បទ​វិភាគ​៖​ ​ហេតុអ្វី​ថៃ​មួយចំនួន​ ​គាំទ្រ​ចិនដីគោក​ ​ជាង​ហុងកុង​?​

​គិត​មកទល់​ពេលនេះ​ ​ចលា​នា​បាតុកម្ម​នៅក្នុង​ទីក្រុង​ហុងកុង​ ​បាន​អូស​បន្លាយ​អស់​រយៈពេល​ ​១៨សប្ដាហ៍​មក​ហើយ​ ​ដែល​ចលនា​បាតុកម្ម​នេះ​ ​បាន​វិវឌ្ឍ​ពីអ​ហិង្សា​ ​រហូតដល់​កើតមាន​អំពើ​ហិង្សា​ ​ដោយមាន​ការ​ប៉ះទង្គិច​រវាង​បាតុករ​ទល់នឹង​កងកម្លាំង​សន្តិសុខ​ ​ការ​បំផ្លិច​បំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ​ ​ការ​ចាប់ខ្លួន​បាតុករ​ ​ជាដើម​។​ ​ដំណើរ​ដើមចម​នៃ​ការ​មិន​ពេញចិត្ត​របស់​ក្រុម​អ្នក​តវ៉ា​ ​ដែល​បាន​ប្រមូលផ្ដុំ​គ្នា​ជាង​ ​១លាន​នាក់​ ​ដើម្បី​តវ៉ា​ ​កាលពី​ថ្ងៃទី៩​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​គឺ​បណ្ដាលមកពី​សេចក្ដីព្រាង​ច្បាប់​បត្យាប័ន​ជាមួយ​ចិនដីគោក​ ​ដែល​បច្ចុប្បន្ន​ ​ត្រូវ​បាន​ទម្លាក់​ចោល​ជាស្ថាពរ​ដោយ​រដ្ឋបាល​ទីក្រុង​ហុងកុង​។​

​ទោះបីជា​រដ្ឋបាល​របស់​លោកស្រី​ ​ខា​រី​ ​ឡាម​ ​មេដឹកនាំ​ហុងកុង​ ​បានសម្រេច​ចិត្ត​ដក​សេចក្ដីព្រាង​ច្បាប់​នេះ​ក៏ដោយ​ ​ក៏​ក្រុម​បាតុករ​ ​ទាមទារ​ឱ្យ​លោកស្រី​ ​ធ្វើតាម​នូវ​រឿង​ចំនួន​ ​៤ចំណុច​ទៀត​ ​រួមមាន​៖​ ​ស៊ើបអង្កេត​រឿង​អំពើ​ហិង្សា​របស់​កម្លាំង​សន្តិសុខ​ ​ដោះលែង​បាតុករ​ដែល​ជាប់ឃុំឃាំង​ ​បញ្ឈប់​ការ​ហៅ​ចលនា​បាតុកម្ម​ជា​កុបកម្ម​ ​និង​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​ទស្សនៈ​នៅ​ហុងកុង​។​

​បញ្ហា​ហុងកុង​ ​ត្រូវ​បាន​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​ពីសំណាក់​ប្រជាជន​នៅ​ទូទាំង​ពិភពលោក​ ​ក្នុង​នោះ​ ​ក៏​មាន​សមាជិក​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​ថៃ​ផង​ដែរ​។​ ​លោក​ ​Warong​ ​Dechvikrom​ ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​ ​បាន​ចាត់ទុក​សកម្មភាព​របស់​បាតុករ​នៅ​ហុងកុង​ ​ថា​ ​ការ​បណ្ដុះ​គំនិត​ស្អប់ខ្ពើម​ជាតិសាសន៍​ខ្លួនឯង​។​ ​លោក​បាន​បន្ត​ថា​ ​ពួកគេ​កំពុង​ភ្លេច​នូវ​ប្រភព​ដើម​របស់​ខ្លួន​ហើយ​ ​ដែល​ជា​ ​ចិន​ ​។​ ​ពួកគេ​ ​បាន​លើក​ទង់ជាតិ​អាមេរិក​ ​និង​ចក្រភព​អង់គ្លេស​ ​រួច​ដើរតាម​ដងផ្លូវ​ ​ដោយ​រំពឹង​ថា​ ​ពួកគេ​នឹង​ទទួល​បាន​ជំនួយ​ដើម្បី​ដោះស្រាយ​បញ្ហា​ហុងកុង​។​

​ការ​រំពឹង​បែបនេះ​ ​គឺ​វា​ផ្ទុយពី​ការ​គិត​របស់​ប្រជាជន​ថៃ​ ​មួយចំនួន​ ​ដែល​ជឿ​ថា​ ​លោកខាងលិច​ ​តែងតែបាន​ជ្រៀត​ជ្រែង​ក្នុង​កិច្ចការ​នយោបាយ​ថៃ​ ​អំឡុង​សង្គ្រាម​ត្រជាក់​ ​និង​មាន​ជាបន្តបន្ទាប់​។​ ​ពួកគេ​ ​យល់ថា​ ​ចិន​ ​ល្អ​ជាង​អាមេរិក​ ​ដោយសារតែ​ពួកគេ​ ​គិតថា​ ​ចិន​ ​មិន​ចាក់​មនោគមន៍​របស់​ខ្លួន​មក​លើ​ប្រជាជន​ថៃ​ទេ​ ​ព្រោះ​ចិន​ ​មិន​ខ្វល់​ពី​ប្រព័ន្ធ​នយោបាយ​របស់​ថៃ​ ​គឺ​ខ្វល់​តែ​បញ្ហា​លុយ​ប៉ុណ្ណោះ​។​ ​វា​មិនមែន​ជា​រឿង​ចម្លែក​ទេ​ ​ដែល​ថា​ ​បច្ចុប្បន្ន​ ​គេ​អាចយ​កកា​សែត​ ​China​ ​Daily​ ​នៅ​តាម​ហាង​កា​ហ្វេ​ល្បី​ៗ​ ​នៅក្នុង​ទីក្រុង​បាងកក​ ​បាន​ដោយ​ឥតគិតថ្លៃ​នោះ​។​

​មូលហេតុ​មួយទៀត​ ​ដែល​ប្រជាជន​ថៃ​ ​មួយចំនួន​ ​ចង់ឱ្យ​ចិន​ ​បញ្ជូន​កម្លាំង​ចូល​បង្ក្រាប​ក្រុម​បាតុករ​នៅ​ហុងកុង​ ​នោះ​គឺ​ ​ពួកគេ​ជា​ក្រុម​អភិរក្ស​ ​ដែល​ផ្ដល់​តម្លៃ​ខ្ពស់​លើ​ ​សន្តិសុខ​ ​និង​ស្ថិរភាព​ ​ជាង​អ្វី​ៗ​ទាំងអស់​។​ ​ដូច្នេះ​ ​អ្វី​ដែល​កំពុង​កើតឡើង​នៅ​ហុងកុង​ ​គឺ​ផ្ទុយពី​ផ្នត់គំនិត​របស់​ពួកគេ​។​ ​សន្តិសុខ​ ​សន្តិភាព​ ​និង​សណ្ដាប់ធ្នាប់​ ​ជា​អ្វី​ដែល​ក្រុម​អភិរក្ស​ថៃ​ ​ចង់បាន​។​ ​ពួកគេ​ ​គិតថា​ ​ចិន​ជា​គំរូ​ដ៏​ល្អ​សម្រាប់​ពួកគេ​ ​ដែល​អាច​ទទួលយក​បាន​។​

​ប្រទេស​ថៃ​ ​កាន់តែ​ខិតចូល​ក្នុងរង្វង់​នៃ​ឥទ្ធិពល​របស់​ចិន​ ​ខណៈ​ថៃ​ ​កំពុង​ស្វែងរក​ប្រជាធិបតេយ្យ​ ​និង​សេរីភាព​ពិតប្រាកដ​។​ ​ថៃ​ពិតជា​ចង់បាន​ប្រជាធិបតេយ្យ​ ​តែ​ការ​គាំទ្រ​ហុងកុង​ ​ដែល​ប្រជាធិបតេយ្យ​កំពុង​ធ្លាក់ចុះ​ ​មិន​អាច​ជួយ​អ្វី​បាន​ឡើយ​៕​

You can share this !

Loading...
អត្ថបទទាក់ទង