អ្នកស្រាវជ្រាវ​ផ្នែក​វប្បធម៌​ ​បាន​អះអាង​ថា​ ​អារ្យធម៌​អង្គរ​ ​មិនទាន់​ស្លាប់​នោះ​ទេ​

​សៀមរាប​៖​ ​ទោះបី​សម័យ​អង្គរ​ដ៏​រុងរឿង​ ​បាន​កន្លង​ហួស​ច្រើន​សតវត្សរ៍​ទៅ​ហើយ​ក្ដី​ ​តែ​អារ្យធម៌​ ​ប្រពៃណី​ ​ទំនៀមទម្លាប់​នៅ​សម័យ​នោះ​ ​មិនទាន់​ទៅណា​ឆ្ងាយ​ឡើយ​។​ ​អារ្យធម៌​ទាំងនោះ​ ​មិនទាន់​បាត់បង់​ឡើយ​ ​គឺ​វា​បន្ត​រស់នៅ​ជាមួយ​អ្នកស្រុក​អង្គរ​ ​ដែល​បន្ត​ប្រណិប័តន៍​ត​ពី​ដូនតា​រហូត​មក​។​ ​ការ​នេះ​ ​ទីប្រឹក្សា​ក្រសួងវប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​លោក​ ​អាំង​ ​ជូ​លាន​ ​បាន​អះអាង​ថា​ ​អារ្យធម៌​អង្គរ​ ​មិនទាន់​ស្លាប់​ទៅណា​ទេ​ ​និង​ចង់ឱ្យ​ថែរក្សា​អារ្យធម៌​នេះ​កុំឱ្យ​បាត់បង់​ផង​ដែរ​។​

​ថ្លែង​ក្នុង​បាឋកថា​ស្ដីពី​ ​«​វដ្ដសង្សារ​៖​ ​សិល្បៈ​ ​និង​កិច្ច​»​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​លោក​ ​អាំង​ ​ជូ​លាន​ ​បាន​ព្យាយាម​លើក​ជាឧទាហរណ៍​មួយចំនួន​ ​មក​ពន្យល់​អ្នកស្ដាប់​។​ ​អំណះអំណាង​ដែល​បញ្ជាក់​ថា​ ​អារ្យធម៌​របស់​អង្គរ​ ​មិន​ស្លាប់​ទេ​ ​ដោយ​អ្នកស្រាវជ្រាវ​រូប​នេះ​ពន្យល់​ថា​ ​គឺ​តាមរយៈ​ការ​ប្រារព្ធ​ពិធី​សាសនា​ ​ទំនៀមទម្លាប់​ ​ប្រពៃណី​ ​និង​ជំនឿ​ផ្សេង​ៗ​ដែល​អ្នកស្រុក​អង្គរ​ ​គោរព​ប្រណិប័តន៍​ពីដើម​មក​។​

​ជាមួយនឹង​ការងារ​នេះ​ដែរ​ ​នរ​វិទូ​ ​និង​ជា​អ្នកស្រាវជ្រាវ​ផ្នែក​វប្បធម៌​ដ៏​ល្បី​មួយ​នៅ​កម្ពុជា​ ​លោក​ ​អាំង​ ​ជូ​លាន​ ​បាន​មើលឃើញ​ថា​ ​ការ​ហូរ​ចូល​នៃ​ចំនួន​ទេសចរ​ច្រើន​នៅ​តំបន់​ប្រាសាទ​ ​ជា​បាតុភូត​ថ្មី​។​ ​ជា​រួម​ ​មុន​សម័យ​សង្រ្គាម​ ​មានតែ​អ្នកស្រុក​ទេ​ដែល​ចេញចូល​គោរព​ទី​សក្ការៈ​នានា​ ​និង​ថែរក្សា​។​ ​បាតុភូត​នេះ​ ​ក៏អាច​ជាហេតុ​ផល​នៃ​ការ​ប៉ះពាល់​ទំនៀម​របស់​អ្នកស្រុក​ខ្លះ​ដែរ​។​ ​លោក​ ​ពន្យល់​ថា​ ​អ្នកស្រុក​ព្យាយាម​លែង​ប្រារព្ធ​ពិធី​មួយចំនួន​ដោយសារ​មាន​ភាព​អ៊ូអរ​ ​ឬបុគ្គល​មួយចំនួន​ ​ដែល​មិន​យល់​ពី​តម្លៃ​នៃ​ពិធី​នោះ​ជាដើម​។​

​នៅ​ចំពោះ​អ្នកចូលរួម​ប្រមាណ​ ​២០០នាក់​ ​ដែល​មាន​ទាំង​មគ្គុទ្ទេសក៍​ទេសចរណ៍​ ​អ្នកស្រាវជ្រាវ​ ​សិស្ស​ ​និស្សិត​,​ ​លោក​ ​អាំង​ ​ជូ​លាន​ ​ស្នើ​ឱ្យ​ប្រជាពលរដ្ឋ​ ​បន្ត​ប្រារព្ធ​ពិធី​ ​ទំ​នៀម​ផ្សេង​ៗ​ដែល​ធ្លាប់ធ្វើ​ពី​ដូនតា​របស់​ពួកគេ​ ​ព្រោះថា​ការ​អភិរក្ស​តម្លៃ​ទាំងនេះ​ ​គឺ​មាន​សារសំខាន់​ណាស់​ដើម្បី​រក្សា​អារ្យធម៌​អង្គរ​ឱ្យ​គង់វង្ស​ទៅ​អ្នក​ជំនាន់​ក្រោយ​៕​

ដោយ៖ គង់ ប៊ុនណា

You can share this !

Loading...
អត្ថបទទាក់ទង