អាជ្ញាធរ​អប្សរា​ ​ចេញ​ប្រតិបត្តិ​ការស្វែងរក​ចាប់​កូន​ក្រពើ​ ​ដែល​បាន​លែង​នៅ​ក​សិន្ធុ​ប្រាសាទអង្គរវត្ត​

ភ្នំពេញ​៖​ ​រដ្ឋបាល​ខេត្តសៀមរាប​ ​និង​អាជ្ញាធរ​អប្សរា​ ​បាន​និង​កំពុង​ចុះ​ត្រួតពិនិត្យ​ ​និង​ស្វែងរក​ចាប់​កូន​ក្រពើ​ ​ដែល​បាន​លែង​នៅក្នុង​ក​សិន្ធុ​ប្រាសាទអង្គរវត្ត​។​

​យោង​តាម​ការ​ជូនដំណឹង​របស់​រដ្ឋបាល​ខេត្តសៀមរាប​ ​នៅ​ថ្ងៃទី០៨​ ​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៩​ ​បានឱ្យ​ដឹង​ថា​ ​ក្រុមការងារ​ចម្រុះ​រដ្ឋបាល​ខេត្ត​ ​អាជ្ញាធរ​អប្សរា​ ​មន្ទីរ​ ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ ​បាន​ចុះ​ពិនិត្យ​កន្លែង​ ​ដែល​បាន​លែង​កូន​ក្រពើ​ ​ ​និង​រក​មធ្យោបាយ​ ​ដើម្បី​តាម​ចាប់​កូន​ក្រពើ​តូច​ ​បណ្ដោយ​ ​ប្រហែល​ ​៤០សង់ទីម៉ែត្រ​ ​ ​ដែល​បា​នព្រ​លែង​ចូលក្នុង​ក​សិន្ធុ​ប្រាសាទអង្គរវត្ត​ ​ប៉ែក​ខាងកើត​ ​កាលពី៣ថ្ងៃមុន​។​

​ក្រោយពី​បាន​ចុះ​ដល់ទី​តាំង​ ​ ​និង​បាន​ពិនិត្យ​ជាក់ស្ដែង​រួចមក​ ​រដ្ឋបាល​សាលាខេត្ត​ ​បាន​ស្នើសុំ​ឱ្យ​អាជ្ញាធរ​អប្សរា​ ​សហការ​ជាមួយ​ក្រុមការងារ​ជលផល​នៃ​មន្ទីរ​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​ ​បន្ត​កិច្ចការ​តាម​ចាប់​កូន​ក្រពើ​នេះ​ ​ដោយ​ប្រើប្រាស់​កម្លាំង​មន្ត្រី​ជំនាញ​ ​តាម​ប្រមាញ់​ ​ ​២៤ម៉ោង​ ​ ​លើ២៤ម៉ោង​ ​ ​ពិសេស​ពេល​កូន​ក្រពើ​តូច​នេះ​ ​ចេញ​រក​ចំណី​នៅពេល​យប់​ ​តាម​មាត់ច្រាំង​នៃ​ក​សិន្ធុ​ប្រាសាទអង្គរវត្ត​។​

​តាម​ការ​អះអាង​របស់​មន្ត្រី​ជំនាញ​ថា​ ​កូន​ក្រពើ​នេះ​ ​នៅ​តូច​ ​មិនទាន់​ចល័ត​ចេញពី​ក​សិន្ធុ​នេះ​នៅឡើយ​ទេ​។​ ​មន្ត្រី​ជំនាញ​ ​នឹង​ប្រើប្រាស់​មធ្យោបាយ​ចាប់​មកវិញ​ ​ដោយ​ការ​ដាក់​សន្ទូច​ ​ឬ​ការ​អូស​មង​ ​ឬ​ការ​ឆ្លុះ​នឹង​កែវឆ្លុះ​ ​ចាប់​នៅពេល​យប់​។​

​ជាមួយគ្នា​នេះ​ ​អាជ្ញាធរ​ ​ក៏បាន​បាន​ជម្រាប​ដល់​សាធារណជន​ ​កុំ​មាន​ភ្ញាក់ផ្អើល​ ​និង​ព្រួយបារម្ភ​ឡើយ​ ​ព្រោះថា​កូន​ក្រពើ​នេះ​ ​នៅ​តូច​មិនទាន់​អាច​បង្ក​គ្រោះ​អ្វី​ឡើយ​ ​ហើយ​សមត្ថកិច្ច​ ​នឹង​រក​ឃើញ​ក្នុង​ពេល​ឆាប់​ៗ​ ​ខាងមុខនេះ​ផង​ដែរ​។​ ​ ​ ​ ​ ​ ​ ​ ​

​គូរ​រម្លឹក​ថា​ ​មានការ​ភ្ញាក់ផ្អើល​មួយ​ ​ដោយសារ​កាលពី​ថ្ងៃទី៧​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៩​ ​លោកស្រី​ ​ហ៊ុន​ ​ស៊ី​ណាត​ ​បាន​បង្ហោះ​ឃ្លី​ប​វីដេអូ​ខ្លី​នៅ​លើ​ទំព័រ​ ​Faccbook​ ​ផ្ទាល់ខ្លួន​ ​អំពី​សកម្មភាព​លែង​កូន​ក្រពើ​មួយ​ក្បាល​ចូល​ទឹក​ក​សិន្ធុ​ប្រាសាទអង្គរវត្ត​ ​ក្នុង​គោលបំណង​ឱ្យ​កូន​ក្រពើ​នេះ​កាន់​ធម៌​។​ ​ប៉ុន្តែ​ត្រូវ​បាន​សាធារណជន​ចែកចាយ​លើ​បណ្តា​យ​ព័ត៌មាន​ជាច្រើន​ ​និង​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ ​នៅពេល​កូន​ក្រពើ​នេះ​ធំឡើង​៕​

You can share this !

Loading...
អត្ថបទទាក់ទង