ទីបំផុត​ ​រដ្ឋសភា​នៃ​កម្ពុជា​ ​បាន​អនុម័ត​សេចក្តី​ព្រាងច្បាប់​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​

ភ្នំពេញ​៖​ ​នៅ​ថ្ងៃទី៨​ ​ខែតុលា​ ​ឆ្នាំ២០១៩នេះ​ ​រដ្ឋសភា​ ​បាន​បន្ត​សម័យប្រជុំ​លើក​ទី៣​ ​នីតិកាល​ទី៦ដើម្បី​ពិភាក្សា​ ​និង​អនុម័ត​ ​សេចក្តី​ព្រាងច្បាប់​សំ​ខាន់​ៗ​ ​ចំនួន​បី​ ​ក្រោម​វត្តមាន​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ​ហេង​ ​សំ​រិន​ ​ប្រធាន​រដ្ឋសភា​។​ ​សេចក្តី​ព្រាងច្បាប់​ទាំង៣នេះ​ ​រួមមាន​៖​ ​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​,​ ​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ ​កិច្ចការពារ​អ្នកប្រើ​ប្រាស់​ ​និង​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ ​របប​សន្តិសុខ​សង្គម​។​

​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ​មាន១២ជំពូក​ ​និង៦៧មាត្រា​ ​នឹង​ផ្តល់​វិធាន​ជា​មូលដ្ឋាន​ដ៏​សំខាន់​ ​ក្នុង​ការជំរុញ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ​ក្នុង​និង​ក្រៅប្រទេស​ ​ប្រកបដោយ​ទំនុកចិត្ត​។​

​ច្បាប់​ថ្មីនេះ​ ​នឹង​ចូលរួម​ចំណែក​យ៉ាងសកម្ម​ ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា​ ​ដោយហេតុថា​ ​ក្របខណ្ឌ​ច្បាប់​ ​និង​បទដ្ឋាន​គតិ​យុត្ត​នានា​ ​ដែល​គាំទ្រ​ដល់​សកម្មភាព​ ​និង​ប្រតិបត្តិ​ការ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ​និង​ជី​ឌី​ថល​ ​ចំា​បាច់​ត្រូវ​រៀបចំ​ធ្វើ​បច្ចុប្បន្នភាព​ ​ដើម្បី​អាចប​ង្កើត​សេដ្ឋកិច្ច​ឌីជីថល​រឹងមាំ​មួយ​ ​ព្រម​ទំាង​ត្រៀម​ទទួលយក​នូវ​ការ​ឈាន​មកដល់​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី៤​។​

​ចំណែក​ ​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ ​កិច្ចការពារ​អ្នកប្រើ​ប្រាស់​ ​ដែល​មាន១១ជំពូក​ ​និង៥១មាត្រា​ ​នោះ​វិញ​ ​នឹង​ក្លាយជា​ច្បាប់​សម្រាប់​ការ​ការពារ​ផលប្រយោជន៍​អ្នកប្រើ​ប្រាស់​ពី​អំពើ​ ​និង​ការអនុវត្ត​មិន​សុចរិត​របស់​ពាណិជ្ជករ​ ​ក្នុង​សកម្មភាព​ពាណិជ្ជកម្ម​ ​ការពារ​សិទ្ធិ​និង​ផលប្រយោជន៍​ ​អ្នកប្រើ​ប្រាស់​ ​គំា​ទ្រ​ទីផ្សារ​ឱ្យ​មានការ​ប្រកួត​ប្រជែង​ទំាង​តម្លៃ​ ​គុណភាព​ទំនិញ​ ​និង​សេវា​។​

​ចំពោះ​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ ​របប​សន្តិសុខ​សង្គម​ ​ដែល​មាន១១ជំពូក​ ​ចែកចេញជា១០៧មាត្រា​នោះ​ ​ជា​សេចក្តី​ព្រាងច្បាប់​ដែល​មាន​វិសាលភាព​ទូលំទូលាយ​ ​ដែល​នឹង​ជំនួស​ឱ្យ​ច្បាប់​ស្តី​ពី​របប​សន្តិសុខ​សង្គម​ ​សម្រាប់​ជន​ទំាង​ឡាយ​ដែល​ស្ថិតនៅ​ក្រោម​បទប្បញ្ញត្តិ​នៃ​ច្បាប់​ស្តី​ពី​ការងារ​។​ ​សេចក្តី​ព្រាងច្បាប់​របប​សន្តិសុខ​សង្គម​នេះ​ ​មាន​គោលបំណង​បង្កើត​ឱ្យ​មានរបប​សន្តិសុខ​សង្គម​មួយ​ ​តាម​គោលការណ៍​សាមគ្គីធម៌​សង្គម​ ​ដែល​មាន៤ផ្នែក​គឺ​ ​ផ្នែក​ប្រាក់​សោធន​ ​ផ្នែក​ថែ​ទំា​សុខភាព​ ​ផ្នែក​ហានិភ័យ​ការងារ​ ​និង​ផ្នែក​និកម្មភាព​ការងារ​ ​សម្រាប់​បុគ្គល​ដែល​ស្ថិត​ក្នុង​វិស័យ​សាធារណៈ​ ​បុគ្គល​ដែល​ស្ថិតនៅ​ក្រោម​ច្បាប់​ស្តី​ពី​ការងារ​ ​គិត​រួម​ទំាង​បុគ្គលិក​ផ្លូវអាកាស​ ​នាវា​សមុទ្រ​ ​និង​អ្នកបម្រើ​តាម​ផ្ទះ​ ​ព្រម​ទំាង​បុ​គ្គ​លស័្វយ​និ​យោជន៍​៕​

ដោយ៖ សិរី វឌ្ឍ

You can share this !

Loading...
អត្ថបទទាក់ទង