប្រភេទ Boeing 747 ត្រូវបានយន្តហោះចម្បាំងសហភាពសូវៀត បាញ់ទម្លាក់ ព្រោះហោះខុសគន្លង។ ហេតុការណ៍នេះ មិនមានអ្នកនៅរស់រានមានជិវិតឡើយ។ សូវៀត បានដឹងនៅ ៥ថ្ងៃបន្ទាប់ពីកើតហេតុ។

ស្លាប់ ១០៨នាក់ វាលខ្សាច់ Sinai ៖

នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ១៩៧៣ ជើងហោះហើររបស់អាកាសចរណ៍លីប៊ី ប្រភេទ Boeing 727 ដែលចាកចេញពីទីក្រុង Tripoli ប្រទេសលីប៊ី ទៅកាន់ទីក្រុង Cairo ប្រទេសអេហ្ស៊ីប ត្រូវបានយន្តហោះចម្បាំងអ៊ីស្រាអែល បាញ់ទម្លាក់ នៅលើវាលខ្សាច់ Sinai ក្នុងឧបទ្ទីបអេហ្ស៊ីប។ អ្នកដំណើរ ៤នាក់ សំណាងល្អនៅរស់រានមានជីវិត ក្នុងចំណោមមនុស្ស ១១២នាក់ នៅលើយន្តហោះ។

កងទ័ពអាកាសអ៊ីស្រាអែល បានហោះស្ទាក់ជើងហោះហើរខាងលើ ដែលបានហោះលើដែនអាកាសយោធានៅ Sinai ដែលពេលនោះ គ្រប់គ្រងដោយអ៊ីស្រាអែល។ អាជ្ញាធរអ៊ីស្រាអែល បានអះអាងថា យន្តហោះចម្បាំងរបស់ខ្លួន បានសម្រេចចិត្តបាញ់ទម្លាក់យន្តហោះអ្នកដំណើរនោះ ដោយសារមិនព្រមចុះចតតាមការបញ្ជា៕

You can share this !

Loading...
អត្ថបទទាក់ទង