សិស្ស​ដក​កាំភ្លើង​បាញ់​មិត្ត​រួម​ថ្នាក់​ស្លាប់​ ​និង​របួស​ ​ក្នុង​ថ្ងៃខួបកំណើត​របស់​ខ្លួន​ ​នៅ​អាមេរិក​

អាមេរិក​៖​ ​យុវជន​អាយុ​ ​១៦ឆ្នាំ​ ​ត្រូវ​បាន​ឃាត់ខ្លួន​ ​បន្ទាប់ពី​គេ​បាន​ធ្វើសកម្មភាព​យក​កាំភ្លើង​ចូល​ថ្នាក់រៀន​ ​រួច​ដក​បាញ់ប្រហារ​ទៅលើ​មិត្ត​រួម​ថ្នាក់​ ​បណ្ដាល​ឱ្យ​ស្លាប់​ ​២នាក់​ ​និង​ ​របួស​ ​៣នាក់​ ​នៅ​វិទ្យាល័យ​ ​Saugus​ ​ក្នុង​ទីក្រុង​ ​Santa​ ​Clarita​ ​រដ្ឋ​កា​លី​ហ្វ័​រញ៉ា​ ​សហរដ្ឋអាមេរិក​ ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ​ទី១៤​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៩​។​

​ជនសង្ស័យ​ ​បាន​ធ្វើសកម្មភាព​របស់​ខ្លួន​ ​នៅក្នុង​ថ្ងៃខួបកំណើត​ ​ដោយ​ប្រើប្រាស់​កាំភ្លើងខ្លី​មួយ​ដើម​។​ ​ជនរងគ្រោះ​ដែល​បាត់បង់ជីវិត​ ​មាន​អាយុ​ ​១៦ឆ្នាំ​ ​ភេទ​ស្រី​ ​និង​ ​អាយុ​ ​១៤ឆ្នាំ​ ​ភេទប្រុស​ ​ខណៈ​របួស​ ​៣នាក់​ ​មាន​ ​ប្រុស​ម្នាក់​ ​និង​ស្រី​ ​២នាក់​ ​អាយុ​ពី​ ​១៤​ ​ដល់​ ​១៥ឆ្នាំ​។​

​វិទ្យាល័យ​ខាងលើ​ ​មាន​សិស្ស​ប្រមាណ​ ​២៣០០នាក់​ ​និង​មាន​ចម្ងាយ​ប្រហែល​ ​៦៥គីឡូម៉ែត្រ​ភាគ​ខាងជើង​ទីក្រុង​ ​Los​ ​Angeles​ ​។​ ​សកម្មភាព​ខាងលើ​ ​កំពុង​មានការ​ជជែក​ពិភាក្សា​យ៉ាង​យកចិត្ត​ទុកដាក់​រវាង​អ្នក​តាក់តែង​ច្បាប់​ ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ ​ដើម្បី​ចេញច្បាប់​ស្ដីពី​ការគ្រប់គ្រង​អាវុធ​ ​ដែល​ត្រូវ​បាន​លើកយក​មក​ជជែក​ក្នុង​សភា​ ​អស់​រយៈពេល​ជាច្រើន​ខែ​មក​ហើយ​។​

​សូមជម្រាប​ថា​ ​ក្នុងរយៈពេល​ ​២ទសវត្សរ៍​កន្លងទៅ​នេះ​ ​មាន​ករណី​បាញ់ប្រហារ​ក្នុង​ថ្នាក់រៀន​ ​បណ្ដាល​ឱ្យ​សិស្ស​ស្លាប់​ប្រហែល​ ​៣០០នាក់​ ​នៅ​ឯស​ហរ​ដ្ឋ​អាមេរិក​៕​

ប្រភព៖ AFP

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

You can share this !

Loading...
អត្ថបទទាក់ទង