មូលនិធិ​មួយ​ ​ត្រូវ​បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ជំនាញ​ដោយ​គុណភាព​ ​និង​ស្របតាម​តម្រូវការ​ទីផ្សារ​

ភ្នំពេញ​៖​ ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ​គម្រោង​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ​ ​ក្នុង​គោលបំណង​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ជំនាញ​ ​ប្រកបដោយ​គុណភាព​ ​និង​ឆ្លើយតបទៅនឹង​តម្រូវការ​ទីផ្សារ​ ​ក៏ដូចជា​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា​។​

​ពិធី​ប្រកាស​ ​បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​វត្តមាន​លោក​ ​វង្សី​ ​វិស្សុត​ ​រដ្ឋលេខាធិការ​ប្រចាំការ​ ​នៃ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ដោយមាន​ការចូលរួម​ពីសំណាក់​លោកស្រី​ ​Sunniya​ ​Durrani​ ​Jamal​ ​នាយក​ស្ថាន​តំណាង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​(​ADB​)​ ​ប្រចាំ​កម្ពុជា​ ​រួម​ទាំង​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ ​និង​វិស័យ​ឯកជន​ ​និង​គ្រឹះស្ថាន​បណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ​ផង​ដែរ​។​

​លោក​ ​វង្សី​ ​វិស្សុត​ ​បាន​លើកឡើង​ថា​ ​ក្នុងរយៈពេល​ពីរ​ទសវត្ស​ចុងក្រោយ​នេះ​ ​កម្ពុជា​សម្រេច​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ ​ជាមធ្យម​ប្រមាណ​ ​៧,៧​%​ ​ក្នុង​មួយឆ្នាំ​ ​និង​ធានា​រក្សា​បាន​នូវ​ស្ថេរ​ភាព​ម៉ាក្រូ​សេដ្ឋកិច្ច​យ៉ាង​រឹងមាំ​ ​ពិសេស​កា​រស​ម្រ​ចបា​ននូ​វកា​រកា​ត់​បន្ថយ​ភាព​ក្រីក្រ​យ៉ាង​ឆាប់រហ័ស​។​ ​សូចនាករ​នេះ​ ​បាន​ឆ្លុះបញ្ចាំង​ពី​ដំណើរ​ផ្លាស់​ប្តូរ​របស់​កម្ពុជា​ ​ដែល​បាន​ធ្វើ​ឱ្យ​កម្ពុជា​អាច​រំដោះខ្លួន​ចេញពី​ប្រទេស​ដែល​មាន​ចំណូល​កម្រិតទាប​នៅក្នុង​ឆ្នាំ២០១៥​ ​កន្លងទៅ​ ​និង​ក្លាយជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិតទាប​ ​ហើយ​កំពុង​ខិតខំ​បន្ត​ឈាន​ឆ្ពោះទៅ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​ប្រកបដោយ​មហិច្ឆតា​របស់​ខ្លួន​ ​គឺជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ២០៣០​ ​និង​ជា​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ២០៥០​។​

​លោក​ ​វង្សី​ ​វិស្សុត​ ​បាន​បន្ត​ថា​ ​រាជរដ្ឋាភិបាល​បាន​ចាត់ទុក​ការ​អភិវឌ្ឍ​វិស័យ​ជំនាញ​ ​គឺជា​អាទិភាព​ដ៏​ចម្បង​មួយ​ ​ដូច​មានកំណត់​នៅក្នុង​យុទ្ធ​សាស្រ្ត​ចតុកោណ​ ​ដំណាក់កាល​ទី៤​ ​និង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ ​ដែល​មាន​គោលដៅ​ផ្លាស់​ប្តូរ​ពី​សេដ្ឋកិច្ច​ដែល​ពឹងផ្អែក​លើ​អតិពលកម្ម​ ​ទៅជា​សេដ្ឋកិច្ច​ដែល​ពឹងផ្អែក​លើ​ជំនាញ​ ​ក៏ដូចជា​នយោបាយ​ជាតិ​ស្តី​ពី​ការ​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ ​និង​វិជ្ជាជីវៈ​ ​និង​គោលនយោបាយ​ជាតិ​ស្តី​ពីមុខ​របរ​ ​និង​ការងារ​របស់​រាជរដ្ឋាភិបាល​ផង​ដែរ​។​

​លោក​ ​រដ្ឋលេខាធិការ​ ​បាន​សង្កត់ធ្ងន់​ថា​ ​“​កម្ពុជា​ ​មាន​ភាព​ចាំបាច់​ណាស់​ក្នុង​ការ​ពង្រឹង​ភាព​ប្រកួតប្រជែង​ ​និង​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ ​ដើម្បី​អាច​ទ្រទ្រង់​ចីរភាព​នៃ​កំណើន​សេដ្ឋកិច្ច​រយៈពេល​វែង​។​ ​ព្រោះថា​ ​ប្រសិនបើ​ពុំ​មាន​កំណើន​ទេ​ ​នោះ​យើង​ក៏​នឹង​មិន​មាន​អ្វី​សម្រាប់​ធ្វើការ​បែងចែក​នៅក្នុង​សង្គមជាតិ​វិញ​នោះ​ដែរ​ ​ពិសេស​ការកាត់បន្ថយ​ភាព​ក្រីក្រ​។​ ​ជា​ទិសដៅ​យុទ្ធ​សាស្រ្ត​ទៅ​ថ្ងៃមុខ​ ​ក្នុង​ការ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​រយៈពេល​វែង​ ​គឺ​ត្រូវការ​ជំនាញ​ជាចាំបាច់​។​ ​ម្យ៉ាងវិញទៀត​ ​បើ​យើង​និយាយ​អំពី​កត្តា​នៃ​កំណើន​ ​(​Factor​ ​of​ ​Growth​)​ ​វិញ​ ​គឺ​កំណើន​ដែល​យើង​ទទួល​បាន​កន្លងមក​ភាគច្រើន​បាន​មក​តែ​ពីក​ត្តា​ការចូលរួម​កម្លាំង​ពលកម្ម​ ​(​Labor​ ​participation​)​ ​ហើយ​ចំណែក​ពីក​ត្តា​ផលិតភាព​ការងារ​ ​(​Labor​ ​productivity​)​ ​មានតែ​មួយ​ផ្នែក​តូច​ប៉ុណ្ណោះ​”​។​

​បើ​តាម​ ​លោក​ ​វង្សី​ ​វិស្សុត​ ​បច្ចុប្បន្ន​ ​ការចូលរួម​របស់​កម្លាំង​ពលកម្ម​ ​គឺ​អស់​លំ​ហរ​ទៅ​ហើយ​ ​ដូចនេះ​ ​ការ​រុញ​កំណើន​ទៅ​ថ្ងៃមុខ​ ​គឺ​គ្មាន​ជំរើស​អ្វី​ផ្សេង​ក្រៅពី​កត្តា​ផលិតភាព​ការងារ​ ​និង​ការ​បង្កើន​ការ​វិនិយោគ​,​ ​ជំនាញ​ ​និង​បច្ចេកវិទ្យា​ ​(​Capital​ ​Accumulation​)​ ​ព្រមទាំង​ការបង្កើត​ក្បាលម៉ាស៊ីន​ថ្មី​ ​និង​ធ្វើ​ទំនើបកម្ម​ក្បាលម៉ាស៊ីន​ចាស់​ដែល​មានស្រាប់​នោះ​ទេ​។​

​រាជរដ្ឋាភិបាល​ ​បាន​ ​និង​កំពុង​ជំរុញ​ការ​អភិវឌ្ឍ​ជំនាញ​ ​ទាំង​តាមរយៈ​យន្តការ​របស់ក្រ​សួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​ដែល​មានការ​បង្កើត​វិទ្យាល័យ​ចំណេះ​ទូទៅ​ ​និង​បច្ចេកទេស​ ​និង​ទាំង​តាមរយៈ​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​ដែល​មានការ​បំពាក់​អគារ​ ​សំភា​រៈ​បរិ​ក្ខា​ពិសោធន៍​ ​ការ​តម្លើង​បៀវត្ស​គ្រូ​បណ្តុះបណ្តាល​ ​និង​ការ​បង្កើន​ថ្លៃ​ឯកតា​បណ្តុះបណ្តាល​ ​ព្រមទាំង​អាហារូបករណ៍​ ​ដើម្បី​ទាក់ទាញ​ការ​ចូលរៀន​របស់​សិស្ស​លើ​ផ្នែក​ជំនាញ​។​ ​ទោះបី​យ៉ាងនេះ​ក៏ដោយ​ ​ក៏​ការ​អភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា​នៅតែ​ចោទ​ជា​បញ្ហា​ច្រើន​នៅឡើយ​ ​ដូចជា​ភាព​មិនស៊ីគ្នា​នៃ​ជំនាញ​ ​ក្នុង​ការ​ឆ្លើយតបទៅនឹង​តម្រូវការ​ទីផ្សារ​ ​(​Skill​ ​mismatch​)​ ​ពិសេស​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ ​និង​គុណភាព​នៃ​ជំនាញ​នៅ​មិនទាន់​អាច​ឆ្លើយតបទៅនឹង​តម្រូវការ​នៃ​ការងារ​នៅឡើយ​ ​(​Quality​ ​mismatch​)​។​

​សូម​បញ្ជាក់​ថា​ ​គម្រោង​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ​ ​មិន​ធ្វើ​តួនាទី​ជាន់គ្នា​ ​ឬ​ធ្វើការ​ជំនួស​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​ក៏ដូចជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ​ឬ​ ​វិស័យ​ឯកជន​មួយចំនួន​ ​ដែល​កំពុងតែ​ធ្វើការងារ​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​ជំនាញ​នោះ​ទេ​ ​ប៉ុន្តែ​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ​ ​ជា​ការ​បើកឱកាស​ ​និង​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក​ ​តាមរយៈ​ការ​ផ្តល់​នូវ​ហិរញ្ញប្បទាន​ ​តាម​យន្តការ​ភាពជា​ដៃគូ​រវាង​រដ្ឋ​ ​និង​ឯកជន​ ​(​PPP​)​ ​ ​និង​ជា​ថ្នាល​មួយ​ ​សម្រាប់​ឱ្យ​តួអង្គ​ពាក់ព័ន្ធ​បង្កើត​នូវ​ក្របខណ្ឌ​រួម​មួយ​ ​និង​អាច​ផ្លាស់​ប្តូរ​ទស្សនៈ​ ​និង​គំនិត​យោបល់​ ​ដើម្បី​បង្កើន​គុណភាព​នៃ​ជំនាញ​នៅក្នុង​កម្ពុជា​ ​ក្នុង​គោលដៅ​ទាក់ទាញ​ការ​វិនិយោគ​ ​និង​ទ្រទ្រង់​ដល់​កំណើន​សេដ្ឋកិច្ច​ ​ក៏ដូចជា​ក្នុង​គោលដៅ​បង្កើត​ធនធានមនុស្ស​ប្រកបដោយ​ជំនាញ​នៅ​កម្ពុជា​ឱ្យ​បាន​ច្រើន​ ​ដើម្បី​បង្កើន​គុណភាព​ការងារ​ ​និង​គុណភាព​នៃ​ជីវិត​។​

​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ​ ​នឹង​មាន​រចនាសម្ព័ន្ធ​គ្រប់គ្រង​ប្រកបដោយ​វិជ្ជាជីវៈ​ ​និង​មាន​ប្រតិបត្តិ​ការ​ប្រកបដោយ​មាន​តម្លាភាព​ ​ហើយ​ផ្តោត​តែ​ទៅលើ​វិស័យ​អាទិភាព​មួយចំនួន​ ​ដែល​មាន​សក្តា​នុ​ពល​ខ្ពស់​ក្នុង​សេដ្ឋកិច្ច​ ​ដូចជា​កម្មន្តសាល​ ​ទេ​ចរណ៍​ ​និង​ឌីជីថល​ជាដើម​ ​ព្រមទាំង​ត្រូវ​រក្សា​ឱ្យ​បាន​នូវ​តុល្យភាព​រវាង​ក្រុម​ហ៊ុន​ធំៗ​ ​ដែល​មាន​ចរិត​ជា​យុទ្ធ​សាស្រ្ត​ដល់​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ ​និង​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​។​

​ក្រៅពី​ការ​ផ្តល់​ហិរញ្ញប្បទាន​ ​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ​ ​ក៏​គិតគូរ​ផង​ដែរ​ ​អំពី​ការរៀបចំ​គោលនយោបាយ​អភិវឌ្ឍន៍​ជំនាញ​ឱ្យ​ទាន់ពេល​វេលា​ ​និង​សមស្រប​ ​នឹង​តម្រូវការ​ទីផ្សារ​ ​និង​បរិការណ៍​នៃ​សេដ្ឋកិច្ច​កម្ពុជា​។​

​គួរ​រម្លឹក​ថា​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​ផ្តួចផ្តើម​អនុវត្ត​គម្រោង​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ​ ​(​SDF​)​ ​ដោយ​បាន​ប្រើប្រាស់​ថវិកា​រាជរដ្ឋាភិបាល​ចំនួន​ ​៥លាន​ដុល្លារ​អាមេរិក​ ​ ​និង​បាន​ទទួលការ​គាំទ្រ​ផ្នែក​បច្ចេកទេស​ ​និង​ហិរញ្ញវត្ថុ​ពីសំណាក់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ​(​ADB​)​ ​ក្នុងទឹក​ប្រាក់​ប្រមាណ​ ​១០​ ​លាន​ដុល្លារ​អាមេរិក​។​ ​បច្ចុប្បន្ន​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ​ ​កំពុងតែ​សហការ​ជាមួយ​ដៃគូ​មួយចំនួន​ទៀត​ ​ដូចជា​ ​IFAD​ ​និង​ក្រុមហ៊ុន​ទីប្រឹក្សា​មក​ពី​ប្រទេស​ស្វីស​។​ ​រាជរដ្ឋាភិបាល​នឹង​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​បង្កើន​ធនធាន​ថវិកា​សម្រាប់​គាំទ្រ​ដល់​មូលនិធិ​បន្ថែម​ទៀត​ ​ប្រសិនបើ​ការអនុវត្ត​គម្រោង​នេះ​ទទួល​បាន​ជោគជ័យ​ ​និង​មានការ​ទាក់ទាញ​ច្រើន​ ​ដែល​បម្រើ​ឱ្យ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​៕​

អត្ថបទ៖ សិរី វឌ្ឍ

You can share this !

Loading...
អត្ថបទទាក់ទង