អគ្គស្នងការ​នគរបាល​ជាតិ​ ​ត្រៀម​ពង្រាយ​កម្លាំង​ជិត​ ​២ម៉ឺន​នាក់​ ​ដើម្បី​ការ​ពារ​សន្ដិ​សុខ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​

ភ្នំពេញ​៖​ ​អគ្គស្នងការ​នគរបាល​ជាតិ​ ​បាន​ត្រៀម​ដាក់​ពង្រាយ​កម្លាំង​ជិត​ ​២ម៉ឺន​នាក់​ ​ដើម្បី​ការ​ពារ​សន្ដិ​សុខ​ ​សណ្ដាប់ធ្នាប់​ ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ ​បណ្ដែតប្រទីប​ ​សំពះព្រះខែ​ ​និង​អកអំបុក​នា​ពេល​ខាងមុខនេះ​។​

​ឧត្តមសេនីយ៍ឯក​ ​ឆាយ​ ​គឹម​ខឿន​ ​អ្នកនាំពាក្យ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ ​បាន​អះអាង​ថា​ ​អគ្គស្នងការ​ដ្ឋាន​ ​នឹង​ដាក់​កម្លាំង​ជិត​ ​២ម៉ឺន​នាក់​ ​នៅ​តាម​គោលដៅ​នី​មួយ​ៗ​ ​ដើម្បី​ធា​នា​សន្ដិ​សុខ​ ​សុ​វត្ដិ​ភាព​ ​និង​សណ្ដាប់ធ្នាប់​សារ​ធា​រណៈ​ជូន​ពលរដ្ឋ​ ​ដែល​មកលេង​កម្សាន្ត​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ ​ដើម្បី​បង្ក​លក្ខណៈ​សប្បាយរីករាយ​។​

​លោក​ ​ឧត្តមសេនីយ៍ឯក​ ​បាន​បញ្ជាក់​ថា​ ​ការប្រើ​ប្រាស់​កម្លាំងសរុប​ក្នុង​ការ​ការ​ពារ​សន្ដិ​សុខ​សណ្ដាប់​នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ​ ​គឺ​ច្រើនជាង​ឆ្នាំមុន​ ​ព្រោះ​ស្រប​ពេល​ជាមួយនឹង​បុណ្យ​ឯករាជ្យជាតិ​ផង​ដែរ​។​

​ជាមួយគ្នា​នេះ​ ​ឧត្តមសេនីយ៍ឯក​ ​ឆាយ​ ​គឹម​ខឿន​ ​បាន​សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ ​មានការ​យោគយល់​ចំពោះ​ការ​បិទផ្លូវ​មួយចំនួន​ ​និង​ការ​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច​។​ ​ម្យ៉ាងវិញទៀត​ ​ប្រជាពលរដ្ឋ​ដែល​មក​លេង​កម្សាន្ដ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ​ ​ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ ​ចំពោះ​វត្ថុ​ដែល​មានតម្លៃ​ ​ចៀសវាង​ការបាត់បង់​ ​ដោយសារ​ជន​ឆ្លៀតឱកាស​មួយចំនួន​។​

​សូម​បញ្ជាក់​ថា​ ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ ​បណ្ដែតប្រទីប​ ​សំពះព្រះខែ​ ​និង​អកអំបុក​ ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី១០​ ​ដល់ទី​ ​១២​ ​ខែវិច្ឆិកា​ ​២០១៩​៕​

អត្ថបទ៖ គន្ធ តារាវិឆ័យ

You can share this !

Loading...
អត្ថបទទាក់ទង