អភិបាលខេត្ត​កណ្តាល​ ​ព្រលះ​ ​លោកស្រី​ឧកញ៉ា​ ​សៀង​ ​ចាន់​ហេង​ ​រឿង​កប៉ាល់​ថ្ម​ ​អត់ច្បាប់​

កណ្តាល​៖​ ​អភិបាលខេត្ត​កណ្តាល​ ​លោក​ ​ម៉ៅ​ ​ភិរុណ​ ​បាន​ព្រលះ​លោកស្រី​ ​ឧកញ៉ា​ ​សៀង​ ​ចាន់​ហេង​ ​ថា​ ​កប៉ាល់​ថ្ម​ដ៏​ធំ​តាម​បណ្តោយ​មាត់ទន្លេ​ក្រុង​តាខ្មៅ​របស់​លោកស្រី​ ​សៀង​ ​ចាន់​ហេង​ ​ជា​សំណង់​អត់មាន​ច្បាប់​ ​ហើយ​បាន​រំលោភ​លើ​ដី​ចំណី​ទន្លេ​ជា​យូរណាស់​មក​ហើយ​។​

​ការ​ចេញ​ប្រតិកម្ម​យ៉ាង​ខ្លាំង​របស់​អភិបាលខេត្ត​រូប​នេះ​ ​គឺ​បន្ទាប់ពី​លោកស្រី​ឧកញ៉ា​ ​សៀង​ ​ចាន់​ហេង​ ​អគ្គ​នាយិកា​ក្រុមហ៊ុន​ ​ហេង​ ​អភិវឌ្ឍន៍​ ​បាន​ចោទប្រកាន់​អាជ្ញាធរ​ខេត្តកណ្តាល​ ​ថា​ ​មិនបាន​យកចិត្ត​ទុកដាក់​ចាត់វិធានការ​ ​លើ​សាឡង់​បូម​ខ្សាច់​គ្មាន​ច្បាប់​ជាច្រើន​គ្រឿង​ ​ដែល​កំពុង​ធ្វើសកម្មភាព​ប៉ះពាល់​ដល់​សំណង់​ស្ពាន​ព្រែក​សំរោង​ ​ក្រុង​តាខ្មៅ​ ​ដែល​ជា​ស្ពាន​ឆ្លងទន្លេ​បាសាក់​របស់​ជាតិ​ ​ពិសេស​ជា​ស្ពាន​ដែល​បាន​មក​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ ​សម្រាប់​បម្រើ​ប្រយោជន៍​សាធារណៈ​។​

​ជា​ការ​ឆ្លើយតប​ ​លោក​ ​ម៉ៅ​ ​ភិរុណ​ ​អភិបាលខេត្ត​កណ្តាល​ ​បាន​អះអាង​នៅ​ថ្ងៃទី​ ​៦​ ​ខែធ្នូ​នេះ​ថា​ ​សាឡង់​បូម​ខ្សាច់​ជាច្រើន​គ្រឿង​ ​ធ្វើសកម្មភាព​តាម​ទន្លេបាសាក់​ ​គឺ​មានច្បាប់​ត្រឹមត្រូវ​ទាំងអស់​ពី​ក្រសួង​រ៉ែ​ ​និង​ថាមពល​ ​ដើម្បី​ធ្វើការ​បូម​ខ្សាច់​ ​ព្រោះ​ទឹក​គោក​ ​មិន​អាច​បើកបរ​ ​ដឹកជញ្ជូន​អ្វី​បាន​នោះ​ទេ​ ​។​

​លោក​អភិបាលខេត្ត​កណ្តាល​ ​បន្ត​ថា​ ​ផ្ទុយទៅវិញ​ ​គឺ​ ​កប៉ាល់​ថ្ម​ដ៏​ធំ​របស់​លោកស្រី​ឧកញ៉ា​ ​សៀង​ ​ចាន់​ហេង​ ​ទៅវិញ​ទេ​ ​ដែល​អត់មាន​ច្បាប់​ ​ហើយ​បាន​សង់​រំលោភ​លើ​ដី​ចំណី​ទន្លេ​ជា​យូរណាស់​មក​ហើយ​ ​តាំងពី​លោក​មិនទាន់​កាន់​ដំណែង​ជា​អភិបាលខេត្ត​កណ្តាល​មក​ម្ល៉េះ​ ​។​

​សូម​រម្លឹក​ថា​ ​លោកស្រី​ឧកញ៉ា​ ​សៀង​ ​ចាន់​ហេង​ ​បាន​សរសេរ​តាម​ហ្វេ​សប៊ុ​ក​ ​កាលពី​ថ្ងៃទី៥​ ​ខែធ្នូ​ ​ម្សិលមិញ​នេះ​ ​ថា​ ​“​សុំទោស​ ​ដោយ​មិន​អាច​ស៊ូ​ខាំមាត់​បន្ត​ទៀត​បាន​ ​ព្រោះ​សាឡង់​បូម​ខ្សាច់​ទាំងអស់​នោះ​ ​ធ្វើអាជីវកម្ម​ ​នៅ​ជិត​ស្ពាន​ឆ្លងទន្លេ​បាសាក់​ ​រយៈពេល​ជាង៣ឆ្នាំ​ហើយ​ ​ហើយ​នៅ​រសៀល​ថ្ងៃទី៥​ ​ធ្នូ​ ​អត់ធ្មត់​បន្ត​ទៀត​លែង​បាន​ ​ដោយ​កប៉ាល់​បូម​ខ្សាច់​ ​ជាប្រចាំ​នៅក្នុង​សង្កាត់​តាខ្មៅ​ ​ក្រុង​តាខ្មៅ​ ​ខេត្តកណ្តាល​ ​ដែល​ជាហេតុ​ ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សំណង់​ស្ពាន​ព្រែក​សំរោង​”​។​

​លោកស្រី​ ​សៀង​ ​ចាន់​ហេង​ ​បន្ត​ថា​ ​“​តើ​អស់លោក​ដែល​ជា​ម្ចាស់​អាជីវកម្ម​បូម​ខ្សាច់​នេះ​ ​ដែល​ជា​របស់​អស់លោក​ ​មានបាន​គិតដល់​ផលប្រយោជន៍​របស់​សង្គមជាតិ​ទេ​ ​តើ​ការ​ធ្វើអាជីវកម្ម​របស់​អស់លោក​ ​មានច្បាប់​អនុញ្ញាត​ដែរ​ឬទេ​ ​ប្រសិនបើ​មានច្បាប់​អនុ​ញាត​មែន​នោះ​ ​សុំ​ ​លោក​អភិបាលខេត្ត​កណ្តាល​ ​មេត្តា​ជួយ​ពិនិត្យ​ឡើងវិញ​ផង​។​ ​តែបើ​តាម​ដឹង​ ​ការ​បូម​ខ្សាច់​នេះ​ ​គឺ​គ្មាន​ច្បាប់​ទេ​ ​ព្រោះ​កន្លងមក​ ​អស់លោក​ ​ច្រើនតែ​ប្រើពាក្យ​ថា​ ​បូម​សំអាត​ទន្លេ​?​”​។​

​ជាមួយគ្នា​នេះ​ ​អគ្គ​នាយិកា​ក្រុមហ៊ុន​ ​ហេង​ ​អភិវឌ្ឍន៍​ ​រូប​នេះ​ ​ថ្លែង​ថា​ ​ប្រសិនបើ​អាច​បញ្ឈប់​បាន​គួរតែ​បញ្ឈប់​ការ​បូម​យក​ខ្សាច់​ចំណុច​នេះ​ទៅ​ ​ហើយ​ត្រូវ​ទៅ​រក​ទីកន្លែង​ដែល​មិន​ប៉ះពាល់​ដល់​ ​ប្រយោជន៍ជាតិ​ ​និង​ប្រយោជន៍​អ្នកដទៃ​៕​

ដោយ៖ គន្ធ តារាវិឆ័យ

You can share this !

Loading...
អត្ថបទទាក់ទង