មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា​ ​ជួប​ជាមួយនឹង​មេបញ្ជាការ​សង្គ្រាម​ពិសេស​កងទ័ពជើងគោក​កូរ៉េ​ខាងត្បូង​ ​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​

ភ្នំពេញ​៖​ ​នៅ​រសៀល​ថ្ងៃទី១៥​ ​ខែតុលា​នេះ​ ​ឧត្តមសេនីយ៍ឯក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​អគ្គ​មេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​ ​និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា​ ​បាន​ជួបពិភាក្សា​ការងារ​ ​ជាមួយ​ឧត្តមសេនីយ៍ឯក​ ​គីម​ ​ជុង​ស៊ូ​ ​មេបញ្ជាការ​បញ្ជាការ​ដ្ឋាន​សង្គ្រាម​ពិសេស​កងទ័ពជើងគោក​ ​នៃ​សាធារណរដ្ឋ​កូរ៉េ​។​

​ក្នុង​ជំនួប​ឧត្តមសេនីយ៍ឯក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​សម្តែង​នូវ​ការ​ស្វាគមន៍​ ​និង​ថ្លែងអំណរគុណ​ ​ចំពោះ​គណៈប្រតិភូ​កងទ័ព​សាធារណរដ្ឋ​កូរ៉េ​ ​ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ ​ជាពិសេស​បាន​មក​ចូលរួម​អបអរសាទរ​ពិធី​ខួប​អនុស្សាវរីយ៍​លើក​ទី២៥​ ​នៃ​ថ្ងៃ​បង្កើត​កងពលតូច​លេខ៧០​ ​នៃ​កងទ័ពជើងគោក​កម្ពុជា​។​

​ក្នុងនាម​កងទ័ពជើងគោក​ ​នៃ​កងយោធពល​ខេមរភូមិន្ទ​ ​ឧត្តមសេនីយ៍ឯក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​ ​និង​បាន​ថ្លែងអំណរគុណ​ ​ចំពោះ​កងទ័ព​នៃ​សាធារណរដ្ឋ​កូរ៉េ​ ​ដែល​ជានិច្ចកាល​តែងតែបាន​គាំទ្រ​ ​និង​ផ្តល់​ជំនួយ​សហប្រតិបត្តិ​ការ​ជាច្រើន​ដល់​កងយោធពល​ខេមរភូមិន្ទ​ ​ទាំង​សម្ភារ​ ​បរិ​ក្ខា​ ​ជំនាញ​ ​ប​ចេ្ច​ក​ទេស​ ​និង​ការចែក​រំលែក​នូវ​បទពិសោធន៍​ ​ដើម្បី​ពង្រឹង​សមត្ថភាព​ ​និង​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ក្នុង​កងទ័ព​ ​សំដៅ​បម្រើ​ដល់​ផលប្រយោជន៍​រួម​ ​នោះ​គឺ​ ​សុខ​សន្តិភាព​ ​និង​ស្ថិរភាព​តំបន់​។​

​ឧត្តមសេនីយ៍ឯក​ ​គីម​ ​ជុង​ស៊ូ​ ​បាន​ថ្លែងអំណរគុណ​ចំពោះ​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា​ ​ដែល​បាន​អនុញ្ញាត​ទទួល​ជួប​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ដល់​គណៈប្រតិភូ​កងទ័ព​ ​នៃ​សាធារណរដ្ឋ​កូរ៉េ​។​ ​ក្នុងនាម​ប្រធាន​គណៈប្រតិភូ​ ​លោក​ ​សូម​វាយតម្លៃ​ខ្ពស់​ ​និង​កោតសរសើរ​អំពី​វឌ្ឍនភាព​រីកចម្រើន​របស់​កម្ពុជា​ ​ក្នុង​នោះ​វិស័យ​ការពារ​ជាតិ​ ​ក៏​មាន​ភាព​រីក​លូតលាស់​។​ ​ជាក់ស្តែង​ទិដ្ឋភាព​ក្នុង​ឱកាស​ដែល​គណៈប្រតិភូ​ ​បាន​ចូលរួម​ពិធី​ខួប​លើក​ទី២៥​ ​នៃ​ថ្ងៃ​បង្កើត​កងពលតូច​លេខ៧០​។​

​គួរ​រំលឹក​ផង​ដែរ​ថា​ ​កាលពី​ឆ្នាំ២០១៨​ ​ក្រសួងការពារជាតិ​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​ក្រសួងការពារជាតិ​នៃ​សាធារណរដ្ឋ​កូរ៉េ​ ​បាន​ចុះ​អនុស្សារ​ណៈ​រួមគ្នា​មួយ​ ​ដើម្បី​បង្កើត​ទំនាក់ទំនង​លើ​វិស័យ​ការពារ​ជាតិ​ ​ដែល​នឹង​ផ្តល់​ឱកាស​ដល់​អង្គភាពយោធា​នៃ​ប្រទេស​ទាំងពីរ​ ​អាច​ធ្វើ​សហប្រតិបត្តិ​ការ​ជាមួយគ្នា​ ​ក្នុង​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ ​សំដៅ​រួមគ្នា​ថែរក្សា​សន្តិភាព​ ​និង​ស្ថិរភាព​ក្នុង​តំបន់​៕​

ដោយ៖ សិរី វឌ្ឍ

You can share this !

Loading...
អត្ថបទទាក់ទង