ដំណើររឿង​នៃ​ការ​បង្ក្រាប​ជន​ភាគ​តិ​ចមូ​ស្លី​មរ៉ូ​ហ៊ីង​យ៉ា​ ​នៅ​មីយ៉ាន់ម៉ា​

​លោកស្រី​ ​អង់​សាន​ ​ស៊ូ​ជី​ ​ទីប្រឹក្សា​រដ្ឋ​របស់​ប្រទេស​មីយ៉ាន់ម៉ា​ ​ដែល​អតីតកាល​ជា​អ្នកទោស​នយោបាយ​ ​និង​ជា​ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព​ ​កំពុង​ស្ថិតនៅ​ប្រទេស​ហុល្លង់​ ​ដើម្បី​ការពារ​រឿងក្ដី​ ​ពាក់ព័ន្ធ​អំពើ​ប្រល័យ​ពូជសាសន៍​ទៅលើ​ជនភាគតិច​កាន់សាសនា​ឥស្លាម​ ​រ៉ូ​ហ៊ីង​យ៉ា​ ​ដែល​កើតឡើង​កាលពី​ឆ្នាំ២០១៧​។​

​ការ​បង្ក្រាប​នេះ​ ​បាន​ធ្វើ​ឱ្យ​ ​រ៉ូ​ហ៊ីង​យ៉ា​ ​ប្រហែល​ ​៧៤ម៉ឺន​នាក់​ ​ដែល​ភាគច្រើន​កាន់សាសនា​ឥស្លាម​ ​ធ្វើ​ដំ​ណា​ក​ស្រុក​ ​ទៅកាន់​ប្រទេស​បង់ក្លាដេស​ ​ជាប់​មីយ៉ាន់ម៉ា​ ​ដើម្បី​គេច​ពី​អំពើ​ហិង្សា​របស់​កងកម្លាំង​យោធា​មីយ៉ាន់ម៉ា​ ​ដែល​បាន​បង្ក្រាប​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ ​នៅក្នុង​រដ្ឋ​រ៉ា​ក់​ឃីន​ ​ភាគ​ខាងលិច​ ​ក្រោយ​ហេតុការណ៍​បង្កឡើង​ដោយ​ខ្មាន់​កាំភ្លើង​មួយ​ក្រុម​ ​ដែល​បាន​វាយប្រហារ​ទៅលើ​កងកម្លាំង​សន្តិសុខ​មីយ៉ាន់ម៉ា​។​

​តុលាការ​យុត្តិធម៌​អន្តរជាតិ​ ​ICJ​ ​របស់​អង្គការសហប្រជាជាតិ​ ​បាន​កោះហៅ​លោកស្រី​ ​អង់​សាន​ ​ស៊ូ​ជី​ ​ចូល​សវនាការ​ ​ពាក់ព័ន្ធ​រឿង​ក្ដី​រ៉ូ​ហ៊ីង​យ៉ា​ ​ដែល​ត្រូវ​បាន​ដាក់ពាក្យ​បណ្ដឹង​ដោយ​ប្រទេស​ហ្គាម​បៀ​ ​ប្ដឹង​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​។​

​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ​ICC​ ​បាន​យល់ព្រម​លើ​ការស៊ើបអង្កេត​បណ្ដឹង​នៃ​អំពើ​ប្រឆាំង​នឹង​មនុស្សជាតិ​ ​ដែល​អាច​បាន​ប្រព្រឹត្ត​ដោយ​យោធា​មីយ៉ាន់ម៉ា​ ​ខណៈ​លោកស្រី​ ​អង់​សាន​ ​ស៊ូ​ជី​ ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ប្រឆាំង​នឹង​រ៉ូ​ហ៊ី​យ៉ា​ ​ដែល​ករណី​ប្ដឹង​នៅក្នុង​ប្រទេស​អាហ្សង់ទីន​។​

​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ ​បាន​ច្រានចោល​នូវ​ការចោទប្រកាន់​ពាក់ព័ន្ធ​នឹង​អំពើ​ប្រល័យ​ពូជសាសន៍​។​ ​ខាងក្រោម​នេះ​ ​ជា​រឿងរ៉ាវ​ជា​ដំណាក់កាល​ ​ចាប់ពី​ឆ្នាំ២០១៧​៖​

​-​ខែសីហា​ ​ឆ្នាំ២០១៧​៖​

​នៅ​ថ្ងៃទី២៥​ ​ខែសីហា​ ​កងទ័ព​សង្គ្រោះ​រ៉ូ​ហ៊ីង​យ៉ា​អា​រ៉ា​កាន់​ ​ឬ​ ​ARSA​ ​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ចាត់ទុកជា​អង្គការ​ភេរវកម្ម​ ​បាន​វាយប្រហារ​ប៉ុស្តិ៍​ប៉ូលិស​ជាង​ ​៣០ទីតាំង​ ​បណ្ដាល​ឱ្យ​កងកម្លាំង​សន្តិសុខ​ស្លាប់​ ​១២នាក់​។​ ​ពេល​ស្ថានភាព​កាន់តែ​អាក្រក់​ ​រ៉ូ​ហ៊ីង​យ៉ា​រាប់ពាន់​នាក់​ ​ចាប់ផ្ដើម​ភៀសខ្លួន​ ​ឆ្លង​ចូល​ទៅ​ប្រទេស​បង់ក្លាដេស​។​

​-​ខែកញ្ញា​ ​ឆ្នាំ២០១៧​៖​

​រ៉ូ​ហ៊ីង​យ៉ា​ ​កាន់តែ​ច្រើន​ ​ធ្វើការ​ភៀសខ្លួន​ទៅ​បង់ក្លាដេស​ ​បន្ទាប់​ពី​រ៉ូ​ហ៊ីង​យ៉ា​ ​២សែន​នាក់​ ​បាន​ធ្វើ​ដំ​ណា​ក​ស្រុក​ ​អំឡុង​ការ​កើតឡើង​ជាបន្តបន្ទាប់​នៃ​អំពើ​ហិង្សា​របស់​យោធា​។​ ​មានការ​លើកឡើង​ថា​ ​អំពើ​ហិង្សា​បង្កឡើង​ដោយ​យោធា​ ​និង​អ្នក​កាន់សាសនា​ព្រះពុទ្ធ​ ​នៅ​រដ្ឋ​រ៉ា​ក់​ឃីន​។​ ​អ.ស.ប​ ​ចាត់ទុក​ប្រតិបត្តិ​ការ​របស់​យោធា​មីយ៉ាន់ម៉ា​ ​នៅ​រដ្ឋ​រ៉ា​ក់​ឃីន​ ​ជា​ ​"​សៀវភៅកំណត់​ត្រា​ដែល​ជាឧទាហរណ៍​នៃ​ការបោសសម្អាត​ជនភាគតិច​"​ ​អម​ជាមួយ​រូបភាព​ផ្កាយរណប​ ​នៃ​ការ​កាប់សម្លាប់​។​

​នៅ​ថ្ងៃទី១៩​ ​ខែកញ្ញា​ ​លោកស្រី​ ​អង់​សាន​ ​ស៊ូ​ជី​ ​បាន​ធ្វើ​សេចក្ដីថ្លែង​ការណ៍​ជាលើកដំបូង​លើ​បញ្ហា​ខាងលើ​ ​ដោយ​លោកស្រី​ ​បាន​សន្យា​ថា​ ​នឹង​ចាត់វិធានការ​ទៅលើ​ជន​បង្ក​ទាំងឡាយ​ ​យក​មក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​ ​ប៉ុន្តែ​លោកស្រី​ ​បាន​បដិសេធ​ក្នុង​ការចោទប្រកាន់​ទៅលើ​កងកម្លាំង​មីយ៉ាន់ម៉ា​។​ ​លោកស្រី​បាន​បន្ថែម​ថា​ ​គាត់​បើក​ជំហរ​ចំពោះ​ការ​វិលត្រឡប់​មកវិញ​របស់​រ៉ូ​ហ៊ីង​យ៉ា​ ​ដោយដំណើរ​ការ​ត្រួតពិនិត្យ​។​

​-​ខែតុលា​ ​ឆ្នាំ២០១៧​៖​

​មេបញ្ជាការ​កងទ័ព​មីយ៉ាន់ម៉ា​ ​Min​ ​Aung​ ​Hlaing​ ​បាន​ប្រាប់​ទៅ​ឯកអគ្គ​រដ្ឋទូត​អាមេរិក​ ​Scot​ ​Marciel​ ​ថា​ ​រ៉ូ​ហ៊ីង​យ៉ា​ ​មិនមែន​ជា​ជនជាតិ​ដើម​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ឡើយ​។​

​-​ខែវិច្ឆិកា​ ​ឆ្នាំ២០១៧​៖​

​លោកស្រី​ ​អង់​សាន​ ​ស៊ូ​ជី​ ​បាន​ធ្វើទស្សនកិច្ច​ជាលើកដំបូង​ទៅកាន់​រដ្ឋ​រ៉ា​ក់​ឃីន​ ​បន្ទាប់ពី​ការ​បង្ក្រាប​ ​និង​ជំរុញ​ឱ្យ​ប្រជាជន​ ​កុំ​ឈ្លោះ​គ្នា​។​

​-​ខែធ្នូ​ ​ឆ្នាំ២០១៧​៖​

​ថ្នាក់ដឹកនាំ​កំពូល​ផ្នែក​សិទ្ធិមនុស្ស​ ​UN​ ​បាន​ព្រមាន​ពី​អំពើ​ប្រល័យ​ពូជសាសន៍​ ​នៅ​រដ្ឋ​រ៉ា​ក់​ឃីន​ ​និង​ស្នើ​ឱ្យ​មានការ​ស៊ើបអង្កេត​អន្តរជាតិ​។​ ​អ្នកកាសែត​ ​២នាក់​របស់​ ​Reuters​ ​ត្រូវ​បាន​ឃាត់ខ្លួន​ ​ពាក់ព័ន្ធ​នឹង​ការ​រាយការណ៍​ចំពោះ​អំពើ​សម្លាប់រង្គាល​ទៅ​លើ​រ៉ូ​ហ៊ីង​យ៉ា​។​ ​ក្រោយមក​ ​សហរដ្ឋអាមេរិក​ ​បាន​ដាក់ទណ្ឌកម្ម​លើ​បុគ្គល​ ​១៣នាក់​ ​ដែល​មានសមត្ថកិច្ច​លើ​ការ​បង្ក្រាប​នេះ​។​

​-​ខែមករា​ ​ឆ្នាំ២០១៨​៖​

​យោធា​ ​បាន​អះអាង​ថា​ ​ពួកគេ​បាន​សម្លាប់​ជន​មូស្​លីម​ ​១០នាក់​ ​នៅ​ភូមិ​ ​Inn​ ​Din​ ​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​។​ ​សព​របស់​ពួកគេ​ ​ត្រូវ​បាន​កប់​ក្នុង​ផ្នូរខ្មោច​ដ៏​ធំ​មួយ​។​

​-​ខែមីនា​ ​ឆ្នាំ២០១៨​៖​

​យោធា​មីយ៉ាន់ម៉ា​ ​បាន​សាងសង់​មូលដ្ឋាន​នៅក្នុង​ភូមិឋាន​របស់​រ៉ូ​ហ៊ីង​យ៉ា​ ​និង​យក​ព្រះវិហារ​ធ្វើជា​មូលដ្ឋាន​។​

​-​ខែមេសា​ ​ឆ្នាំ២០១៨​៖​

​មីយ៉ាន់ម៉ា​ ​ដាក់គុក​ទាហាន​ ​៧នាក់​ ​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​នៅ​ភូមិ​ ​Inn​ ​Din​ ​។​ ​ចំណែក​ ​អ្នកកាសែត​ ​Reuters​ ​កំពុង​ប្រឈម​នឹង​រឿងក្ដី​បំពានច្បាប់​ ​និង​ត្រូវ​ឱ្យ​ជាប់គុក​ ​៧ឆ្នាំ​។​

​-​ខែកក្កដា​ ​ឆ្នាំ២០១៨​៖​

​មីយ៉ាន់ម៉ា​ ​បាន​បង្កើត​គណៈកម្មាធិការ​មួយ​ ​ទទួលបន្ទុក​ការងារ​ស៊ើបអង្កេត​ទាក់ទង​នឹង​សិទ្ធិមនុស្ស​ ​នៅ​រដ្ឋ​រ៉ា​ក់​ឃីន​។​

​-​ខែសីហា​ ​ឆ្នាំ២០១៨​៖​

​អ្នកស៊ើប​អង្កេត​ ​UN​ ​ស្នើ​ឱ្យ​មានការ​ចោទប្រកាន់​ទៅលើ​មន្ត្រី​ជាន់ខ្ពស់​មីយ៉ាន់ម៉ា​ ​ដែល​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍​ ​រួមមាន​ ​ការ​សម្លាប់​ ​និង​ ​ការរំលោភ​សេពសន្ថវៈ​លើ​រ៉ូ​ហ៊ី​យ៉ា​។​ ​សាក្សី​ ​និង​ជនរងគ្រោះ​ ​៨៧៥នាក់​ ​បាន​ផ្ដល់​កិច្ច​សម្ភាស​ជាមួយ​កាសែត​។​

​-​ខែតុលា​ ​ឆ្នាំ២០១៨​៖​

​ប្រធាន​បេសកកម្ម​ស្វែងរក​ការពិត​របស់​ ​UN​ ​នៅ​មីយ៉ាន់ម៉ា​ ​លោក​ ​Marzuki​ ​Darusman​ ​បាន​លើកឡើង​ថា​ ​រ៉ូ​ហ៊ីង​យ៉ា​ ​ដែល​កំពុង​រស់នៅ​មីយ៉ាន់ម៉ា​ ​បាន​រង​នូវ​ការឈឺចាប់​យ៉ាង​ខ្លាំង​ពី​ការគាបសង្កត់​ ​និង​រឹត​បន្ដឹង​។​

​-​ខែមីនា​ ​ឆ្នាំ២០១៩​៖​

​យោធា​មីយ៉ាន់ម៉ា​ ​លើកឡើង​ថា​ ​ពួកគេ​បាន​បង្កើត​តុលាការយោធា​មួយ​ ​ដើម្បី​ស៊ើបអង្កេត​លើ​ទង្វើ​កាលពី​ឆ្នាំ២០១៧​។​

​-​ខែឧសភា​ ​ឆ្នាំ២០១៩​៖​

​អ្នកកាសែត​ ​Reuters​ ​ទាំងពីរ​ ​ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព​។​ ​ប៉ុន្មាន​ថ្ងៃក្រោយ​មក​ទា​ហានដែល​ជាប់គុក​ ​ក្នុងករណី​នៅ​ភូមិ​ ​Inn​ ​Din​ ​ក៏​ត្រូវ​បាន​ដោះលែង​ដូចគ្នា​។​

​-​ខែកញ្ញា​ ​ឆ្នាំ២០១៩​៖​

​របាយការណ៍​របស់​ ​UN​ ​បានឱ្យ​ដឹង​ថា​ ​រ៉ូ​ហ៊ីង​យ៉ា​ ​ដែល​នៅ​សេសសល់​នៅ​មីយ៉ាន់ម៉ា​ ​កំពុង​រស់នៅ​ក្នុង​ស្ថានភាព​ដែល​មានការ​រើសអើង​ស្អប់ខ្ពើម​ ​ហើយ​ប្រឈមមុខ​ហានិភ័យ​នៃ​ការ​កាប់សម្លាប់​។​


​-​ខែវិច្ឆិកា​ ​ឆ្នាំ២០១៩​៖​

​សម្ពាធ​អន្តរជាតិ​លើ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ ​បាន​កើនឡើង​ ​នៅពេល​ដែល​ប្រទេស​ហ្គាម​បៀ​ ​បាន​ដាក់ពាក្យ​បណ្ដឹង​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ ​ICJ​ ​ហើយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ​ICC​ ​ថា​ ​នឹង​បើក​ការស៊ើបអង្កេត​មួយ​។​ ​លោកស្រី​ ​អង់​សាន​ ​ស៊ូ​ជី​ ​ត្រូវ​ចោទប្រកាន់​ពាក់ព័ន្ធ​បទ​ប្រឆាំង​នឹង​រ៉ូ​ហ៊ីង​យ៉ា​ ​ដែល​រឿងក្ដី​កើតឡើង​ក្នុង​ប្រទេស​អាហ្សង់ទីន​។​ ​លោកស្រី​ ​បាន​ប្រកាស​ថា​ ​គាត់​នឹង​ដឹកនាំ​ប្រតិភូ​មីយ៉ាន់ម៉ា​ ​ទៅកាន់​ទីក្រុង​ឡា​អេ​ ​ប្រទេស​ហុល្លង់​ ​ដើម្បី​ការពារប្រទេស​មីយ៉ាន់ម៉ា​ពី​ការចោទប្រកាន់​នូវ​អំពើ​ប្រល័យ​ពូជសាសន៍​៕​

You can share this !

Loading...
អត្ថបទទាក់ទង