បទ​វិភាគ​៖​ ​លទ្ធផល​បោះឆ្នោត​ថ្ងៃ២៤វិច្ឆិកា​ ​បន្ថែម​សម្ពាធ​លើ​ការសម្រេច​ជ្រើសតាំង​មេដឹកនាំ​ថ្មី​នៅ​ហុងកុង​

​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​របស់​បេក្ខជន​ដែល​គាំទ្រ​ប្រជាធិបតេយ្យ​ ​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ខណ្ឌ​ ​នៅ​ទីក្រុង​ហុងកុង​ ​កាលពី​ថ្ងៃអាទិត្យ​ ​ទី២៤​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៩​ ​បាន​ផ្ដល់​សំឡេង​បន្ថែម​ទៀត​ ​សម្រាប់​ក្រុម​អ្នក​តវ៉ា​ ​ដែល​ចង់បាន​មេដឹកនាំ​ថ្មី​ដែល​គិតគូរ​ពី​ផលប្រយោជន៍​ប្រជាជន​ហុងកុង​ជាធំ​។​

​លទ្ធផល​បឋម​ពី​ការរាប់​សន្លឹកឆ្នោត​បង្ហាញថា​ ​បេក្ខជន​ដែល​គាំទ្រ​ប្រជាធិបតេយ្យ​ ​នឹង​ក្លាយជា​អភិបាលខណ្ឌ​ចំនួន១៧​ ​នៃ​ខណ្ឌ​ទាំង១៨​ ​នៅ​ទីក្រុង​មួយ​នេះ​។​ ​លទ្ធផល​នេះ​ ​មានន័យថា​ ​ទីក្រុង​ដែល​ធ្លាប់តែ​គ្រប់គ្រង​ដោយ​បេក្ខជន​ដែល​មាន​និន្នាការ​ទៅ​ខាង​ទីក្រុង​ប៉េកាំង​ទាំងស្រុង​ ​នឹង​ត្រូវ​ធ្លាក់​ក្រោម​ការគ្រប់គ្រង​របស់​អ្នក​ប្រជាធិបតេយ្យ​វិញ​។​

​ជោគជ័យ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ខណ្ឌ​ ​ដោយ​ការ​ដណ្ដើមយក​ទីក្រុង​ហុងកុង​ប្រហែល​ ​៩០​%​ ​មក​គ្រប់គ្រង​នេះ​ ​បាន​ផ្ដល់​នូវ​សំឡេង​បន្ថែម​ទៀត​សម្រាប់​ហុងកុង​ ​នៅក្នុង​ការសម្រេច​លើ​ជោគវាសនា​របស់​មេដឹកនាំ​ថ្មី​របស់​ខ្លួន​ ​ដែល​នឹង​ស្នង​តំណែង​មេដឹកនាំ​ហុងកុង​ ​លោកស្រី​ ​ខា​រី​ ​ឡាម​ ​ក្នុង​ការបោះឆ្នោត​តែងតាំង​នៅ​ឆ្នាំ២០២២​ ​ដោយ​គណៈកម្មាធិការ​តំណាង​។​ ​សំឡេង​ខាង​ប្រជាធិបតេយ្យ​ ​នឹង​កើន​ដល់​ ​១១៧នាក់​ ​នៃ​គណៈកម្មាធិការ​តំណាង​ដែល​មាន​សមាជិក​ចំនួន​ ​១២០០នាក់​ ​នៅ​ឯ​ទីក្រុង​ប៉េកាំង​។​ ​ទោះបី​នេះ​ជា​សំឡេង​ដ៏​តិចតួច​ក្ដី​ ​ក៏​យ៉ាងហោចណាស់​ ​វា​នឹង​មានការ​ជជែកគ្នា​ច្រើនជាង​មុន​ ​នៅក្នុង​ការសម្រេច​តែងតាំង​មេដឹកនាំ​ថ្មី​នៅ​ហុងកុង​ ​ដែល​ត្រូវ​អនុលោម​ទៅតាមច្បាប់​មូលដ្ឋាន​របស់​ទីក្រុង​ហុងកុង​។​

​សមាជិក​ទាំង​ ​១២០០នាក់​ ​នៃ​គណៈកម្មាធិការ​តំណាង​ ​រួមមាន​ ​តំណាង​ពី​វិស័យ​ឧស្សាហកម្ម​ ​តំណាង​បុគ្គលិក​កម្មករ​ ​អង្គការ​សាសនា​ ​និង​តំណាង​ហុងកុង​នៅ​សន្និសីទ​ពិគ្រោះ​យោបល់​នយោបាយ​នៃ​ប្រទេស​ចិន​។​ ​ពួកគេ​ ​ជា​អ្នកបោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ថ្មី​របស់​ហុងកុង​ ​ដែល​មាន​តួនាទី​ក្នុង​ការសម្រេច​លើ​ជោគវាសនា​របស់​ប្រជាជន​ហុងកុង​ប្រមាណ​ ​៧,៨លាន​នាក់​។​

​លោកស្រី​ ​ខា​រី​ ​ឡាម​ ​មេដឹកនាំ​ហុងកុង​បច្ចុប្បន្ន​ ​បាន​ថ្លែង​ក្រោយ​ដឹង​លទ្ធផល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ខណ្ឌ​ ​កាលពី​ថ្ងៃទី២៤​ ​ខែវិច្ឆិកា​ថា​ ​មានការ​វិភាគ​ ​និង​បក​ស្រាយ​ផ្សេង​ៗ​គ្នា​ ​ពាក់ព័ន្ធ​នឹង​លទ្ធផល​បោះឆ្នោត​ ​ហើយ​មតិ​មួយចំនួន​ ​បាន​លើកឡើង​ពី​ការ​មិន​ពេញចិត្ត​ចំពោះ​ស្ថានភាព​នា​ពេល​បច្ចុប្បន្ន​ ​និង​បញ្ហា​ដែល​បាន​ចាក់ឫស​យ៉ាង​ជ្រៅ​ក្នុង​សង្គម​ហុងកុង​។​ ​លោកស្រី​បន្ថែម​ថា​ ​រដ្ឋបាល​របស់​គាត់​ ​នឹង​ព្យាយាម​ទទួលយក​នូវ​មតិ​របស់​សមាជិក​ដែល​តំណាង​ឱ្យ​សាធារណជន​ ​ដើម្បី​យក​មក​ពិគ្រោះ​យ៉ាង​យកចិត្ត​ទុកដាក់​បំផុត​។​

​សម្ពាធ​ ​នឹង​ត្រូវ​ធ្លាក់​លើ​លោកស្រី​ ​ខា​រី​ ​ឡាម​ ​ដែល​ត្រូវ​ស្វែងរក​តាក់​ទិច​ ​និង​ដំណោះស្រាយ​ទៅលើ​ ​"​ការ​ទាមទារ​ទាំង៥ចំណុច​"​ ​ដែល​សម្រេច​បាន​មួយ​ចំណុច​រួចហើយ​ ​របស់​ចលនា​បាតុកម្ម​ ​រួមមាន​៖​ ​ការ​ដកចេញ​សេចក្ដីព្រាង​ច្បាប់​បត្យាប័ន​ ​(​ទទួលជោគជ័យ​)​,​ ​ការ​ស្នើ​ឱ្យ​ស៊ើបអង្កេត​ទៅលើ​ទង្វើ​ឃោរឃៅ​របស់​កងកម្លាំង​ប៉ូលិស​ចំពោះ​បាតុករ​,​ ​បញ្ឈប់​ការ​ចាត់ទុកជា​ ​"​កុបកម្ម​"​,​ ​ដោះលែង​បាតុករ​ដែល​ត្រូវ​បាន​ឃុំឃាំង​ ​និង​ ​ការ​ពន្យល់​លើ​ការបោះឆ្នោត​ជ្រើសតាំង​មេដឹកនាំ​ ​និង​ក្រុមប្រឹក្សា​នីតិ​បញ្ញត្តិ​ ​នៅ​ហុងកុង​៕​

You can share this !

Loading...
អត្ថបទទាក់ទង