ប្រមុខ​រាជរដ្ឋាភិបាល​ ​អះអាង​ថា​ ​នឹង​មាន​អគ្គិសនី​ប្រើប្រាស់​គ្រប់គ្រាន់​ ​ក្នុង​រដូវប្រាំង​ខាងមុខនេះ​

កំពត​៖​ ​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​អះអាង​ថា​ ​នៅក្នុង​រដូវប្រាំង​ខាងមុខនេះ​ ​កម្ពុជា​ ​នឹង​មាន​អគ្គិសនី​ប្រើប្រាស់​គ្រប់គ្រាន់​ ​ដោយសារតែ​មានការ​រក្សា​ទឹក​ទុក​ក្នុង​អាង​វារីអគ្គិសនី​ ​និង​ការនាំចូល​អគ្គិសនី​ពី​ប្រទេសជិតខាង​។​

​ការ​អះអាង​នេះ​ ​បាន​ធ្វើឡើង​ខណៈ​ដែល​សម្ដេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋ​មន្ដ្​រី​នៃ​កម្ពុជា​ ​នៅ​ថ្ងៃទី១៤​ ​ខែវិច្ឆិកា​នេះ​ ​បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធីសម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ ​រោងចក្រ​ផលិត​ស៊ី​ម៉ង់​ត៍​ថ្មី​មួយ​ ​ដែល​មាន​ទីតាំង​ស្ថិតនៅ​តំបន់​ភ្នំ​ល្អាង​ ​ស្រុក​ដង​ទុង​ ​ខេត្តកំពត​។​

​សម្ដេច​តេជោ​ ​ហ៊ុន​ ​សែន​ ​បាន​បញ្ជាក់​ថា​ ​ប្រៀបធៀប​ឆ្នាំមុន​ ​ក្នុង​ខែវិច្ឆិកា​ដូចគ្នា​ ​បាន​ប្រើប្រាស់​ទឹក​ក្នុង​អាង​វារីអគ្គិសនី​អស់៣០ភាគរយ​ទៅ​ហើយ​។​ ​ប៉ុន្ដែ​ឆ្នាំនេះ​ ​គឺ​រយៈពេល​ដូចគ្នា​ ​យើង​រក្សា​ទឹក​ ​ក្នុង​អាង​វារីអគ្គិសនី​បាន១០០ភាគរយ​ ​ដើម្បី​ធានា​ថា​ ​នឹង​មាន​ទឹក​រុញ​តួ​ប៊ិន​ ​ជា​បន្ដ​បន្ទាប់​ ​ដោយ​មិន​មានការ​ខ្វះខាត​អគ្គិសនី​នៅក្នុង​រដូវប្រាំង​នោះ​ទេ​។​

​បើ​តាម​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​ក្រៅពី​វារី​អគ្គីស​នី​ ​ក៏​នៅ​មាន​ប្រភព​អគ្គិសនី​ពី​រោងចក្រ​ដើរ​ដោយ​ធ្យូងថ្ម​ ​ដោយ​ពន្លឺ​ព្រះអាទិត្យ​ ​និង​ដោយ​ការនាំចូល​ពី​វៀតណាម​ ​ថៃ​ ​និង​ឡាវ​ ​សម្រាប់​ផ្គត់ផ្គង់​ក្នុង​រដូវប្រាំង​ខាងមុខនេះ​ ​ដោយ​មិន​មានការ​កាត់​ផ្តាច់​អគ្គិសនី​នោះ​ទេ​។​

​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​ក៏បាន​លើកឡើង​ផង​ដែរ​ថា​ ​“​យើង​ ​ក៏​មាន​បម្រុង​រោងចក្រអគ្គិសនី​នៅ​ជិត​ទីក្រុង​ភ្នំពេញ​ ​ចំនួន៤០០មេ​ហ្គា​វ៉ាត់​ ​ប៉ុន្ដែ​រយៈពេល​នៃ​ការ​សាង​សង​ ​អាច​នឹង​ត្រូវ​ពន្យា​ពេល​រហូត​ទៅដល់​ ​ខែមិថុនា​ ​ទើប​អាច​សាង​សង​រួច​។​ ​ក៏ប៉ុន្ដែ​តាម​ការ​អះអាង​របស់​រដ្ឋ​មន្ដ្​រី​ក្រសួង​រ៉ែ​ ​និង​ថាមពល​ ​ធានា​ថា​ ​ភ្លើង​របស់​យើង​ ​គឺ​មាន​ប្រើ​គ្រប់គ្រាន់​ ​ដែល​យើង​យក​ពី​ប្រភព​នេះ​ ​ប្រភព​នោះ​”​។​

​បើ​តាម​របាយការណ៍​ពីរ​ដ្ឋ​មន្ត្រី​ក្រសួង​រ៉ែ​ ​និង​ថាមពល​ ​បានឱ្យ​ដឹង​ថា​ ​គិត​ត្រឹម​ដំណាច់​ឆមាស​ទី១​ ​ឆ្នាំ២០១៩នេះ​ ​កម្ពុជា​មាន​វារីអគ្គិសនី​ចំនួន០៧​,​ ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​ចំនួន០២​,​ ​អគ្គិសនី​ដើរ​ដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ចំនួន០២​,​ ​ខ្សែ​បញ្ជូន​អគ្គិសនី​ជាតិ​តភ្ជាប់​ទៅ​ខេត្ត​ផ្ទាល់​ចំនួន២០​ ​និង​មិន​ផ្ទាល់​ចំនួន០៥​,​ ​ការ​ផ្គត់ផ្គង់​អគ្គិសនី​ ​បាន​គ្រប​ដណ្តប់​លើ​ភូមិ​ចំនួន៩៣​%​ ​នៃ​ចំនួន​ភូមិ​ទូទាំង​ប្រទេស​ ​និង​លំនៅ​ដ្ឋាន​ ​ដែល​បាន​តភ្ជាប់​ ​អគ្គិសនី​ប្រើប្រាស់​ ​បាន​ចំនួន៧៤​%​ ​នៃ​លំនៅ​ដ្ឋាន​សរុប​នៅ​កម្ពុជា​៕​

ដោយ៖ សិរី វឌ្ឍ

You can share this !

Loading...
អត្ថបទទាក់ទង