រយៈ​ពេល៨ខែ​ ​កម្ពុជា​ទទួលភ្ញៀវ​ទេសចរ​ជាង​ ​៤លាន​នាក់​ ​កើនឡើង​ ​១០.៤​%​

ភ្នំពេញ​៖​ ​រយៈពេល៨ខែ​ ​ឆ្នាំ២០១៩​ ​ប្រទេស​កម្ពុជា​ទាំងមូល​ ​ទទួល​បាន​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​ចំនួន​ ​៤,៣៦០,៣៩៧នាក់​ ​នេះ​បើ​តាម​របាយការណ៍​ផ្លូវការ​ ​ដែល​បញ្ជាក់​ដោយ​ក្រសួងទេសចរណ៍​នៅ​ថ្ងៃទី៧​ ​ខែតុលា​ ​ឆ្នាំ២០១៩​។​

​ក្រសួងទេសចរណ៍​ ​បញ្ជាក់​ថា​ ​ចំនួន​នេះ​ ​កើនឡើង១០.៤​%​ ​បើ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៨​។​ ​ភ្ញៀវ​ទេសចរ​ ​ចូល​តាមផ្លូវអាកាស​មាន​ចំនួន​ ​៣,១០៤,៤៨៩នាក់​ ​ស្មើនឹង៧១.២​%​ ​នៃ​ចំនួន​ភ្ញៀវ​សរុប​ ​ដែល​មាន​កើន​ ​១៦.៦​%​ ​ក្នុង​នោះ​ ​ចូល​តាមអាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ចំនួន​ ​១,៤២៧,៤៨៧នាក់​ ​កើន​ ​១៤.៧​%​,​ ​តាមអាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាប​ ​១,១៨៨,២៥៤នាក់​ ​ថយ​ចុះ​ ​៩.១​%​ ​និង​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ព្រះសីហនុ​ចំនួន​ ​៤៨៨,៧៤៨នាក់​ ​កើនឡើង៣៤៣.៥​%​។​

​ដោយឡែក​ ​ភ្ញៀវ​ទេសចរ​ ​ដែល​ចូល​មក​តាមផ្លូវគោក​ ​មាន​ចំនួន​ ​១,១៦០,៧៤៦នាក់​ ​ស្មើនឹង២៦.៦​%​ ​នៃ​ចំនួន​សរុប​ ​ថយ​ចុះ២.៩​%​ ​និង​ភ្ញៀវ​ទេសចរ​ចូល​តាមផ្លូវទឹក​ ​មាន​ចំនួន​ ​៩៥,១៦២នាក់​ ​ស្មើនឹង២.២​%​ ​នៃ​ចំនួន​សរុប​ ​កើនឡើង២.៩​%​។​

​ជាមួយគ្នា​នេះ​ ​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ ​ដែល​ទៅ​ទស្សនា​តំបន់​អាទិភាព​ ​នៅក្នុង​រយៈ៨ខែ​ឆ្នាំនេះ​ ​ដូចជា​ ​តំបន់​ភ្នំពេញ​ ​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ ​២,៨០៨,៥៦១នាក់​ ​ស្មើនឹង​ ​៥៣.៨​%​ ​នៃ​ចំនួន​ភ្ញៀវ​សរុប​ ​កើនឡើង​ ​២៧.៤​%​,​ ​ខេត្តសៀមរាប​អង្គរ​ ​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ ​១,៥៥១,៨៣៦នាក់​ ​ស្មើនឹង​ ​២៩.២​%​ ​នៃ​ចំនួន​ភ្ញៀវ​សរុប​ ​ថយ​ចុះ​ ​១១.១​%​ ​និង​តំបន់ឆ្នេរ​សមុទ្រ​ ​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​ ​៨០៤,៥៣៧នាក់​ ​ស្មើនឹង​ ​១៥.២​%​ ​កើនឡើង​ ​៣៦.៥​%​។​

​ចំពោះ​តំបន់​អេកូ​ទេសចរណ៍​ភូមិ​ភា​គ​ឥសាន្​ត​ ​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ ​៥៦,៧២៣នាក់​ ​ស្មើនឹង១.១​%​ ​កើនឡើង៩.១​%​ ​តំបន់​ប្រាសាទព្រះវិហារ​ ​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ ​ចំនួន៣៦,៩៥៧នាក់​ ​ថយ​ចុះ៣.៣​%​។​

​ក្រសួងទេសចរណ៍​ ​បានឱ្យ​ដឹង​ដែរ​ថា​ ​រយៈពេល៨ខែ​ ​មាន​ទេសចរ​កម្ពុជា​ ​ចេញទៅ​ក្រៅប្រទេស​ចំនួន​ ​១,៣៤៧,០៦០នាក់​ ​កើនឡើង​ ​៤.៧​%​ ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ២០១៨​។​

​គួរ​បញ្ជាក់​ថា​ ​នៅ​ឆ្នាំ២០១៨​ ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ ​ជាង៦លាន​នាក់​៕​

ដោយ៖ គង់ ប៊ុនណា

You can share this !

Loading...
អត្ថបទទាក់ទង