ភ្នំពេញ៖ លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បានគូសបញ្ជាក់ថា ការប្រមូលចំណូល និងការអនុវត្តចំណាយ នៅបន្តមានសុខភាពល្អធៀបនឹងឆ្នាំមុនៗ និងនៅរក្សាបាននិន្នាការល្អប្រសើរទៅតាមការគ្រោងទុក។
ការគូសបញ្ជាក់នេះ ខណៈដែលលោកឧបនាយករដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងក្រុមការងារបច្ចេកទេស នៅថ្ងៃទី ២០ ខែវិច្ឆិកានេះ។
កិច្ចប្រជុំនេះ ផ្តោតសំខាន់លើការត្រួតពិនិត្យតាមដានវឌ្ឍនភាព នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដែលបានអនុវត្តក្នុងដំណាក់កាលទី៣ ប្រចាំត្រីមាសទី៣ ឆ្នាំ ២០១៩ ។
តាមរយៈរបាយការណ៍ រហូតមកដល់ត្រីមាសទី៣ នេះ គ្រប់ផ្នែកនៃផែនការសកម្មភាពរួមនៃការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅបន្តមានវឌ្ឍនភាពល្អ និងវិជ្ជមាន ។ ក្នុងរយៈពេល ៩ខែនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលចំណូលថវិការដ្ឋសរុបប្រមាណ ១៩ ១២៥ ប៊ីលានរៀល ស្មើនឹង ៩០% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០១៩ ។
ការអនុវត្តផែនការប្រមូលចំណូលប្រចាំត្រីមាសទី ៣ បង្ហាញថា ទិន្នផលចំណូលបានពីការប្រមូលដោយពន្ធគយនិងរដ្ឋាករ មានប្រមាណ ៤៩%, ពន្ធដារ មានប្រមាណ ៣២%, ចំណូលមិនមែនសារពើពន្ធ មានប្រមាណ ១២% និងចំណូលផ្សេងៗប្រមាណ ៦% ។
រីឯការអនុវត្តចំណាយ ស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រងបានតាមច្បាប់ជាធរមាន។ សម្រាប់ការអនុវត្តសកម្មភាពនៃការងារកែទម្រង់ ទាំងក្របខ័ណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជា ក្របខ័ណ្ឌក្រសួង-ស្ថាប័ន កំពុងបន្តមានវឌ្ឍនភាពល្អប្រសើរ ដែលត្រូវបានរំពឹងទុកថាអាចសម្រេចបានគោលដៅប្រចាំឆ្នាំ ។
ទោះបីជាស្ថានភាពល្អក៏ដោយ ក៏លោកឧបនាយករដ្ឋមន្រ្តី បានណែនាំឱ្យអនុវត្តកិច្ចការគន្លឹះៗមួយចំនួនទៀត ក្នុងនោះ ត្រូវបន្តពង្រឹងក្នុងការអនុវត្ត កសាង និងរៀបចំបញ្ចប់ រួមមាន៖ ការរៀបចំបញ្ចប់លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ, ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ, ផែនការសកម្មភាពលម្អិតសម្រាប់អនុវត្តយុទ្ធសាស្ត្រគន្លឹះៗនានា ដូចជា យុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ ឆ្នាំ ២០១៩-២០២៥, យុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ ២០១៩-២០២៥, យុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣, និងអនុក្រឹត្យស្តីពីការគ្រប់គ្រងគម្រោងវិនិយោគសាធារណៈជាដើម ។
លោកអគ្គបណ្ឌិតសភាចារ្យ ក៏បានផ្តល់អនុសាសន៍ណែនាំបន្ថែមលើការពង្រឹងសមត្ថភាពមន្ត្រី ដោយត្រូវគិតគូររៀបចំឱ្យបានគ្រប់ជ្រុងជ្រោយ តាមរយៈការបន្តបណ្តុះបណ្តាលដែលជាក់លាក់ ប្រកបដោយគុណភាព ក៏ដូចជាបំពាក់ជំនាញច្បាស់លាស់ និងប្រើប្រាស់ធនធានដែលបានបណ្តុះបណ្តាលឱ្យត្រូវតាមតួនាទី និងភារកិច្ច និងជំនាញនីមួយៗ៕
ដោយ៖ សិរី វឌ្ឍ