មេ​សហជីព​ ​ចោទ​ក្រុម​និយោជក​ ​ថា​ ​មិន​ចង់​អនុវត្ត​ច្បាប់​របប​សន្តិសុខ​សង្គម​ ​និង​លើក​ហេតុ​ផល​ដដែល​ៗ​

ភ្នំពេញ​៖​ ​ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា​ ​លោក​ ​ប៉ាវ​ ​ស៊ី​ណា​ ​បាន​រិះគន់​ចំពោះ​ការ​ស្នើ​សុំ​ពន្យា​ពេល​អនុវត្ត​ច្បាប់​ ​ស្តី​ពី​របប​សន្តិសុខ​សង្គម​ ​ផ្នែក​ប្រាក់​សោធន​ ​ពីសំណាក់​ក្រុម​និយោជក​ ​ដោយ​ចាត់ទុក​ការ​ស្នើ​នោះ​ ​ថា​ជា​រឿង​ដដែល​ៗ​ ​ដែល​ក្រុម​និយោជក​ ​តែង​លើកយក​មក​ធ្វើជា​លេស​ ​មិន​ចង់​អនុវត្ត​ច្បាប់​នេះ​តែប៉ុណ្ណោះ​។​

​លោក​ ​ប៉ាវ​ ​ស៊ី​ណា​ ​បាន​លើកឡើង​ថា​ ​ទាំង​ការដំឡើង​ប្រាក់ឈ្នួល​ ​និង​ប្រាក់​អ​ត្ថ​ប្រ​យោ​ជ​ផ្សេង​ៗ​សម្រាប់​កម្មករ​ ​កម្មការិនី​ ​ជា​រៀងរាល់​លើក​ ​ក្រុម​និយោជក​ ​មិនដែល​មាន​ឆន្ទៈ​ម្ដងណា​ឡើយ​ ​ដោយ​លើក​ហេតុផល​មិន​ចេះ​ចប់​ ​និង​ហេតុ​ផល​ដដែល​ៗ​។​ ​លោក​ ​ថា​ ​វា​សម​ល្មម​ដល់ពេល​ ​ដែល​នឹង​យក​ច្បាប់​របប​សន្តិសុខ​សង្គម​នេះ​ ​ទៅ​អនុវត្ត​ហើយ​ ​ខណៈ​ដែល​រាជរដ្ឋាភិបាល​ ​ក៏បាន​ទុក​ឱ​កាស់​សម្រាប់​ក្រុម​និយោជក​ ​ក៏​ច្រើនណាស់​ដែរ​។​

​សូម​បញ្ជាក់​ថា​ ​បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​ ​(​GMAC​)​ ​ដែល​តំណាង​និយោជក​ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​ ​និង​វាយនភណ្ឌ​ ​បាន​ស្នើសុំ​ឱ្យ​ក្រសួង​ពន្យារពេល​ការអនុវត្ត​ច្បាប់​របប​សន្តិសុខ​សង្គម​ ​ផ្នែក​ប្រាក់​សោធន​ ​ដោយមាន​ការ​ព្រួយបារម្ភ​ថា​ ​វា​នឹង​ដាក់​សម្ពាធ​ហិរញ្ញវត្ថុ​ទៅលើ​និយោជក​។​

​GMAC​ ​បាន​ថ្លែង​ថា​ ​និយោជក​ ​ស្វាគមន៍​ច្បាប់​ថ្មី​ស្តី​ពី​របប​សន្តិសុខ​សង្គម​ដែល​លើកកម្ពស់​សុខុមាលភាព​សង្គម​ ​និង​ការ​ការពារ​ប្រសើរ​ជាង​មុន​ ​ប៉ុន្តែ​ក្រុម​និយោជក​ ​ស្នើសុំ​ឱ្យ​ពន្យារពេល​ការអនុវត្ត​ច្បាប់​របប​សោធន​។​ ​GMAC​ ​លើកឡើង​ថា​ ​៖​ ​«​និយោជក​មានការ​បារម្ភ​យ៉ាង​ខ្លាំង​ថា​ ​ការ​ចូល​ជា​ធរ​មា​នភ្លាមៗ​នៃ​ការអនុវត្ត​របប​សោធន​ ​នឹង​ដាក់​សម្ពាធ​ហិរញ្ញវត្ថុ​ទៅលើ​ខាង​និយោជក​ ​ខណៈ​ក្រុមហ៊ុន​មួយចំនួន​ ​មិនទាន់​បាន​រៀបចំផែនការ​ហិរញ្ញវត្ថុ​របស់​ពួកគេ​សម្រាប់​ឆ្នាំក្រោយ​ ​ហើយ​និយោជក​ខ្លះ​ ​នៅ​មិនទាន់​បានដឹង​អំពី​ការអនុវត្ត​របប​សោធន​នៅពេល​ខាងមុខ​»​។​

​សូម​បញ្ជាក់​ថា​ ​ច្បាប់​ស្តី​ពី​របប​សន្តិសុខ​សង្គម​ ​មាន​ ​១១ជំពូក​ ​និង១០៧មាត្រា​ ​ដែល​ចែក​ជា​ ​៤​ ​ផ្នែក​ ​គឺ​ផ្នែក​ប្រាក់​សោធន​ ​ផ្នែក​ថែទាំ​សុខភាព​ ​ផ្នែក​ហានិភ័យ​ការងារ​ ​និង​ផ្នែក​និកម្មភាព​ការងារ​។​ ​ច្បាប់​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ធានា​ឱ្យ​មាន​សមធម៌​ ​សាមគ្គីធម៌​សង្គម​ ​និង​លើកកម្ពស់​ ​សុខុមាលភាព​ ​និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​។​

​ទាក់ទង​នឹង​បញ្ហា​នេះ​ ​សារព័ត៌មាន​ ​Click​ ​News​ ​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​លោក​ ​ហេង​ ​សួរ​ ​អ្នកនាំពាក្យ​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​បានទេ​នៅ​ថ្ងៃនេះ​។​ ​ប៉ុន្តែ​បើ​តាម​លោក​ ​ប៉ាវ​ ​ស៊ី​ណា​ ​បានឱ្យ​ដឹង​ថា​ ​នៅ​ថ្ងៃទី២២​ ​ខែវិច្ឆិកា​ ​ភាគី​ពាក់​ព័ន្​ឋ​ ​មាន​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​ក្រុម​និយោជក​ ​និង​ក្រុម​សហជីព​ ​នឹង​ធ្វើការ​ជួប​ប្រជុំ​ពិភាក្សា​គ្នា​ ​រក​ដំណោះស្រាយ​អំពី​បញ្ហា​នេះ​។​

​ ​លោក​ ​ហេង​ ​សួ​ ​ ​បានឱ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​ច្បាប់​ស្តី​ពី​របប​សន្តិសុខ​សង្គម​ ​បាន​ចូលជាធរមាន​ ​ហើយ​ក្រសួង​កំពុង​រៀបចំសេចក្ដី​ព្រាង​អនុក្រឹត្យ​ ​ដើម្បី​ដាក់​ឱ្យ​ដំណើរការ​របប​ប្រាក់​សោធន​។​ ​លោក​ថា​ ​«​អ្វី​ៗ​នឹង​អាស្រ័យ​លើ​លទ្ធផល​នៃ​សិក្ខាសាលា​ ​ដែល​ក្រសួង​ ​នឹង​ធ្វើ​នៅក្នុង​អំឡុង​ពេល​ខាងមុខនេះ​»​។​ ​លោក​បញ្ជាក់​ថា​ ​«​ផលប្រយោជន៍​នៃ​របប​សោធន​ ​គឺ​នឹង​ជួយ​ធានា​ដល់​បងប្អូន​កម្មករ​និយោជិត​ ​ពេល​ដែល​ដល់​វ័យ​ចូលនិវត្តន៍​ ​មិន​បារម្ភ​អំពី​ចំណូល​»​៕​

ដោយ៖ គង់ ប៊ុនណា  

You can share this !

Loading...
អត្ថបទទាក់ទង