ក្រសួងពាណិជ្ជកម្ម៖ តម្លៃប្រេងឥន្ធនៈ នឹងមានការប្រែប្រួល ដោយមិនអាចព្យាករណ៍បាន

ភ្នំពេញ៖ យោងទៅលើស្ថានភាពទីផ្សារអន្តរជាតិបច្ចុប្បន្ន តម្លៃប្រេងឥន្ធនៈ អាចមានការប្រែប្រួលមិនអាចព្យាករណ៍បាន នេះបើយោងតាមការជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ នេះ។

ទោះបីជាយ៉ាងណាក្តី ការកើនឡើងតម្លៃប្រេងឥន្ធនៈបែបនេះ ក្រសួងពាណិជ្ជកម្ម នឹងគណនាតម្លៃប្រេង ទៅតាមការប្រកាសរបស់អន្តរក្រសួង ដែលរួមមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងរ៉ែ និងថាមពល នូវតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ទៅតាមតម្លៃទីផ្សារអន្តរជាតិ។

ក្នុងនោះ អន្តរក្រសួង ក៏បានសម្រេចប្រកាសតម្លៃលក់រាយប្រេងឥន្ធនៈរយៈពេល ១៥ថ្ងៃម្ដង ដូចអ្វីដែលបានឯកភាពគ្នា និងអនុវត្តកន្លងមក ដើម្បីរួមចំណែកដល់ស្ថិរភាពសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។

ជាមួយគ្នានោះ ក្រសួង ស្នើដល់ក្រុមហ៊ុនលក់រាយប្រេងឥន្ធនៈទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវចូលរួមសហការអនុវត្តឱ្យបានល្អ ដូចអ្វីដែលបានធ្វើកន្លងមក ឱ្យមានប្រសិទ្ធភាពខ្ពស់។

គួររម្លឹកថា នៅឆ្នាំ២០១៩ តម្លៃប្រេង-សាំងលក់រាយនៅតាមស្ថានីមានតម្លៃ ៣.៩១០រៀល សម្រាប់សាំងធម្មតា និងម៉ាស៊ូតតម្លៃ ៣.៨១៣រៀលក្នុងមួយលីត្រ។ តាមរយៈសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម កាលពីពេលថ្មីៗកន្លងទៅ បានឱ្យដឹងថា ប្រេងឥន្ធនៈនៅតាមស្ថានីយ នឹងមានការថយចុះ ចំនួន ៤សេនដុល្លារក្នុងមួយលីត្រ ដោយសាំងធម្មតានៅត្រឹម ៣,៧៥០រៀល និងម៉ាស៊ូត ៣,៦៥០រៀលក្នុង១លីត្រ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២២០២។

តែទោះជាយ៉ាងណា ដោយសារតែភាពតានតឹងរវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ ដែលជាប្រទេសផលិតប្រេងនោះ ធ្វើឱ្យតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ បានហក់ឡើងភ្លាមៗ ហើយដែលនឹងជះឥទ្ធិពលដល់តម្លៃប្រេងនៅតាមប្រទេសនានាផងដែរ៕

ដោយ៖ ហៀង រ័ត្ន

You can share this !

Loading...
អត្ថបទទាក់ទង