ក្រសួង​អប់រំ​ ​ចាប់ផ្តើម​អនុវត្ត​កម្មវិធី​លើកកម្ពស់​សុខភាព​តាម​សាលារៀន​

ភ្នំពេញ​៖​ ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​បាន​ចាប់ផ្តើម​អនុវត្ត​កម្មវិធី​លើកកម្ពស់​សុខភាព​តាម​សាលារៀន​ ​ជាលើកដំបូង​នៅ​កម្ពុជា​ ​ដើម្បី​រួមចំណែក​កាត់បន្ថយ​អត្រា​ជំងឺឆ្លង​ ​ជំងឺមិនឆ្លង​ ​និង​គ្រោះ​ថ្នា​ក់​ផ្សេង​ៗ​ដល់​អ្នក​សិក្សា​ ​និង​បុគ្គលិក​អប់រំ​។​

​ក្រុមការងារ​បច្ចេកទេស​លើកកម្ពស់​សុខភាព​តាម​សាលារៀន​ ​បាន​ជួប​ប្រជុំ​ជាលើកដំបូង​នៅ​ថ្ងៃម្សិលមិញ​នេះ​ ​ក្រោម​វត្តមាន​លោកស្រី​ ​គឹម​ ​សេដ្ឋា​នី​ ​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​ដែល​មានការ​ចូលរួម​ពី​អង្គភាព​ ​ស្ថាប័ន​ ​និង​ដៃគូ​អភិវឌ្ឍន៍​ពាក់ព័ន្ធ​ ​ដោយ​បង្ហាញ​ពី​ការ​យកចិត្ត​ទុកដាក់​គាំទ្រ​ ​និង​ផ្ដល់​អាទិភាព​ ​លើ​ការងារ​លើកកម្ពស់​សុខភាព​តាម​សាលារៀន​។​

​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​លើក​ទី១នេះ​ ​ធ្វើឡើង​បន្ទាប់ពី​គោលនយោបាយ​ជាតិ​ស្ដីពី​ការ​លើកកម្ពស់​សុខភាព​សិក្សា​ ​ត្រូវ​បាន​អនុម័ត​ដោយ​គណៈរដ្ឋ​មន្ត្រី​ ​ព្រមទាំង​ត្រូវ​បាន​ផ្សព្វផ្សាយ​ឱ្យ​អនុវត្ត​ ​ចាប់តាំងពី​ខែឧសភា​ ​ឆ្នាំ២០១៩កន្លងទៅ​នេះ​។​

​សូម​បញ្ជាក់​ថា​ ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​បាន​ផ្តួចផ្តើម​បង្កើត​ ​“​ក្រុមការងារ​បច្ចេកទេស​លើកកម្ពស់​សុខភាព​តាម​សាលារៀន​”​ ​នេះ​ឡើង​ ​ដើម្បី​ចូលរួម​ពន្លឿន​ការអនុវត្ត​គោលនយោបាយ​ជាតិ​ស្ដីពី​សុខភាព​សិក្សា​ ​និង​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​ឆ្នាំ​ ​២០១៩​-​២០២៣​ ​ព្រមទាំង​ធ្វើ​ឱ្យ​ការអនុវត្ត​កម្មវិធី​លើកកម្ពស់​សុខភាព​តាម​សាលារៀន​ ​មាន​ភាព​គ្រប់ជ្រុងជ្រោយ​។​

​ការបង្កើត​ក្រុមការងារ​នេះ​ ​ក្នុង​គោលដៅ​រួមចំណែក​កាត់បន្ថយ​អត្រា​ជំងឺឆ្លង​ ​ជំងឺមិនឆ្លង​ ​និង​គ្រោះ​ថ្នា​ក់​ផ្សេង​ៗ​ដល់​អ្នក​សិក្សា​ ​និង​បុគ្គលិក​អប់រំ​ ​ដែល​ជា​កត្តា​មិន​អាច​ខ្វះ​បាន​ក្នុង​ការចូលរួម​ពង្រឹងគុណភាព​អប់រំ​ ​និង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ប្រកបដោយ​កិត្យានុភាព​។​ ​

​លោកស្រី​ ​រដ្ឋលេខាធិការ​ ​ក៏បាន​គូសបញ្ជាក់​ថា​ ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤​ ​នីតិកាល​ទី៦​ ​បាន​កំណត់​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ជាអាទិភាព​ទី១​ ​ដើម្បី​បង្កើត​បាន​មូលធន​មនុស្ស​ ​ឆ្លើយតប​បរិបទ​នៃ​បដិវត្ត​ឧស្សាហកម្ម​ ​៤.០​ ​និង​បរិបទ​នៃ​យុគសម័យ​ឌីជីថល​។​ ​ស្ថិត​ក្នុង​បរិបទ​នេះ​ ​កម្ពុជា​ត្រូវ​ត្រៀមខ្លួន​ ​ដើម្បី​ធ្វើ​យ៉ាងណា​សម្រេច​បាន​នូវ​ការផលិត​បាន​ធនធានមនុស្ស​ ​ដែល​បាន​ត្រៀមលក្ខណៈ​ជាស្រេច​ចំពោះ​បដិវត្ត​ឧស្សាហកម្ម​ ​៤.០​៕​

ដោយ៖ ហៀង រ័ត្ន

You can share this !

Loading...
អត្ថបទទាក់ទង