រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន​ ​បេ្ដ​ជ្ញា​រួមគ្នា​ធ្វើ​ឱ្យ​តំបន់​អាស៊ាន​គ្មាន​ផ្សែង​អ័ព្ទ​ឆ្លងដែន​ ​នៅ​ត្រឹម​ឆ្នាំ២០២០​

សៀមរាប​៖​ ​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន​ ​បា​នបេ្ដ​ជ្ញា​ចិត្ត​រួមគ្នា​ថា​ ​នឹង​ខិតខំ​ប្រឹងប្រែង​រៀបចំ​យន្តការ​ដោយធ្វើ​យ៉ាងណា​ឱ្យ​តំបន់​អាស៊ាន​គ្មាន​ផ្សែង​អ័ព្ទ​ឆ្លងដែន​នៅ​ត្រឹម​ឆ្នាំ២០២០​។​

​ការ​ប្តេជ្ញា​នេះ​ ​បាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​លើក​ទី១៥​ ​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន​នៅ​ខេត្តសៀមរាប​នៅ​ថ្ងៃទី៩​ ​ខែតុលា​ ​ឆ្នាំ២០១៩​។​ ​ក្រៅពី​ប្រធានបទ​លើក​មក​ជជែកគ្នា​ដ៏​សំខាន់​នេះ​ ​សមាជិក​អាស៊ាន​ក៏បាន​លើកឡើង​ផង​ដែរ​ពី​ ​បញ្ហា​ការ​បំពុល​ដោយ​សំណល់​ប្លាស្ទិក​នៅក្នុង​តំបន់​ដែល​ត្រូវ​ទប់ស្កាត់​ឱ្យ​បាន​។

​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ ​លោក​ ​នេត្រ​ ​ភក្ត្រា​ ​បានឱ្យ​ដឹង​ថា​ ​ក្នុង​កិច្ចប្រជុំ​នោះ​ ​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន​ ​បាន​ពិនិត្យ​ឡើងវិញ​នូវ​ការអនុវត្ត​កិច្ច​ព្រមព្រៀង​អាស៊ាន​ ​លើ​ការគ្រប់គ្រង​ការ​បំពុល​ផ្សែង​អ័ព្ទ​ឆ្លងដែន​ ​និង​បញ្ជាក់​ជាថ្មី​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​តាមរយៈ​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំង​ថ្នាក់​ជាតិ​ ​និង​ថ្នាក់​តំបន់​ ​ដើម្បី​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​លើ​កិច្ច​ព្រមព្រៀង​នេះ​ ​និង​ផែនទី​បង្ហាញផ្លូវ​លើ​កិច្ច​សហប្រតិបត្តិ​ការ​អាស៊ាន​លើ​ផ្នែក​គ្រប់គ្រង​ការ​បំពុល​ដោយ​ផ្សែង​អ័ព្ទ​ឆ្លងដែន​ជាមួយនឹង​មធ្យោបាយ​នៃ​ការអនុវត្ត​ ​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ​តំបន់​អាស៊ាន​គ្មាន​ផ្សែង​អ័ព្ទ​ឆ្លងដែន​នៅ​ត្រឹម​ឆ្នាំ២០២០​។​

​ទោះ​យ៉ាងណាក៏ដោយ​ ​អ្នកនាំពាក្យ​រូប​នេះ​ ​បាន​ពន្យល់​ថា​ ​ការសម្រេច​បាន​ ​ឬ​យ៉ាងណា​នោះ​ ​គឺ​អាស្រ័យ​លើ​ការរៀបចំ​យន្តការ​ ​ក៏ដូចជា​កា​រកៀ​គរ​នូវ​មូលនិធិ​ហិរញ្ញវត្ថុ​គាំទ្រ​ ​និង​ការរៀបចំ​យុទ្ធសាស្ត្រ​ឱ្យ​បាន​ច្បាស់លាស់​ប៉ុណ្ណោះ​។​ ​ប្រសិនបើ​ទប់ស្កាត់​មិនបាន​ទាំងស្រុង​ទេ​នោះ​ ​ក៏​ត្រូវតែ​ឱ្យ​មាន​តិច​បំផុត​ ​ដោយ​មិន​អនុញ្ញាត​ឱ្យ​មានការ​រីក​រាលដាល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន​ ​គុណភាព​ខ្យល់​ ​និង​សុខភាព​ប្រជាពលរដ្ឋ​ ​ក៏ដូចជា​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​អាស៊ាន​នោះ​ទេ​។​

​ទន្ទឹម​នឹង​នោះ​ ​លោក​ ​នេត្រ​ ​ភ​ក​ក្ត្រា​ ​បានឱ្យ​ដឹង​ដែរ​ថា​ ​ប្រទេស​សិង្ហបុរី​ ​បាន​គាំទ្រ​ចំពោះ​ការ​ផ្ដួចផ្តើម​របស់​កម្ពុជា​ ​ក្នុង​ការ​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​អំពី​ផល​ប៉ះពាល់​ដែល​បណ្ដាលមកពី​ផ្សែង​អ័ព្ទ​នេះ​។​ ​លោក​ថា​ ​បញ្ហា​ផ្សែង​អ័ព្ទ​ដែល​មាន​ភាគល្អិត​នៅ​ក្នុង​បរិ​យា​កាល​ ​គឺ​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​គុណភាព​ខ្យល់​ ​សុខភាព​មនុស្ស​ទេ​ ​តែ​វា​ថែមទាំង​បាន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​ ​និង​សង្គម​ផង​ដែរ​។​

​សូម​បញ្ជាក់​ថា​ ​កិច្ចប្រជុំ​លើក​ទី១៥​ ​រដ្ឋ​ន្ត្រី​បរិស្ថាន​អាស៊ាន​ ​ត្រូវ​បាន​បិទ​បញ្ចប់​ហើយ​។​ ​ប្រធានបទ​សំខាន់​នៅក្នុង​កិច្ចប្រជុំ​នេះ​គឺ​ ​ផ្សែង​អ័ព្ទ​ឆ្លងដែន​ ​បន្ទាប់ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​បាន​ធ្វើ​ឱ្យ​កើតមានឡើង​នូវ​បញ្ហា​នេះ​ធំជាង​គេ​នៅក្នុង​តំបន់​ ​គឺ​ធ្វេស​ប្រ​ហេ​សពី​ការ​ភ្លើង​ឆេះ​ព្រៃ​ ​ដែល​ប្រទេសជិតខាង​ ​កំពុង​មានការ​ព្រួយបារម្ភ​ពី​បញ្ហា​នេះ​ជា​ខ្លាំង​ ​ហើយ​ក្នុង​កិច្ចប្រជុំ​នោះ​ ​ភា​គី​ឥណ្ឌូ​នេ​ស៊ី​ ​បាន​ប្តេជ្ញា​ថា​ ​នឹង​ខិតខំ​ដោះស្រាយ​នូវ​បញ្ហា​ដែល​បាន​និង​កំពុង​កើតឡើង​នេះ​។​ ​

​ក្រៅពី​ប្រធានបទ​ ​ផ្សែង​អ័ព្ទ​ឆ្លងដែន​នេះ​ ​ក៏​មាន​ប្រធានបទ​ផ្សេងទៀត​ផង​ដែរ​ ​ដែល​សមាជិក​អាស៊ាន​ ​បាន​ប្តេជ្ញា​ខិតខំ​ដោះស្រាយ​ ​ដូចជា​ការ​បំពុល​ដោយ​សំណល់​ប្លាស្ទិក​ ​ការជំរុញ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិ​ការ​រួមគ្នា​លើ​ការ​អភិរក្ស​ជីវៈ​ចម្រុះ​ ​និង​ធនធាន​ធម្មជាតិ​ជាដើម​ ​ក្នុង​ការ​ធ្វើ​ឱ្យ​តំបន់​អាស៊ាន​ទាំងមូល​មាន​ភាព​ស្រស់បំព្រង​ទៅ​ដោយ​ធម្មជាតិ​។​

​លើស​ពីនេះ​ ​ប្រទេស​សមាជិក​អាស៊ាន​ ​ក៏បាន​ស្នើសុំ​ឱ្យ​មានការ​ជជែកគ្នា​ ​ក៏ដូចជា​សហការ​គ្នា​ ​ឱ្យ​កាន់តែ​ស្អិត​រមួត​គ្នា​បន្ថែម​ទៀត​ ​មិនមែន​ត្រឹមតែ​ផ្តោត​តែ​ជាមួយ​រដ្ឋមន្ត្រី​បរិស្ថាន​នោះ​ទេ​ ​ក៏ប៉ុន្តែ​សូម​ឱ្យ​ភាគី​ពាក់ព័ន្ធ​នានា​ ​នៅក្នុង​តំបន់​អាស៊ាន​ ​រួមគ្នា​ធ្វើការ​ដោយ​ជួបជុំគ្នា​ ​ដើម្បី​ជជែក​ពី​បញ្ហា​ដែល​បាន​កើតឡើង​ ​ដោយ​ចៀសវាង​មាន​បញ្ហា​អ្វីមួយ​ដែល​បាន​កើតឡើង​ ​រួចមក​ចង្អុលមុខ​ដាក់គ្នា​ទៅវិញទៅមក​៕​

ដោយ៖ គង់ ប៊ុនណា

You can share this !

Loading...
អត្ថបទទាក់ទង