បទ​វិភាគ​៖​ ​បើ​លោក​ ​ត្រាំ​ ​ខ្ទាតចេញ​ពី​តំណែង​ ​តើ​គាត់​អាច​បន្ត​ឈរឈ្មោះ​បោះឆ្នោត​ឆ្នាំក្រោយ​បាន​ដែរ​ឬទេ​?​

កាលពី​ថ្ងៃទី១៨​ ​ខែធ្នូ​ ​ឆ្នាំ២០១៩​ ​សភា​តំណាងរាស្ត្រ​អាមេរិក​ ​បាន​បោះឆ្នោត​ដើម្បី​ដាក់​បទចោទប្រកាន់​ទៅលើ​លោ​កប្រ​ធ​នា​ធិបតី​ ​ដូ​ណាល់​ ​ត្រាំ​ ​ទាក់ទង​នឹង​ការរំលោភ​បំពាន​អំណាច​ ​និង​បង្ក​ការ​រាំងស្ទះ​ដល់​ដំណើរការ​សភា​ ​ដើម្បី​បន្ត​នីតិវិធី​ក្នុង​ការ​បញ្ជូន​បទចោទប្រកាន់​ទៅកាន់​ព្រឹទ្ធសភា​ ​ធ្វើការ​បើកសវនាការ​ទម្លាក់​លោក​ត្រាំ​ ​ចេញពី​តំណែង​ជា​ផ្លូវការ​នៅ​ខែក្រោយ​។​

​ព្រឹទ្ធសភា​ ​ដែល​គ្រប់គ្រង​ដោយ​សំឡេង​ភាគច្រើន​នៃ​គណបក្ស​សាធារណរដ្ឋ​ ​របស់​លោក​ត្រាំ​ ​អាច​នឹង​បើកសវនាការ​បោះឆ្នោត​សម្រេច​លើ​ការ​ទម្លាក់​លោក​ត្រាំ​ពី​តំណែង​ ​ក្រោយ​ការ​អនុម័ត​លើ​បទចោទប្រកាន់​របស់​សភា​តំណាងរាស្ត្រ​ ​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​។​ ​យ៉ាងណាមិញ​ ​មានការ​ចោទ​ជា​សំណួរ​ថា​ ​បើសិនជា​ ​ព្រឹទ្ធសភា​ ​បោះឆ្នោត​ព្រម​ក្នុង​ការ​ទម្លាក់​លោក​ត្រាំ​ ​ចេញពី​តំណែង​ពិតមែន​ ​តើ​គាត់​អាច​នៅ​បន្ត​ឈរឈ្មោះ​បោះឆ្នោត​សាកល​ ​ឆ្នាំ២០២០​ ​ខាងមុខនេះ​ ​បាន​ដែរ​ឬទេ​?​

​យន្តការ​នៃ​រដ្ឋធម្មនុញ្ញ​អាមេរិក​ ​ស្តី​ពី​ការចោទប្រកាន់​ប្រធានាធិបតី​ ​ត្រូវ​បាន​ចែង​ក្នុង​ជំ​ពួក​ ​២​ ​មាត្រា​ ​៤​ ​ថា​៖​ ​ប្រធានាធិបតី​ ​អនុ​ប្រធានាធិបតី​ ​និង​មន្ត្រី​ស៊ីវិល​ទាំងអស់​ ​នៃ​សហរដ្ឋអាមេរិក​ ​ត្រូវ​បាន​ដក​ពី​តំណែង​ពី​បទចោទប្រកាន់​លើ​អំពើ​ក្បត់ជាតិ​ ​ពុករលួយ​ ​និង​បទ​ព្រហ្មទណ្ឌ​ធ្ងន់ធ្ងរ​ ​និង​បទមជ្ឈិម​។​

​រដ្ឋធម្មនុញ្ញ​ ​ជំ​ពួក​ ​១​ ​មាត្រា​ ​៣​ ​បាន​ចែង​ថា​៖​ ​ការសម្រេច​លើ​ករណី​បទចោទប្រកាន់​ ​មិន​ត្រូវ​មាន​ស្ថាន​ទម្ងន់ទោស​លើស​ពី​ការ​ដកចេញ​ពី​តំណែង​ ​និង​ដកសិទ្ធិ​កាន់​តំណែង​ណាមួយ​ឡើយ​។​

​ដូច្នេះ​ ​លោក​ត្រាំ​ ​នៅតែ​អាច​បន្ត​ឈរឈ្មោះ​ ​ឬ​ឈ្នះ​ការបោះឆ្នោត​នៅ​ឆ្នាំ២០២០​ ​ទោះបីជា​ដំណើរការ​ដក​លោក​ពី​តំណែង​ទទួល​បាន​ជោគជ័យ​ក៏ដោយ​។​ ​បើសិន​ព្រឹទ្ធសភា​ ​បោះឆ្នោត​ទម្លាក់​លោក​ត្រាំ​ ​ពី​តំណែង​ ​ដោយ​សំឡេង​ ​២ភាគ៣មែន​នោះ​ ​វា​មិន​មានន័យថា​ ​លោក​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​កាន់​តំណែង​នេះ​ម្ដងទៀត​ទេ​។​ ​ប៉ុន្តែ​ ​ក្នុងករណី​ដែល​ព្រឹទ្ធសភា​ ​សម្រេច​ថា​ ​នឹង​ធ្វើការ​បោះឆ្នោត​មួយផ្សេងទៀត​ ​ដើម្បី​រារាំង​លោក​ត្រាំ​ ​មិន​ឱ្យ​ឈរឈ្មោះ​ ​ឬ​កាន់​តំណែង​នេះ​ជាថ្មី​ ​ដូច្នេះ​ ​លោក​ ​ត្រាំ​ ​ទើប​អស់សិទ្ធិ​ក្នុង​ការបោះឆ្នោត​នៅ​ឆ្នាំក្រោយ​។​ ​ករណីនេះ​ ​គឺ​មិនធ្លាប់​មាន​នោះ​ទេ​។​

​ប្រវត្តិ​សហរដ្ឋអាមេរិក​ ​បាន​បង្ហាញថា​ ​មានតែ​ប្រធានាធិបតី​ ​២រូប​ប៉ុណ្ណោះ​ ​ដែល​ធ្លាប់​ត្រូវ​បាន​ចោទប្រកាន់​ ​គឺ​លោក​ ​អេ​ន​ទ្រូ​ ​ចន​សុន​ ​នៅ​ឆ្នាំ១៨៦៨​ ​និង​លោក​ ​ប៊ី​ល​ ​គ្លី​ន​តុន​ ​នៅ​ឆ្នាំ១៩៩៩​។​ ​សម្រាប់​លោក​ ​ចន​សុន​ ​គឺ​លោក​មិន​ត្រូវ​គណបក្ស​របស់​គាត់​ ​ជ្រើសតាំង​ជា​ប្រធាន​គណបក្ស​សម្រាប់​ឈរឈ្មោះ​បោះឆ្នោត​ម្ដងទៀត​ឡើយ​ ​ខណៈ​លោក​ ​ប៊ី​ល​ ​គ្លី​ន​តុន​ ​បាន​ឈាន​ដល់​ ​២អាណត្តិ​ដែល​កំណត់​ ​ដូច្នេះ​ ​លោក​មិន​អាច​ឈរឈ្មោះ​បាន​ឡើយ​៕​

You can share this !

Loading...
អត្ថបទទាក់ទង