រាជធានី​ភ្នំពេញ​ ​ដាក់​ទូក​ចំនួន​ ​៥៥​ ​ដើម្បី​ចូលរួម​ប្រកួត​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ ​ដែល​មាន​កីឡាករ​ជាង​ ​៤ពាន់​នាក់​

ភ្នំពេញ​៖​ ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ ​ឆ្នាំ២០១៩នេះ​ ​សាលា​រាជធានី​ភ្នំពេញ​ ​បាន​ដាក់​ទូក​ចូលរួម​ប្រណាំង​សរុប​ចំនួន​ ​៥៥ទូក​ ​ដែល​មាន​កីឡាករ​ចំណុះទូក​ចំនួន​ ​៣​ ​៧១៦នាក់​ ​និង​មាន​កីឡា​បម្រុង​ចំនួន​ ​៦១០នាក់​។​

​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កីឡាករ​អុំទូក​ ​អភិបាល​រាជធានី​ភ្នំពេញ​ ​លោក​ ​ឃួង​ ​ស្រេង​ ​បាន​ណែនាំ​កីឡាករ​ទាំងអស់​ ​ត្រូវ​រក្សាសុខ​ភាព​ ​ការ​ហូបចុក​ ​ការសម្រាក​យកកម្លាំង​ឱ្យ​បាន​គ្រប់គ្រាន់​ ​ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ឱ្យ​អស់​សមត្ថភាព​។​ ​លោក​ថា​ ​ចិត្តជា​កីឡា​ ​ទោះ​ចាញ់​ ​ឬ​ឈ្នះ​ជា​រឿង​ធម្មតា​ ​ហើយ​ត្រូវ​ចូលរួម​ប្រកួត​ដើម្បី​ថែរក្សា​ប្រពៃណី​ ​វប្បធម៌​ ​ទំនៀមទម្លាប់​ជាតិ​ ​និង​ដើម្បី​សុខភាព​។​

​លោក​ ​ឃួង​ ​ស្រេង​ ​ក៏បាន​ថ្លែង​លើកទឹកចិត្ត​ដល់​កីឡាករ​ ​កីឡាការិនី​ ​ដែល​ជា​ចំណុះទូក​អុំ​ ​ទូកចែវ​ ​ទាំងអស់​ឱ្យ​ខិតខំ​ប្រឹងប្រែង​ ​រួម​សាមគ្គី​គ្នា​ ​ដើម្បី​ដណ្តើម​យកជ័យ​ជម្នះ​ ​និង​នាំ​កិត្តិយស​ជូន​វត្ត​ ​ជូន​សង្កាត់​ ​ខណ្ឌ​ ​និង​ជូន​រាជធានី​ភ្នំពេញ​។​

​លោក​ ​អភិបាល​ ​បន្ត​ថា​ ​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​នៃ​ការរៀបចំ​ពិធីបុណ្យ​ឯករាជ្យជាតិ​ ​៩​ ​វិច្ឆិកា​,​ពិធី​អកអំបុក​សាមគ្គី​ ​ដើម្បី​ការពារ​ជាតិ​ ​សាសនា​ ​ព្រះមហាក្សត្រ​ ​និង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​បាន​យកចិត្ត​ទុកដាក់​ជាចម្បង​លើ​ការ​ពង្រឹង​សន្តិសុខ​ ​សណ្តាប់​ធ្នាប់​សាធារណៈ​ ​ក្នុង​កម្រិតខ្ពស់​បំផុត​ ​ជាពិសេស​ប្រឆាំង​ដាច់ខាត​រាល់​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​រាជរដ្ឋាភិបាល​ស្របច្បាប់​ ​ដែល​កើត​ចេញពី​ការបោះឆ្នោត​ ​ក៏ដូចជា​ ​មានបំណង​បំផ្លាញ​សន្តិភាព​ ​និង​ក្តីសុខ​សាន្ត​របស់​ប្រជាពលរដ្ឋ​របស់​ពួក​ឧទ្ទាម​ក្រៅច្បាប់​៕​

អត្ថបទ៖ គន្ធ តារាវិឆ័យ

You can share this !

Loading...
អត្ថបទទាក់ទង