បទ​វិភាគ​៖​ ​លោក​ត្រាំ​ ​ឈ្នះ​ទឹក​ទី១​ ​ឯ​លោក​ស៊ី​ ​កំពុង​ឈ្នះ​ទឹក​ទី២​ ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​

​បរទេស​៖​ ​ចាប់តាំងពី​សង្គ្រាម​ពាណិជ្ជកម្ម​ ​បាន​ផ្ទុះឡើង​កាលពី​ខែមីនា​ ​ឆ្នាំ២០១៨មក​ ​ប្រទេស​ចិន​ ​និង​សហរដ្ឋអាមេរិក​ ​បាន​ដំឡើង​ពន្ធ​លើ​ទំនិញ​ទៅវិញទៅមក​ ​អំឡុង​ការចរចា​ចំនួន​ ​១២លើក​កន្លងទៅ​។​ ​ហើយ​ការចរចា​លើក​ទី១៣​ ​នឹង​ចាប់ផ្ដើម​នៅក្នុង​ខែតុលា​ខាងមុខនេះ​។​ ​លោក​ប្រធានាធិបតី​អាមេរិក​ ​ដូ​ណាល់​ ​ត្រាំ​ ​មាន​គោលដៅ​ចំនួន​ពីរ​៖​ ​ទី១​ ​គឺ​កាត់បន្ថយ​នូវ​ឱនភាព​ពាណិជ្ជកម្ម​របស់​អាមេរិក​ ​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​នានា​ ​ជាពិសេស​ចិន​ ​និង​ទី២​ ​បង្ខំ​ឱ្យ​រោងចក្រ​ផ្គត់ផ្គង់​នានា​ ​ដើរចេញ​ពី​ប្រទេស​ចិន​ ​ដើម្បី​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ចិន​ ​ចុះ​ខ្សោយ​។​ ​ផ្ទុយទៅវិញ​ ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ ​របស់​លោក​ប្រធានាធិបតី​ ​ស៊ី​ ​ជី​នពីង​ ​បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ​ការពារ​ ​ដើម្បី​សម្រាល​នូវ​ផល​ប៉ះពាល់​ទៅលើ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ ​ដែល​ខ្លួន​បាន​កសាង​អស់​ជាច្រើន​ទសវត្សរ៍​ ​និង​រក្សា​ឱ្យ​បាន​នូវ​ការនាំចូល​ទៅ​ក្នុង​ទីផ្សារ​អាមេរិក​។​

​ផ្អែកលើ​លទ្ធផល​មកទល់​ពេលនេះ​ ​រដ្ឋការ​លោក​ ​ត្រាំ​ ​បាន​ឈ្នះ​នៅក្នុង​ទឹក​ទីមួយ​ ​ដោយបង្ខំ​ឱ្យ​រោងចក្រ​ជាច្រើន​ ​ដើរចេញ​ពី​ប្រទេស​ចិន​ ​បង្ក​ផល​ប៉ះពាល់​ដល់​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ ​តែ​ឱនភាព​ពាណិជ្ជកម្ម​របស់​អាមេរិក​ ​កាន់តែ​រីកធំឡើង​។​ ​សង្គ្រាម​ពាណិជ្ជកម្ម​ ​បាន​ចូល​ដល់​ទឹក​ទីពីរ​ ​នៅពេល​ដែល​អាមេរិក​ ​ខិតខំ​ដើម្បី​បញ្ចុះបញ្ចូល​ចិន​ ​ឱ្យ​ចុះ​កិច្ច​ព្រមព្រៀង​ ​តែ​ចិន​មិន​ប្រញាប់​ប្រញាល់​ឡើយ​។​

​ក្នុងរយៈពេល​ ​៧ខែ​ដើមឆ្នាំ២០១៩​ ​ការនាំចូល​របស់​អាមេរិក​ ​ពី​ប្រទេស​ចិន​ ​បាន​ថយ​ចុះ​ ​២៦០,៥​ ​ពាន់​លាន​ដុល្លារ​អាមេរិក​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៨​ ​មានការ​ថយ​ចុះ​ ​១២,៣​%​ ​ឬ​ ​៣៦,៦​ ​ពាន់​លាន​ដុល្លារ​។​ ​ទន្ទឹម​នឹង​ការ​ថយ​ចុះ​នៃ​ការនាំចូល​ទំនិញ​ពី​ចិន​ ​ឱនភាព​ពាណិជ្ជកម្ម​អាមេរិក​ ​ជាមួយ​ចិន​ ​បាន​ធ្លាក់ចុះ​ពី​ ​២២២,៩​ ​ពាន់​លាន​ដុល្លារ​ ​ក្នុងរយៈពេល​ ​៧ខែ​ដើមឆ្នាំ២០១៨​ ​មក​ត្រឹម​ ​២០០​ ​ពាន់​លាន​ដុល្លារ​ ​ក្នុងរយៈពេល​ដូចគ្នា​នៅ​ឆ្នាំ២០១៩​ ​ស្មើនឹង​ថយ​ ​១០,៣​%​ ​។​ ​នេះ​ជា​អ្វី​ដែល​លោក​ប្រធានាធិបតី​ ​ដូ​ណាល់​ ​ត្រាំ​ ​ចង់បាន​។​

​ក្នុង​ពេល​ជាមួយគ្នា​នេះ​ ​អាមេរិក​បាន​ងាក​ទៅ​បង្កើន​ការនាំចូល​ពី​បណ្ដា​ប្រទេស​ផ្សេង​ៗ​ ​ដូចជា​ ​ម៉ិកស៊ិក​ ​វៀតណាម​ ​ជប៉ុន​ ​កូរ៉េ​ខាងត្បូង​ ​និង​ ​តៃវ៉ាន់​។​ ​ក្នុងរយៈពេល​ ​៧ខែ​ឆ្នាំ២០១៩​ ​អាមេរិក​ ​នាំចូល​ទំនិញ​ពី​ម៉ិកស៊ិក​ ​កើនឡើង​ ​៦,៣​%​,​ ​វៀតណាម​ ​កើន​ ​៣៣,៣​%​,​ ​ជប៉ុន​ ​៤,៦​%​,​ ​កូរ៉េ​ខាងត្បូង​ ​៩,៨​%​ ​និង​ ​ពី​ ​តៃវ៉ាន់​ ​២០,៣​%​ ​។​ ​ដោយ​មិនរាប់​បញ្ជូន​ប្រទេស​ដទៃ​ ​កំណើន​នៃ​ការនាំចូល​ពី​បណ្ដា​ប្រទេស​ទាំង៥​ ​ខាងលើ​ ​មាន​ប្រមាណ​ ​៣៥ពាន់​លាន​ដុល្លារ​ ​លើស​ពី​ការកាត់បន្ថយ​ទំនិញ​នាំចូល​ពី​ចិន​ ​ដែល​មាន​ចំនួន​ត្រឹមតែ​ ​២២,៩​ ​ពាន់​លាន​ដុល្លារ​។​

​ពីឆ្នាំ២០១៨​ ​ដល់​ ​២០១៩​ ​ការនាំចូល​របស់​អាមេរិក​ ​ពី​បណ្ដា​ប្រទេស​នានា​ ​ក្នុងរយៈពេល​ ​៧ខែ​ ​កើនឡើង​ជាង​ ​៦ពាន់​លាន​ដុល្លារ​ ​ជាមួយ​ឱនភាព​ពាណិជ្ជកម្ម​សរុប​ ​កើន​ពី​ ​៤៩៤,៥​ ​ពាន់​លាន​ដុល្លារ​ ​ដល់​ ​៥០៦​ ​ពាន់​លាន​ដុល្លារ​។​ ​ដូច្នេះ​ ​ឱនភាព​ពាណិជ្ជកម្ម​អាមេរិក​សរុប​ ​កាន់តែ​ធំឡើង​ ​ខណៈ​អាមេរិក​ ​ព្យាយាម​កាត់បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​ជាមួយ​ចិន​។​

​យុទ្ធសាស្ត្រ​របស់​លោក​ ​ត្រាំ​ ​បង្ហាញថា​ ​គោលដៅ​អាមេរិក​ ​មិន​ផ្ដោត​លើ​កំណើន​ឱនភាព​ពាណិជ្ជកម្ម​ទេ​ ​ក៏ប៉ុន្តែ​រឿង​ដែល​សំខាន់​ ​គឺ​ធ្វើ​យ៉ាងណា​បង្ខំ​ឱ្យ​រោងចក្រ​អាមេរិក​ ​ផ្លាស់ប្ដូរ​ទីតាំង​ ​ចេញពី​ប្រទេស​ចិន​ ​ដែល​ជា​ប្រភព​ទំនិញ​តម្លៃថោក​ជាងគេ​ ​ដើម្បី​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ចិន​ ​ចុះ​ខ្សោយ​។​ ​ប្រទេស​ដែល​ជាគោល​ដៅ​នៃ​ការផ្លាស់ប្ដូរ​ទីតាំង​របស់​ថៅកែ​រោងចក្រ​ ​ដែល​ផ្គត់ផ្គង់​ឱ្យ​អាមេរិក​ ​មាន​ ​វៀតណាម​ ​ជាគោល​ដៅ​ទីមួយ​ ​បន្ទាប់មក​ ​មាន​ ​ថៃ​ ​បង់ក្លាដេស​ ​ជាដើម​។​

​ទឹក​ទីពីរ​ ​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ ​ឃើញថា​ ​អាមេរិក​ ​ព្យាយាម​បញ្ចុះបញ្ចូល​ឱ្យ​ចិន​ ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ ​ខណៈ​ការបោះឆ្នោត​ជាតិ​អាមេរិក​ ​គ្រោង​នឹង​ចូល​មកដល់​ក្នុង​ឆ្នាំ២០២០​ ​អំឡុង​ការ​ថយ​ចុះ​នៃ​សេដ្ឋកិច្ច​ ​និង​ការ​តវ៉ា​របស់​ក្រុមហ៊ុន​អាមេរិក​ ​ដែល​អាច​ប៉ះពាល់​ដល់​សំឡេងឆ្នោត​របស់​លោក​ ​ត្រាំ​ ​។​ ​យ៉ាងណាក៏ដោយ​ ​គេ​មិន​អាច​ដឹង​ទេ​ថា​ ​កិច្ចចរចា​ដែល​គ្រោង​ធ្វើឡើង​នៅ​ខែតុលា​ ​អាច​ទទួល​បាន​ផ្លែផ្កា​អ្វីខ្លះ​នោះ​ទេ​ ​ក្នុងករណី​នេះ​ ​ចិន​អាច​ដាក់​លក្ខខណ្ឌ​ ​ដើម្បី​ឱ្យ​អាមេរិក​ធ្វើតាម​ខ្លួន​ក៏​ថា​បាន​៕​

You can share this !

Loading...
អត្ថបទទាក់ទង