អាជ្ញាធរ​រាជធានី​ភ្នំពេញ​ ​ត្រៀម​ដាក់​ពង្រាយ​កម្លាំង​ដើម្បី​ការពារ​សន្តិសុខ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​

ភ្នំពេញ​៖​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​បាន​ចាប់ផ្តើម​រៀបចំផែនការ​ការពារ​សន្តិសុខ​សណ្តាប់​ធ្នាប់​ ​សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ ​បណ្តែត​ប្រទីប​ ​អកអំបុក​ ​និង​សំពះព្រះខែ​ ​ដែល​នឹង​ចាប់ផ្តើម​នៅ​ខែវិច្ឆិកា​ខាងមុខនេះ​ ​ដើម្បី​ធានា​បាន​សុខ​សុវត្ថិភាព​ជូន​ពលរដ្ឋ​ដែល​មកលេង​កម្សាន្ត​ ​និង​ផ្តល់​នូវ​ភាព​សប្បាយរីករាយ​។​

​លោក​ ​ឃួង​ ​ស្រេង​ ​អភិបាល​រាជធានី​ភ្នំពេញ​ ​បាន​អះអាង​ពី​ការ​រឹត​បន្តឹង​សន្តិសុខ​សណ្តាប់​យ៉ាង​តឹង​រឹងជា​ទីបំផុត​ ​ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ ​ដែល​នឹង​ចាប់ផ្តើម​នា​ថ្ងៃទី១០​ ​ទី១១​ ​និង​ថ្ងៃទី១២​ ​ខែវិច្ឆិកា​ខាងមុខនេះ​ ​ដោយមាន​ការ​ពង្រា​យក​ម្លំាង​ដើរ​ល្បាត​ ​និង​ដាក់​បុស្តិ៍​ឈរជើង​ការពារ២៤ម៉ោង​លើ២៤ម៉ោង​ ​ជុំវិញ​បរិវេណ​ប្រារព្ធ​ពិធី​ ​និង​ក្រៅ​បរិវេណ​កន្លែង​ប្រារព្ធ​ពិធី​។​

​លោក​ ​អភិបាល​រាជធានី​ភ្នំពេញ​ ​បាន​បញ្ជាក់​ថា​ ​ការរៀបចំ​ផែនការ​ការពារ​ ​និង​កម្លំាង​ការពារ​សន្តិសុខ​នេះ​ ​គឺជា​ការរៀបចំ​ជាមុន​ ​ដើម្បី​ត្រៀម​គ្រប់គ្រង​ស្ថានការណ៍​បទល្មើស​ ​ការ​បង្កចលាចល​ ​និង​ឧប្បទ្ទវ​ហេតុ​ ​រួម​ទាំង​គ្រោះ​ថ្នា​ក់​ផ្សេង​ៗ​នៅក្នុង​កន្លែង​ប្រារព្ធ​ព្រះរាជ​ពិធី​ ​ខណៈ​ដែល​ព្រះរាជ​ពិធីបុណ្យ​នេះ​ ​នឹង​មាន​មនុស្ស​ចូលរួម​ច្រើន​ ​ងាយ​ប្រឈម​ភាព​ងាយ​រងគ្រោះ​។​

​លោក​អភិបាល​ ​បាន​បញ្ជាក់​បន្ថែម​ថា​ ​ដើម្បី​ធានា​ឱ្យ​ព្រះរាជ​ពិធីបុណ្យ​នេះ​ ​បាន​ប្រព្រឹត្តទៅ​ដោយ​រលូន​ប្រកបដោយ​ភាព​សប្បាយរីករាយ​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​ក៏បាន​រៀបចំ​ជា​គណៈកម្មការ​ជាច្រើន​ទៀត​ ​ដូចជា​ការ​ ​គណៈកម្មការ​គ្រប់គ្រង​សន្តិសុខ​សណ្តាប់​ធ្នាប់​ ​គ្រប់គ្រង​កន្លែង​ចំណតទូក​និង​ក្រុមកីឡា​ករ​ ​ការរៀបចំ​សណ្តាប់​ធ្នាប់​សាធារណៈ​ ​តំបន់​សប្បាយភាព​ ​និង​គណៈកម្ម​ការ​ផ្សេង​ៗ​ទៀត​៕​

អត្ថបទ៖ គន្ធ តារាវិឆ័យ

You can share this !

Loading...
អត្ថបទទាក់ទង