តើ​អចលនទ្រព្យ​ ​នឹង​រង​ផល​ប៉ះពាល់​ ​បើ​បិទ​ល្បែង​អន​ឡាញ​ភ្លាម​ៗ​?​

ភ្នំពេញ​៖​ ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​វិនិយោគិន​ ​អ្នកជំនួញ​ ​និង​ជនជាតិ​ចិន​ជាច្រើន​ ​បាន​សម្រុកចូល​មកលេង​កម្សាន្ត​ ​រស់នៅ​ ​និង​ធ្វើការ​នៅក្នុង​ប្រទេស​កម្ពុជា​ ​ជាពិសេស​នៅក្នុង​ខេត្ត​ព្រះសីហនុ​ ​ដែល​កត្តា​នេះ​ ​បាន​ជំរុញ​ឱ្យ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​មានការ​កើនឡើង​យ៉ាង​គំហុក​។​

​យោង​តាម​របាយការណ៍​ពីអ​គ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍​ ​បានឱ្យ​ដឹង​ថា​ ​គិត​ត្រឹម​ខែកក្កដា​ ​ឆ្នាំ២០១៩​ ​មាន​ជនជាតិ​ចិន​ ​ប្រមាណ​ជា​ ​២​ ​លាន​នាក់​ ​បាន​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ ​ដែល​ក្នុង​នោះ​ ​ចំនួន​ ​២៥​ ​ម៉ឺន​នាក់​ ​កំពុង​រស់នៅ​ ​ធ្វើការ​ ​និង​វិយោគ​នៅ​កម្ពុជា​។​

​យោង​តាម​ការសិក្សា​របស់​ក្រុមហ៊ុន​ ​Furi​ ​Times​ ​Square​ ​ដែល​បាន​ចេញផ្សាយ​កាលពី​ពាក់កណ្តាល​ឆមាស​ទី២​ ​ឆ្នាំ២០១៨​ ​ ​កន្លងទៅ​ ​បាន​បង្ហាញថា​ ​តម្លៃ​ដីធ្លី​នៅ​ក្រុង​ព្រះសីហនុ​ ​បាន​កើនឡើង​ដល់​ ​៤,០០០ដុល្លារ​ ​ក្នុង១ម៉ែត្រការ៉េ​ ​ជាពិសេស​នៅ​តំបន់ឆ្នេរ​អូរ​ឈើទាល​ជាទី​តាំង​ដែល​មាន​សកម្មភាព​ទិញ​លក់​ខ្លាំង​ ​និង​ថ្លៃ​ខ្ពស់​ជាងគេ​ ​ពោល​គឺ​មានតម្លៃ​ពី​ ​១,៥០០​ ​ទៅ​ ​២,៥០០ដុល្លារ​ ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ​កាលពី​ឆ្នាំ២០១៥​។​ ​ប៉ុន្តែ​ឆ្នាំ២០១៨​ ​កើនឡើង​ឡើង​ដល់​ ​២,០០០​ ​ដល់​ ​៤,០០០​ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។​

​ដោយឡែក​ ​បើ​តាម​របាយការណ៍​តម្លៃ​ដី​របស់​ក្រុមហ៊ុន​ ​ឃី​រៀល​ ​អ៊ី​ស្ទេ​ត​ ​ចេញផ្សាយ​នៅ​ឆមាស​ទី១​ ​ឆ្នាំ២០១៩​ ​បាន​បង្ហាញថា​ ​តម្លៃ​ដី​នៅ​ខេត្ត​ព្រះសីហនុ​ ​បាន​បន្ត​កើនឡើង​ខ្ពស់​គួរ​ឱ្យ​កត់សម្គាល់​ ​ក្នុង​នោះ​ដី​សង្កាត់​លេខ១​ ​កើនឡើង​ជិត​ ​៦៥​%​ ​រី​ឯ​សង្កាត់​លេខ៣​ ​កើនឡើង​ជាង​ ​៩០​%​ ​ធៀប​នឹង​ឆមាស​ទី២​ ​ឆ្នាំ២០១៨​។​

​ក្នុងរយៈ​ពេល​ថ្មី​ៗ​នេះ​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​សេចក្តី​ប្រកាស​ ​សម្រេច​បិទ​ល្បែង​ឌីជីថល​ ​ឬ​កាស៊ីណូ​អន​ឡា​ញនៅ​កម្ពុជា​។​ ​បន្ទាប់ពី​មាន​សេចក្តី​ប្រកាស​នេះ​ ​ជនជាតិ​ចិន​រាប់​ម៉ឺន​នាក់​ ​បាន​ចាកចេញ​ពី​កម្ពុជា​។​ ​បើ​យោង​តាម​របាយការណ៍​ពីអ​គ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍​ ​បានឱ្យ​ដឹង​ថា​ ​មាន​ជនជាតិ​ចិន​យ៉ាងហោចណាស់​ ​ជិត​ ​១២​ ​ម៉ឺន​នាក់​ហើយ​ ​បាន​ចាកចេញ​ពី​កម្ពុជា​គិតដល់​ត្រឹម​ថ្ងៃទី៥​ ​ខែកញ្ញា​ ​ឆ្នាំ២០១៩​។​

​ការ​បិទ​ល្បែង​អន​ឡាញ​ ​និង​ការ​ហូរចេញ​នៃ​ជនជាតិ​ចិន​ ​បាន​ក្លាយជា​ក្តី​កង្វល់​មួយ​ ​សម្រាប់​វិស័យ​អចលនទ្រព្យ​កម្ពុជា​ ​ប៉ុន្តែ​អ្នកជំនាញ​ ​ក៏បាន​សាទរ​ចំពោះ​វិធានការ​របស់​រដ្ឋាភិបាល​ផង​ដែរ​។​ ​អ្នកជំនាញ​យល់​ឃើញ​ដូច​ៗ​គ្នា​ថា​ ​វិធានការ​របស់​រដ្ឋាភិបាល​នេះ​ ​គឺជា​សញ្ញាណ​វិជ្ជមាន​ដ៏​ល្អ​មួយ​ ​សម្រាប់​សេដ្ឋកិច្ច​ ​និង​វិស័យ​អចលនទ្រព្យ​របស់​កម្ពុជា​ក្នុងរយៈពេល​វែង​។​

​ក្នុង​បទសម្ភាសន៍​ជាមួយ​ ​Realestate.com.kh​ ​កាលពីដើម​ខែកញ្ញា​ ​ឧកញ៉ា​ ​នួន​ ​រិទ្ធី​ ​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ ​Khmer​ ​Appraisal​ ​Foundation​ ​បាន​លើកឡើង​ថា​៖​ ​«​ជនជាតិ​ចិន​ដែល​ចាកចេញ​ពី​ខេត្ត​ព្រះសីហនុ​ ​គឺជា​ទេសចរ​មកលេង​ល្បែងស៊ីសង​ ​មិនមែន​ជា​អ្នក​វិនិយោគ​ទេ​»​។​ ​លោក​ថា​ ​ការសម្រេច​បញ្ឈប់​ការ​ចេញ​អាជ្ញាប័ណ្ណ​ល្បែងស៊ីសង​ ​គឺជា​យុទ្ធសាស្ត្រ​ដ៏​ល្អ​មួយ​ដើម្បី​ច្រោះ​យក​វិ​និ​យោ​គិ​ន​ល្អ​ៗ​ ​ដែល​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​សេដ្ឋកិច្ច​កម្ពុជា​ក្នុងរយៈពេល​វែង​។​

​ដូចគ្នា​នេះ​ដែរ​ ​ថ្លែង​នៅក្នុង​ពិព័រណ៍​អចលនទ្រព្យ​ឆ្នាំ​ ​២០១៩​ ​កាលពីដើម​ខែតុលា​នេះ​ ​លោក​បណ្ឌិត​ ​គីម​ ​ហ៊ា​ង​ ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ខ្មែរ​រៀល​អ៊ី​ស្ទេ​ត​ ​ក៏​មើលឃើញ​ពី​ផល​ចំណេញ​រយៈពេល​វែង​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​ ​ពិសេស​វិស័យ​អចលនទ្រព្យ​។​ ​លោក​ថា​ ​ការបញ្ឈប់​ការភ្នាល់​ល្បែង​អន​ឡាញ​ ​នឹង​ផ្តល់​ផល​ល្អ​សម្រាប់​ម៉ាក្រូ​សេដ្ឋកិច្ច​រយៈពេល​វែង​ ​ប្រកប​ដោ​យស្ថេ​ភាព​ ​និង​និរន្តរភាព​។​

​ទោះ​យ៉ាងណា​ ​បណ្ឌិត​ ​គីម​ ​ហ៊ា​ង​ ​មើលឃើញ​ថា​ ​ក្នុងរយៈពេល​ខ្លី​ ​ការ​ហូរចេញ​ដ៏​ច្រើន​នៃ​ជនជាតិ​ចិន​ ​ដែល​បណ្តាល​មក​ពី​ការ​បិទ​ល្បែង​អន​ឡា​ញនេះ​ ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ច្រើន​ដល់​តម្លៃ​ដីធ្លី​នៅ​ក្រុង​ព្រះសីហនុ​ ​ក្រុង​ប៉ោយប៉ែត​ ​និង​ក្រុង​បាវិត​។​

​លោក​ ​បាន​បញ្ជាក់​ថា​ ​អគារ​នៅក្នុង​ព្រះសីហនុ​ ​ដែល​ធ្លាប់​ជួល​ ​២ម៉ឺន​ដុល្លារ​ពីមុន​ ​ឥឡូវ​ធ្លាក់​ក្រោម​ ​១ម៉ឺន​ដុល្លារ​ ​(​ប៉ុន្តែ​គ្មាន​អ្នកជួល​)​ ​រី​ឯ​ដីធ្លី​ ​ធ្លាប់​មានតម្លៃ​ ​៥០០ដុល្លារ​ ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ​ធ្លាក់​មក​ត្រឹម​ ​១៥០ដុល្លារ​។​

​សម្រាប់​បញ្ហា​នេះ​ ​បណ្ឌិត​ ​គីម​ ​ហ៊ា​ង​ ​បាន​លើកឡើង​ថា​ ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ធ្លាក់​ ​ចុះ​នៃ​វិស័យ​អចលនទ្រព្យ​ ​គឺ​ត្រូវ​បន្ត​ការ​ចេញ​អាជ្ញាប័ណ្ណ​ឱ្យ​ក្រុមហ៊ុន​ ​ដែល​កំពុង​ប្រតិបត្តិ​ការ​ស្រាប់​ក្នុង​ពេល​បច្ចុប្បន្ន​ ​ឱ្យ​បាន​រយៈពេល​មួយឆ្នាំ​ទៀត​។​ ​ ​នេះ​មានន័យថា​ ​សម្រាប់​ក្រុមហ៊ុន​ ​កាស៊ីណូ​ ​ដែល​មាន​អ​ជ្ញា​ប័ណ្ណ​កំពុង​ដំណើរការ​ ​និង​កំពុង​ជួល​អគារ​ស្រាប់​ ​គួរ​ត្រូវ​បាន​បន្ត​កិច្ចសន្យា​មួយឆ្នាំ​ទៀត​។​ ​ចំណែក​បើ​មាន​អ​ជ្ញា​ប័ណ្ណ​ ​តែ​មិន​ធ្វើ​ប្រតិបត្តិ​ការ​ត្រូវ​ដក​យក​វិញ​ ​ហើយ​រដ្ឋ​ក៏​នឹង​មិន​ផ្តល់​អ​ជ្ញា​ប័ណ្ណ​ដល់​ក្រុមហ៊ុន​ថ្មីទៀត​ដែរ​។​ ​លោក​ ​ជឿ​ថា​ ​ការ​ធ្វើបែប​នេះ​ ​អាច​ធ្វើ​ឱ្យ​ស្ថានភាព​ទីផ្សារ​អចលនទ្រព្យ​ ​(​ការទិញ​លក់​-​ជួល​ ​ការសាងសង់​ជាដើម​)​ ​មាន​លំនឹង​ជា​ធម្មតា​។​

​ទោះជាយ៉ាងណា​ ​អ្នកជំនាញ​មួយចំនួន​យល់ឃើញ​ថា​ ​ការ​បិទ​ល្បែង​អន​ឡាញ​ ​អាច​ផ្តល់​ផល​ប៉ះពាល់​តិចតួច​ប៉ុណ្ណោះ​ទៅលើ​វិស័យ​អចលនទ្រព្យ​។​ ​ឧកញ៉ា​ ​ចេង​ ​ខេង​ ​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ ​ក្រុមហ៊ុន​ ​CPL​ ​បាន​លើកឡើង​ ​នៅក្នុង​ពិព័រណ៍​អចលនទ្រព្យ​ដែរ​ថា​ ​“​យើង​មិន​គួរ​មាន​ក្តី​បារម្ភ​ ​ខ្លាំងពេក​នោះ​ទេ​ ​ចំពោះ​ការ​បិទ​ល្បែង​អន​ឡាញ​ ​(​ពិសេស​នៅ​ខេត្ត​ព្រះសីហនុ​)​ ​ដោយសារ​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​ ​មិន​ផុយ​ស្រួយ​ ​ដោយសារ​ការ​ចាកចេញ​នៃ​ជន​ជនជាតិ​ចិន​ពី​កម្ពុជា​នោះ​ទេ​។​ ​ផ្ទុយទៅវិញ​ ​ការ​ធ្វើ​នេះ​ ​គឺ​ដើម្បី​ស្ថេរ​ភាព​នៃ​វិស័យ​អចលនទ្រព្យ​រយៈពេល​យូរ​”​។​ ​ឧកញ៉ា​ ​ចេង​ ​ខេង​ ​បាន​បន្ត​ថា​ ​រដ្ឋាភិបាល​ ​បាន​កំពុង​យកចិត្ត​ទុកដាក់​ខ្លាំង​លើ​ការ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​។​

​បើ​តាម​ការ​អះអាង​ពី​ក្រុម​អ្នកជំនាញ​សភា​ពាណិជ្ជកម្ម​ដែល​មាន​អ្នកឧកញ៉ា​ ​គិត​ ​ម៉េ​ង​ ​ជា​ប្រធាន​ ​និង​ឧកញ៉ា​ ​លី​ ​ហួរ​ ​ជា​សហប្រធាន​ ​ក៏​មាន​រៀបចំ​ក្រុមការងារ​ត្រួតពិនិត្យ​ ​និង​បាន​ជជែក​ជាមួយ​ភាគី​រដ្ឋាភិបាល​ ​ក្នុង​ការកំណត់​ ​និង​វាយតម្លៃ​ហានិភ័យ​ ​និង​បញ្ហា​នានា​ដែល​អាច​កើតមាន​នៅ​ខេត្ត​ព្រះសីហនុ​។​

​ជា​លទ្ធផល​ ​ដោយសារ​សំណង់​អគារ​នៅ​ខេត្ត​ព្រះសីហនុ​ ​កំពុង​មានដំណើរ​ការ​សាង​សង់​យ៉ាង​ម​មារ​ញឹក​ ​ចំណែក​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ ​មិនទាន់​សាងសង់​រួចរាល់​ផង​នោះ​ ​ដែល​ទាំងនេះ​ ​វា​បាន​បង្ក​ឱ្យ​មាន​បញ្ហា​ ​ភាព​គ្មាន​ស​ណ្ឋាប់​ធ្នាប់​ ​និង​សុវត្ថិភាព​ ​ដល់​ការរស់នៅ​របស់​ប្រជាជន​។​ ​បើ​តាម​ការពិភាក្សា​ ​ទិសដៅ​បន្ទាប់​ ​រដ្ឋាភិបាល​នឹង​ត្រូវ​រៀបចំ​ឱ្យ​មាន​លំនៅ​ដ្ឋាន​តម្លៃ​សមរម្យ​នៅក្នុង​ខេត្ត​ព្រះសីហនុ​សម្រាប់​អ្នក​ក្នុង​ស្រុក​។​

​សូម​បញ្ជាក់​ដែរ​ថា​ ​បើ​យោង​តាម​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ ​ដែល​បាន​លើកឡើង​កាលពី​ខែកក្កដា​ ​ឆ្នាំ២០១៩ថា​ ​អាជីវកម្ម​ស្ទើរតែ​ ​៩០​%​ ​នៅក្នុង​ខេត្ត​ព្រះសីហនុ​ ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន​ ​ដែល​រាប់​ចាប់តាំងពី​ផ្ទះសំណាក់​ ​សណ្ឋាគារ​ ​ហាង​ម៉ាស្សា​ ​ភោជនីយដ្ឋាន​ ​និង​កាស៊ីណូ​ជាដើម​។​ ​បច្ចុប្បន្ន​ ​ក្រុង​ព្រះសីហនុ​ ​មាន​សណ្ឋាគារ​ ​និង​ផ្ទះសំណាក់​ចំនួន​ ​១៥៦ទីតាំង​ ​កាស៊ីណូ​ចំនួន​ ​៦២​ ​ ​ក្លិប​កម្សាន្ត​ចំនួន​ ​៤៨​ ​ហាង​ខារ៉ាអូខេ​ចំនួន​ ​៤១​ ​ ​ហាង​ម៉ាស្សា​ចំនួន​ ​៤៦​ ​និង​ភោជនីយដ្ឋាន​ ​៤៣៦​ ​ទីតាំង​៕​

You can share this !

Loading...
អត្ថបទទាក់ទង