រដ្ឋមន្ត្រី​ថៃ​៖​ ​ទេសចរ​នៅ​ថៃ​កើនឡើង​ ​ទោះ​មាន​ភាព​តានតឹង​ពាណិជ្ជកម្ម​ក៏ដោយ​

ថៃ​៖​ ​រដ្ឋមន្ត្រី​ទេសចរណ៍​ ​និងកីឡា​នៃ​ប្រទេស​ថៃ​ ​លោក​ ​ភី​ផា​ត​ ​រ៉ាត់​ចាគី​ត​ប្រា​កាន​ ​(​Phiphat​ ​Ratchakitprakarn​)​ ​បាន​លើកឡើង​ថា​ ​ទោះបីជា​សេដ្ឋកិច្ច​សាកលលោក​ ​កំពុង​ថយ​ចុះ​ ​និង​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច​ ​កំពុង​កើនឡើង​ក៏ដោយ​ ​ក៏​ចំនួន​ភ្ញៀវ​ទេសចរ​ ​មក​កម្សាន្ត​នៅក្នុង​ប្រទេស​ថៃ​ មិន​មាន​សញ្ញា​នៃ​ការ​ថយ​ចុះ​ឡើយ​ ​គឺ​មានតែ​កើនឡើង​។​ ​នេះ​ជា​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ ​The​ ​Nation​ ​នៅ​ថ្ងៃទី៧​ ​ខែតុលា​ ​ឆ្នាំ២០១៩​។​

​ធនាគារកណ្ដាល​នៃ​ប្រទេស​ថៃ​ ​បាន​បង្ហាញ​របាយការណ៍​ថា​ ​ក្នុងរយៈពេល​ ​៨ខែ​ដើមឆ្នាំ២០១៩​ ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ​ ​២៦,៦​ ​លាន​នាក់​ ​បាន​មក​ទស្សនា​កម្សាន្ត​ប្រទេស​ថៃ​ ​ឬ​កើនឡើង​ ​២,៨ភាគរយ​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ ​កាលពី​ឆ្នាំ២០១៨​។​ ​ថៃ​ ​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​សរុប​ប្រមាណ​ ​៣៨,២​ ​លាន​នាក់​ ​កាលពី​ឆ្នាំ២០១៨​ ​កើនឡើង​ ​៧,៣ភាគរយ​ ​បើ​ធៀប​នឹង​ឆ្នាំ២០១៧​។​

​លោក​រដ្ឋមន្ត្រី​ទេសចរណ៍​ថៃ​ ​បាន​សារភាព​ថា​ ​ក្នុង​ខែសីហា​ ​កំណើន​សេដ្ឋកិច្ច​ថៃ​ ​បាន​បង្ហាញ​ភាព​ការ​យឺតយ៉ាវ​បន្តិច​ ​តែ​ចំនួន​ទេសចរ​ ​បាន​កើនឡើង​។​ ​លោក​បន្ត​ថា​ ​ក្រសួង​កំពុង​រៀបចំ​ព្រឹត្តិ​កា​រណ៍​ផ្សេង​ៗ​ ​ដើម្បី​ទាក់ទាញ​ទេសចរ​បន្ថែម​ទៀត​ ​ដូចជា​ ​ការ​រត់​ម៉ា​រ៉ា​តុង​លក្ខណៈ​គូស្នេហ៍​សម្រាប់​អ្នក​មក​ក្រេបទឹក​ឃ្មុំ​ ​ឬ​ទិវា​នៃ​ក្ដី​ស្រឡាញ់​,​ ​ពិព័រណ៍​នៅ​តាម​បណ្ដា​ខេត្ត​ចំនួន៧៧​ ​នៅ​ឆ្នាំក្រោយ​,​ ​ការ​តាំង​បង្ហាញ​ផលិតផល​ពាណិជ្ជកម្ម​ ​និង​សន្និសីទ​អន្តរ​ជា​តិ​ផ្សេង​ៗ​។​ ​ជាង​នេះ​ទៅទៀត​ ​ចំពោះ​បញ្ហា​សំរាម​ ​និង​ ​ការ​បំពុល​បរិយាកាស​ ​ក្រសួង​ថៃ​ ​បាន​យកចិត្ត​ទុកដាក់​ផង​ដែរ​។​

​រដ្ឋាភិបាល​ថៃ​ ​កំពុង​ពិភាក្សា​លើ​ការកាត់បន្ថយ​ពន្ធ​លើ​ទំនិញ​ដែល​មាន​ម៉ាក​សញ្ញា​ល្បី​ៗ​ ​រហូតដល់​ ​៤០ភាគរយ​ ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​បរទេស​ ​មក​ទិញ​ផលិតផល​ទាំងនេះ​ ​នៅក្នុង​ប្រទេស​ថៃ​។​ ​ក្រសួងទេសចរណ៍​ ​និង​ក្រសួងហិរញ្ញវត្ថុ​ថៃ​ ​កំពុង​ពិភាក្សា​លើក​ត្តា​មួយចំនួន​ ​មុននឹង​រដ្ឋាភិបាល​សម្រេច​កាត់បន្ថយ​ពន្ធ​នេះ​។​

​លោក​រដ្ឋមន្ត្រី​បន្ថែម​ទៀត​ថា​ ​ភ្ញៀវ​ទេសចរ​ដែល​មក​ស្វែងរក​សេវា​ព្យាយាម​នៅ​ថៃ​ ​មានការ​កើនឡើង​ ​ពី​ប្រទេស​កម្ពុជា​ ​ឡាវ​ ​មីយ៉ាន់ម៉ា​ ​និង​វៀតណាម​។​ ​ផ្ទុយទៅវិញ​ ​ការ​ថយ​ចុះ​ ​គឺ​ភ្ញៀវ​មក​ពី​មជ្ឈិមបូព៌ា​៕​

ប្រភព៖ The Nation

You can share this !

Loading...
អត្ថបទទាក់ទង