ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ ​អះអាង​ថា​ ​ការ​ឃាត់ខ្លួន​មនុស្ស​ ​១៦នាក់​ ​ជា​ការ​ចុះ​ធ្វើ​រដ្ឋបាល​នៅ​មូលដ្ឋាន​ ​មិនមែន​ទំនាស់​ដីធ្លី​នោះ​ទេ​

ជួន​ ​ណា​រិន​ ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ​១៦​ ​នាក់​ចំណុច​ភូមិ​គគីរ​ ​ឃុំ​បិ​ត្រាង​ ​ស្រុក​ព្រៃនប់​ ​ខេត្ត​ព្រះសីហនុ​ ​ជា​ករណី​ ​ចុះ​រដ្ឋបាល​នៅ​មូលដ្ឋាន​ប៉ុណ្ណោះ​ ​មិនមែន​ជា​បញ្ហា​កាង​ដី​ឡើយ​។​

​ព្រះសីហនុ​៖​ ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ ​ឧត្ដមសេនីយ៍​ទោ​ ​ជួន​ ​ណា​រិន​ ​បាន​អះអាង​ប្រាប់​សារព័ត៌មាន​ ​Click​ ​News​ ​ឱ្យ​ដឹង​ថា​ ​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ​១៦នាក់​នៅ​ ​ចំណុច​ភូមិ​គគីរ​ ​ឃុំ​បិត​ត្រាង​ ​ស្រុក​ព្រៃនប់​ ​ជា​ករណី​ចុះ​ធ្វើ​រដ្ឋបាល​នៅ​មូលដ្ឋាន​ប៉ុណ្ណោះ​។​

​លោកស្នងការ​នគរបាល​ ​បានឱ្យ​ដឹង​បន្ថែម​ថា​ ​ការ​ចុះ​ធ្វើ​រដ្ឋបាល​នេះ​ ​គឺ​បន្ទាប់ពី​ទទួល​បាន​ដំណឹង​ថា​ ​មាន​ករណី​ផ្ទុះអាវុធ​ប៉ុន្មាន​ថ្ងៃមុន​ ​ហើយ​កម្លាំង​ស្នងការ​ដ្ឋាន​ខេត្ត​ ​រួម​នឹង​អភិបាលរងខេត្ត​ព្រះសីហនុ​ ​លោក​ ​ម៉ាង​ ​ស៊ី​ណេត​ ​បាន​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​ព្រៃនប់​ ​បាន​ចុះ​ពិនិត្យ​ ​មើល​ជាក់ស្តែង​។​ ​លោក​ ​អះអាង​ថា​ ​ការ​ចាប់ខ្លួន​នេះ​ ​មិនមែន​ជា​ករណី​ដីធ្លី​ឡើយ​។​

​បើ​តាម​ឧត្ដមសេនីយ៍​ទោ​ ​ជួន​ ​ណា​រិន​ ​ជនសង្ស័យ​ចំនួន​ ​១៦នាក់​នេះ​ ​កំពុង​ស្ថិត​ក្រោម​ការសាកសួរ​ពី​សមត្ថកិច្ច​នៅឡើយ​។​

​សូម​បញ្ជាក់​ថា​ ​ការ​ចេញ​មក​បញ្ជាក់​នេះ​ ​គឺ​បន្ទាប់ពី​មាន​សារព័ត៌មាន​មួយចំនួន​ ​បាន​សរសេរ​ថា​ ​មាន​ករណី​ទំនាស់​ដីធ្លី​មួយ​ ​ឈាន​ដល់​ការ​ផ្ទុះអាវុធ​មក​លើ​ពលរដ្ឋ​ ​និង​អ្នកសារព័ត៌មាន​ ​កាលពី​វេលា​ម៉ោងជាង​ ​១០ព្រឹក​ថ្ងៃទី១៣​ ​ខែវិច្ឆិកា​ ​ឆ្នាំ​ ​២០១៩​។​ ​រហូតមកដល់​ថ្ងៃទី​ ​១៤​ ​ខែវិច្ឆិកា​ ​ត្រូវ​បាន​កម្លាំង​ចម្រុះ​ដឹកនាំ​ដោយ​អភិបាលរងខេត្ត​ព្រះសីហនុ​ ​លោក​ ​ម៉ាង​ ​ស៊ី​ណេត​ ​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​នេះ​ ​នៅ​ចំណុច​ភូមិ​គគីរ​ ​ឃុំ​បិត​ត្រាង​ ​ស្រុក​ព្រៃនប់​ ​ខេត្ត​ព្រះសីហនុ​។​

​ក្នុង​ប្រតិបត្តិ​ការនោះ​ ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​ ​ជាង១០នាក់​ ​ភាគច្រើន​ជា​យុវជន​ដែលគេ​សង្ស័យ​ថា​ ​បាន​ប្រើប្រាស់​អាវុធ​ ​និង​បាន​បាញ់​ចំនួន​ ​៤គ្រាប់​ ​មក​លើ​ប្រជាពលរដ្ឋ​ ​និង​អ្នកសារព័ត៌មាន​ ​ក្នុងអំឡុងពេល​ដែល​អ្នកសារព័ត៌មាន​ទាំងនោះ​ ​មានបំណង​ចុះ​ថត​ផ្ដិត​យក​រូបភាព​ ​នៅកន្លែង​កើតហេតុ​ខាងលើ​នេះ​។​

​ក្រោយ​ឃាត់ខ្លួន​ ​សមត្ថកិច្ច​ ​បាន​ដកហូត​ដាវ​ ​កាំបិត​ ​និង​ពូថៅ​ ​ប៉ុន្តែ​មិនទាន់​បាន​រក​ឃើញ​កាំភ្លើង​ដែល​បាន​ដេញ​បាញ់​ពលរដ្ឋ​ ​និង​អ្នកសារព័ត៌មាន​ ​កាលពី​ថ្ងៃទី១៣​ ​ខែ​វិ​ច្ឆិ​ការនោះ​ឡើយ​។​

​គួរ​រម្លឹក​ថា​ ​ទីតាំង​ដែល​មានការ​ចាប់ខ្លួន​នេះ​ ​គឺជា​ទីតាំង​កើតមាន​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​រវាង​ពលរដ្ឋ​ ​ជាមួយ​ឧកញ៉ា​ ​មួយ​រូប​ ​និង​ធ្លាប់​ឈាន​ដល់​ការ​ប្រឈមមុខ​ដាក់គ្នា​រវាង​ពលរដ្ឋ​ ​និង​សមត្ថកិច្ច​ ​នៅពេល​ចុះ​អនុវត្ត​សាលដីកា​ ​កាលពីដើម​ឆ្នាំ២០១៩នេះ​ផង​ដែរ​៕​

អត្ថបទ៖ គន្ធ តារាវិឆ័យ

You can share this !

Loading...
អត្ថបទទាក់ទង