កម្ពុជា​-​អូស្រ្តាលី​ ​ចុះហត្ថលេខា​លើ​យុទ្ធ​សាស្រ្ត​សម្រាប់​កិច្ចការ​ស្រាវជ្រាវ​កសិកម្ម​ ​ឆ្នាំ២០១៩​-​២០២៩​

​ភ្នំពេញ​៖​ ​រដ្ឋាភិបាល​កម្ពុជា​ ​តាមរយៈ​ក្រសួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​និង​មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការស្រាវជ្រាវ​កសិកម្ម​អន្តរជាតិ​ ​(​ACIAR​)​ ​បាន​ចុះហត្ថលេខា​លើ​លិខិតបញ្ជាក់​បំណង​ស្តី​ពី​អាទិភាព​ជា​យុទ្ធ​សាស្រ្ត​សម្រាប់​កិច្ច​សហប្រតិបត្តិ​ការស្រាវជ្រាវ​កសិកម្ម​ ​ឆ្នាំ២០១៩​-​២០២៩​។​

​ពិធី​ចុះហត្ថលេខា​ ​មានការ​ចូលរួម​ពី​លោក​ ​វេង​ ​សា​ខុន​ ​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​ជាមួយ​លោកស្រី​ ​Angela​ ​Corcoran​ ​ឯកអគ្គ​រដ្ឋទូត​អូស្រ្តាលី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ព្រមទាំង​លោក​ ​Peter​ ​Horne​ ​នាយក​ទទួលបន្ទុក​កម្មវិធី​ស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការស្រាវជ្រាវ​កសិកម្ម​អន្តរជាតិ​ ​នៅ​ថ្ងៃទី៥​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៩នេះ​។​

​កិច្ចការ​ស្រាវជ្រាវ​កសិកម្ម​ ​នឹង​ចាប់ផ្តើម​អនុវត្ត​ពីឆ្នាំ២០១៩​ ​ដល់​ ​ឆ្នាំ២០២៩​ ​ក្នុង​ខេត្ត​ភាគ​ខាងត្បូង​នៃ​ប្រទេស​ ​គឺ​ខេត្តកំពត​ ​តាកែវ​ ​កណ្តាល​ ​ព្រៃវែង​ ​និង​ខេត្ត​កំពង់ចាម​ ​ព្រមទាំង​ខេត្ត​ជាប់​បឹងទន្លេសាប​ចំនួន​ពីរ​ទៀតផង​ដែរ​ ​គឺ​ខេត្តកំពង់ធំ​ ​និង​ខេត្តសៀមរាប​ ​ដែល​ផ្តោត​លើ​ផ្នែក​អាទិភាព​សម្រាប់​កសិកម្ម​ ​ចំនួន៣​ ​រួមមាន​៖​

​ទី១​.​ ​ប្រពល​វប្បកម្ម​ ​និង​ពិពិធ​កម្ម​កសិកម្ម​ប្រកបដោយ​ចីរភាព​ ​លើ​គ្រប់​ដំណាំ​ក្រៅពី​ស្រូវ​ ​នៅក្នុង​ប្រព័ន្ធ​ដំណាំ​-​ស្រូវ​តាម​បែប​ប្រពៃណី​ ​និង​ប្រព័ន្ធ​ដាំដុះ​ផ្សេងទៀត​។​

​ទី២​.​ ​ប្រពល​វប្បកម្ម​ប្រកបដោយ​ចីរភាព​នៃ​ប្រព័ន្ធ​ផលិតកម្ម​សត្វ​ខ្នាត​តូច​ដែល​តម្រង់​ទៅ​ទីផ្សារ​។​

​ទី៣​.​ ​ប្រពល​វប្បកម្ម​ប្រកបដោយ​ចីរភាព​នៃ​ប្រព័ន្ធ​ផលិតកម្ម​វារីវប្បកម្ម​ទឺក​សាប​ ​សម្រាប់​ប្រភេទ​ដែល​សម្បូរ​ដោយ​អាហារូបត្ថម្ភ​។​

​លោក​រដ្ឋមន្ត្រី​ ​វេង​ ​សា​ខុន​ ​បាន​លើកឡើង​ថា​ ​លិខិតបញ្ជាក់​បំណង​នេះ​ ​នឹង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការស្រាវជ្រាវ​ក្នុង​វិស័យ​កសិកម្ម​ ​រួមចំណែក​អភិវឌ្ឍ​វិស័យ​នេះ​ ​ឱ្យ​មានការ​រីកចម្រើន​ ​ធានា​បាន​នូវ​និរន្តរភាព​នៃ​ការ​ផ្គត់ផ្គង់​ស្បៀង​ ​ផលិតភាព​ផលិតកម្ម​ ​ប្រសិទ្ធភាព​ ​គុណភាព​ ​សុវត្ថិភាព​ ​ទីផ្សារ​ ​និង​ការប្រកួត​ប្រជែង​ ​ជាពិសេស​ ​ស្របតាម​គោលនយោបាយ​ ​និង​កំណែទម្រង់​ផែនការ​យុទ្ធសាស្ត្រ​របស់ក្រ​សួង​ ​ក៏ដូចជា​រាជរដ្ឋាភិបាល​ ​តាម​អភិក្រម​ ​“​រដ្ឋ​-​ឯកជន​-​ដៃគូ​អភិវឌ្ឍន៍​-​និង​សហគមន៍​កសិកម្ម​”​។​

​ជាមួយគ្នា​នោះ​ ​លោកស្រី​ ​Angela​ ​Corcoran​ ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ​រដ្ឋាភិបាល​អូស្រ្តាលី​ ​នៅតែ​ជា​ដៃគូ​សហការ​អភិវឌ្ឍ​លើ​វិស័យ​កសិកម្ម​យូរអង្វែង​ ​និង​រឹងមាំ​ ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ​ពិសេស​ជាមួយ​ក្រសួង​កសិកម្ម​ ​ជាង២៥ឆ្នាំ​មកនេះ​ ​ក្នុង​គោលបំណង​ចែករំលែក​បទពិសោធន៍​ ​ស្រាវជ្រាវ​ ​បណ្តុះបណ្តាល​ធនធានមនុស្ស​ ​ធ្វើការ​កែទម្រង់​របៀប​ ​និង​ទម្លាប់​ ​ដើម្បី​ធ្វើ​យ៉ាងណា​លើកកម្ពស់​បរិមាណ​ ​និង​គុណភាព​កសិផល​ ​បង្កើត​ឱកាស​ឱ្យ​មានការ​ចូលរួម​ក្នុង​ការ​ងា​រក​សិ​ធុរកិច្ច​ប្រកបដោយ​ផែនការ​ ​និង​ទិសដៅ​ច្បាស់លាស់​។​

​លោកស្រី​ ​សង្ឃឹម​ ​និង​ជឿជាក់​ថា​ ​គម្រោង​នេះ​ ​នឹង​ចូលរួម​ចំណែក​យ៉ាង​ពេញលេញ​ក្នុង​ការចូលរួម​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​កម្ពុជា​នា​ពេល​អនាគត​ដ៏​ខ្លី​ ​ហើយ​រដ្ឋាភិបាល​អូស្រ្តាលី​ ​នឹង​នៅតែ​បន្ត​ធ្វើជា​ដៃគូ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ ​ជាពិសេស​ក្នុង​វិស័យ​កសិកម្ម​ ​ឱ្យ​មានការ​រីកចម្រើន​ថែមទៀត​។​

​ដើម្បី​ឱ្យ​គម្រោង​នេះ​ ​ទទួល​បាន​ជោគជ័យ​តាម​ការ​គ្រោងទុក​ ​រដ្ឋមន្រ្តី​កសិកម្ម​កម្ពុជា​ ​ក៏បាន​ស្នើ​ដល់​រដ្ឋាភិបាល​អូស្រ្តាលី​ ​តាមរយៈ​ ​គម្រោង​ ​ACIAR​ ​ពិចារណា​បង្កើន​ការ​គាំទ្រ​ថវិកា​ដល់​ការស្រាវជ្រាវ​កសិកម្ម​កម្ពុជា​ ​ទាក់ទង​នឹង​ការ​ធ្វើ​បច្ចុប្បន្នភាព​ផែនការមេ​ ​និង​ពង្រីក​វិស័យ​ស្រាវជ្រាវ​ផ្តោត​លើ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​សំ​ខាន់​ៗ​ ​រួម​ជាមួយ​ការ​បង្កើន​សមត្ថភាព​មន្ត្រី​ ​វិស័យ​ឯកជន​ ​និង​សហគមន៍​កសិកម្ម​លើ​ការកែច្នៃ​ ​វេច​ខ្ចប់​ ​ស្តុក​ទុក​ ​និង​ទីផ្សារ​៕​

ដោយ៖ ហៀង រ័ត្ន

You can share this !

Loading...
អត្ថបទទាក់ទង