អគ្គនាយកដ្ឋានសុខភាពសត្វ ច្រានចោលការចោទប្រកាន់ពីសារព័ត៌មានមួយចំនួន និងចាត់ទុកជាព័ត៌មានមិនពិត

ភ្នំពេញ៖ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា មានសារព័ត៌មានមួយចំនួន បានចុះផ្សាយព័ត៌មានមិនមានការពិត ដោយបានចោទប្រកាន់លើអគ្គនាយកដ្ឋាន និងក្រសួង ដោយមិនបានស្វែងយល់ពីវិធានការ និងចំណាត់ការរបស់ក្រសួងទាក់ទងទៅនឹងចរាចរណ៍ និងចែកចាយសត្វនៅកម្ពុជា។

តាមរយៈសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី ៩ ខែមករានេះ អគ្គនាយកដ្ឋានសុខភាពសត្វ បានបញ្ជាក់ថា ចាប់ពីដើមឆ្នាំ២០១៥ ក្រសួងកសិកម្ម បានពិពិត្យឃើញថា កសិករ សមាគម និងក្រុមហ៊ុនចិញ្ចឹមសត្វនៅកម្ពុជា បានជួបប្រទះនឹងបញ្ហាធ្លាក់ចុះតម្លៃមាន់រស់យ៉ាងគំហុក ពោលគឺថ្លៃដើមផលិតក្នុងមួយគីឡូក្រាម ត្រូវចំណាយអស់ ៥.០០០រៀល តែចំពោះការលក់ចេញ មាន់រស់មានតម្លៃត្រឹមតែ ៤.៨០០រៀលក្នុងមួយគីឡូក្រាម។ ទន្ទឹមនឹងមានគម្រោងកម្មវិធីជាច្រើន តាមរយៈទទួលបានហិរញ្ញប្បទាន និងថវិកាជាតិ ជាបន្តបន្ទាប់ក្នុងការបណ្ដុះបណ្ដាលសហគមន៍ចិញ្ចឹមបក្សីនៅកម្ពុជា ហើយសមាជិកសហគមន៍សង្ឃឹមថា ទទួលបានប្រាក់ចំណូលបានគ្រប់គ្រាន់ក្នុងការដោះស្រាយជីវភាព ស្របតាមកំណើនសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន។

ដោយមើលឃើញពីសភាពការណ៍ទាំងនេះ ក្រសួងកសិកម្ម បានកាត់បន្ថយចំនួនក្រុមហ៊ុន និងចំនួនកូតានាំចូលមាន់រស់ពីបរទេស មកកាន់កម្ពុជាពី ១៣ក្រុមហ៊ុន មកត្រឹម ៧ក្រុមហ៊ុនវិញ ដែលចំនួននាំចូលពីមុន ៤៤.០០០ក្បាលក្នុងមួយថ្ងៃ មកត្រឹម ១៧.០០០ក្បាលក្នុងមួយថ្ងៃ។ ជាលទ្ធផលដែលទទួលបានក្រោយពីការកាត់បន្ថយចំនួនក្រុមហ៊ុន និងចំនួនកូតានាចូលបក្សីមកពីបរទេស បានធ្វើឱ្យតម្លៃមាន់រស់ កើនឡើងបានល្អប្រសើរពី ៦៩០០-៧៤០០រៀល ក្នុងមួយគីឡូក្រាម។

ចំពោះអ្នកចិញ្ចឹមបក្សី ប្រជាជន ក្រុមហ៊ុនចិញ្ចឹមបក្សី និងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានគាំទ្រ និងកោតសរសើរចំពោះចំណាត់ការរបស់ក្រសួងកសិកម្ម លើការកាត់បន្ថយចំនួនក្រុមហ៊ុន និងកូតានាំចូលមាន់រស់ពីបរទេស ដើម្បីលើកទឹកចិត្តដល់ផលិតកម្មចិញ្ចឹមក្នុងស្រុកគ្រប់រូបភាពក្នុងការក្សាតុល្យភាពតម្លៃ មិនប៉ះពាល់ដល់អ្នកចិញ្ចឹម និងជួយរក្សាកម្លាំងពលកម្ម និងកាត់បន្ថយការចំណាកស្រុក។

ក្រៅពីនោះ ក្រសួង បានបង្កើនទីផ្សារជូនអ្នកចិញ្ចឹមបក្សីក្នុងស្រុក និងគ្រប់គ្រងបានល្អប្រសើរនូវស្ថានភាពនៃការរាលដាលនៃជំងឺឆ្លងបក្សី ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម២០១៩-២០២៣ ដែលបានកំណត់អត្រាកំណើនផលិតផលសាច់កើន ៣% ក្នុងមួយឆ្នាំ។

តាមរយៈសេចក្តីប្រកាសព័ត៌មាននោះដែរ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សង្ឃឹមថា សារព័ត៌មាន និងក្រុមហ៊ុននាំចូលបក្សីទាំងអស់នៅកម្ពុជា នឹងបានយល់ និងសហការជាមួយមន្ត្រីជំនាញ ដើម្បីលើកស្ទួយផលិតកម្មបក្សីក្នុងស្រុកឱ្យបានល្អប្រសើរ៕

ដោយ៖ គង់ ប៊ុនណា

You can share this !

Loading...
អត្ថបទទាក់ទង