សត្វ​ប្រចៀវ​រាប់​លាន​ក្បាល​ ​នៅ​ភ្នំសំពៅ​ ​នៅតែ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ ​ជា​រៀងរាល់ថ្ងៃ​

បាត់ដំបង​៖​ ​ហ្វូង​សត្វ​ប្រចៀវ​ ​រាប់​លាន​ក្បាល​ ​ដែល​ហោះ​ចេញពី​ក្នុង​ល្អាង​មួយ​កន្លែងនៅ​ភ្នំសំពៅ​ ​នៃ​ទឹកដី​ខេត្តបាត់ដំបង​ ​នៅតែ​មានការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​ ​និង​ផ្តិត​យក​រូបភាព​ជា​រៀងរាល់ថ្ងៃ​ ​មិនដែល​ខាន​ឡើយ​ ​ជាពិសេស​ភ្ញៀវ​ទេសចរ​អន្តរជាតិ​។​

​ក្រោយពី​ដើរលេង​កម្សាន្ត​តាម​រមណីយ​ដ្ឋាន​ផ្សេង​ៗ​ ​នៅពេល​ព្រឹក​ ​និង​ពេលរសៀល​ ​ភ្ញៀវ​ទេសចរ​ ​បាន​ធ្វើដំណើរ​តាមមធ្យោបាយ​ ​រឺ​ម៉ក​កង់​បី​ ​រថយន្តក្រុង​ ​និង​ជិះកង់​ជាដើម​ ​សំដៅ​ទៅកាន់​ភ្នំសំពៅ​ ​ដើម្បី​ទស្សនា​រមណីដ្ឋាន​ធម្មជាតិ​ ​និង​ប្រវត្តិ​សាស្រ្ត​មួយ​នេះ​ ​ដោយ​ក្នុង​មួយ​ថ្ងៃ​ៗ​មាន​ភ្ញៀវ​ចាប់ពី៥០នាក់​ ​រហូតដល់៣០០នាក់​។​ ​ភ្ញៀវ​ខ្លះ​ ​ក៏បាន​ឡើង​ទៅលើ​ភ្នំ​ ​ដើរមើល​ទេសភាព​ ​និង​ព្រៃ​ព្រឹក្សា​ដ៏​ស្រស់​ត្រកាល​នៃ​ខេត្តបាត់ដំបង​ផង​ដែរ​។​ ​នៅ​ម៉ោង​ប្រមាណ​ ​៥ល្ងាច​ ​ពួកគេ​បាន​ទៅ​អង្គុយ​រង់ចាំ​មើល​ហ្វូង​សត្វ​ប្រចៀវ​រាប់​លាន​ក្បាល​ ​ចេញពី​ក្នុង​ល្អាង​ទៅ​រក​ចំណី​ ​នៅ​ម៉ោង​ជិត៦ល្ងាច​។​ ​នេះ​បើ​តាម​ការ​ឱ្យ​ដឹងពី​សមត្ត​កិច្ច​ដែល​នៅ​រក្សា​សណ្តាប់​ធ្នាប់​នៅ​ទីនោះ​។​

​សមត្ថកិច្ច​ ​បានឱ្យ​ដឹង​ថា​ ​ហ្វូង​សត្វ​ប្រចៀវ​នៅ​ល្អាង​ភ្នំសំពៅ​ ​បាន​ធ្វើ​ឱ្យ​មានការ​ទាក់ទាញ​យ៉ាង​ខ្លាំង​ដល់​ភ្ញៀវ​ទេសចរ​បរទេស​ ​ទៅ​ទស្សនា​កាន់តែ​ច្រើន​ឡើង​ៗ​ពី​មួយថ្ងៃ​ទីមួយ​ថ្ងៃ​ ​មិនដែល​ដាច់​ឡើយ​។​ ​លោក​ថា​ ​ទេសចរណ៍​សត្វ​ប្រចៀវ​នេះ​ ​បាន​ជួយ​ដល់​ជីវភាព​ប្រជាពលរដ្ឋ​រស់នៅ​ជើងភ្នំ​សំពៅ​ ​តាមរយៈ​ការលក់ដូរ​ចំណីអាហារ​ ​ភេសជ្ជៈ​ ​វត្ថុ​អនុស្សាវរីយ៍​ ​និង​ការ​ដឹក​ភ្ញៀវ​ឡើង​មើល​ល្អាង​លើ​ខ្នងភ្នំ​សំពៅ​ជាដើម​។​

​ជាមួយ​កំណើន​នៃ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ ​អាជ្ញាធរ​ខេត្ត​ ​បាន​សង់​ផ្លូវ​នៅ​ជើងភ្នំ​សំពៅ​កាន់តែ​ល្អ​ ​និង​ស្រួល​ជាង​មុន​ ​ហើយ​គ្រោង​នឹង​ដាក់ភ្លើង​បំភ្លឺ​ផ្លូវ​នេះ​ផង​ដែរ​។​ ​ភាគច្រើន​នៃ​ភ្ញៀវ​ទេសចរ​ដែល​ទៅ​ទស្សនា​ហ្វូង​សត្វ​ប្រចៀវ​ ​គឺ​ដោយសារ​ប្លែក​សម្រាប់​ពួកគេ​ ​ដែល​ពីមុន​មក​មិនដែល​ឃើញ​ហ្វូង​សត្វ​ប្រចៀវ​ច្រើន​ដូចនេះ​ឡើយ​។​

​សូម​បញ្ជាក់​ថា​ ​ល្អាង​ហ្វូង​ប្រចៀវ​មួយ​នេះ​ ​ស្ថិត​ក្នុងចំណោម​ល្អាង​ទាំង​បី​នៅ​ភ្នំសំពៅ​ ​ដែល​មាន​សំបុក​ប្រចៀវ​ជ្រួញ​បបូរមាត់​រស់​ច្រើនជាង​មួយ​លាន​ក្បាល​ ​ហើយដែល​មានឈ្មោះ​ ​វិទ្យាសាស្ត្រ​ថា​ ​(​Chaerophon​ ​plic​-​tus​)​។​ ​នៅ​កម្ពុជា​ប្រចៀវ​ប្រភេ​ទេ​នេះ​ ​ទើបតែ​រក​ឃើញ​មាន​ចំនួន​ ​១៣សំបុក​ប៉ុណ្ណោះ​។​ ​១៣សំ​បុ​ក្រ​នេះ​ ​សរុប​ជាង​ ​៦,៤លាន​ក្បាល​ ​ក្នុង​នោះ​សំ​បុ​ក្រ​នៅ​ភ្នំសំពៅ​ជា​សំបុក​មួយ​ ​ធំជាង​សំបុក​ដ៏​ទៃ​ទៀត​ ​ដែល​មាន​ប្រចៀវ​ច្រើនជាង​គេ​។​

​សត្វ​ប្រចៀវ​ប្រភេទ​នេះ​ ​អាច​ហើរ​បាន​ចម្ងាយ​ ​៥០គីឡូ​ម៉ែ​ត​ ​ពី​សំបុក​របស់​វា​រៀងរាល់​យប់​ ​ដើម្បី​ចាប់​សត្វល្អិត​ជា​អាហារ​។​ ​ពពួកសត្វ​ល្អិត​ទំា​ងនោះ​ ​រួមមាន​ ​សត្វល្អិត​ដែល​បំផ្លាញ​ទិន្នផល​កសិកម្ម​ ​ដូចជា​ពពួក​ក​មមាច​ជាដើម​ ​ដែល​ពពួក​នេះ​ ​បាន​ធ្វើ​ឱ្យ​ទិន្នផល​ស្រូវ​ ​ថយ​ចុះ​ ​៦០​%​ ​រៀងរាល់​ឆ្នាំ​។​ ​ប្រចៀវ​ប្រភេទ​នេះ​ ​មួយ​ក្បាល​អាច​ស៊ី​ចំណី​ពី៥០​ ​ទៅ១០០​%​ ​នៃ​ទម្ងន់​ខ្លួន​របស់​វា​ ​(​១៥ក្រាម​ ​)​ ​រៀងរាល់​យប់​។​ ​ដូច្នេះ​ ​វា​អាច​ការពារ​ ​ទិន្នផល​ស្រូវ​បាន​លើស​ពី​ ​២០០០តោន​ក្នុង​មួយឆ្នាំ​ ​ដែល​ជាល​ទ្ឋ​ផល​អាច​ផ្គត់ផ្គង់​របប​អាហារ​របស់​ប្រជាជន​កម្ពុជា​ជាង​ ​២១០០០នាក់​ ​ក្នុង​មួយឆ្នាំ​។​

​សំបុត្រ​ប្រចៀវ​ប្រភេទ​ជ្រួញ​ប​បួរ​មាត់​នេះ​ ​មិនសូវ​មានការ​កើនឡើង​ទេ​ ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដោយសារ​មានការ​បរបាញ់​ ​នឹង​ការ​គាស់​ថ្ម​នៅកន្លែង​ដែល​ពពួក​វា​រស់នៅ​។​ ​យោង​តាមច្បាប់​ប្រទេស​កម្ពុជា​ ​ការ​បរបាញ់​ ​និង​ការ​រំខាន​សត្វព្រៃ​ជា​អំពើរ​ខុសច្បាប់​។​ ​អាជ្ញាធរ​បាន​ដាក់​បម្រាម​មិន​ឱ្យ​មានការ​រំខាន​ដល់​ហ្វូង​សត្វ​ប្រចៀវ​ ​ហើយ​ប្រជាជន​ដែល​រស់នៅ​ខេត្តបាត់ដំបង​ ​អាច​បន្ត​ទទួលផល​ប្រយោជន៍​ ​ពី​ការ​ផ្តល់​សេវាកម្ម​តាម​បែប​អេកូឡូស៊ី​៕​

ដោយ៖ គង់ ប៊ុនណា

You can share this !

Loading...
អត្ថបទទាក់ទង