កម្ពុជា​ ​និង​វៀតណាម​ ​សហការ​គ្នា​ប្រ​យុទ្ធ​ប្រឆាំង​អំពើ​រត់គេច​ពន្ធ​ ​និង​បទល្មើស​កាត់​ឆ្លងដែន​

វៀតណាម​៖​ ​អគ្គនាយក​ដ្ឋាន​គយ​ ​និង​រដ្ឋាករ​កម្ពុជា​ ​និង​អគ្គនាយក​ដ្ឋាន​គយ​វៀតណាម​ ​ពង្រឹង​កិច្ចសហការ​គ្នា​រលើ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​រត់គេច​ពន្ធ​ ​និង​បទល្មើស​ឆ្លងដែន​។​ ​នេះ​បើ​យោង​តាម​ជំនួប​រវាង​ភាគី​ទាំងពីរ​ ​ដែល​ភាគី​កម្ពុជា​ ​ដឹកនាំ​ដោយ​លោក​អគ្គនាយករង​ ​នួន​ ​ច័ន្ទ​រិទ្ធ​ ​និង​ភាគី​វៀតណាម​ ​គឺ​លោក​អគ្គនាយករង​ ​Nguyen​ ​Cong​ ​Binh​។​

​ភាគី​ទាំងពីរ​ ​បាន​ពិភាក្សា​ធ្វើ​បច្ចុប្បន្នភាព​ការងារ​សហប្រតិបត្តិ​ការ​រវាង​រដ្ឋបាល​គយ​ទាំងពីរ​ ​ជាពិសេស​លើ​ការងារ​បង្រ្កាប​អំពើ​រត់ពន្ធ​ ​បទល្មើស​ឆ្លងដែន​ ​និង​ការងារ​ផ្លាស់​ប្តូរ​ព័ត៌មាន​ទិន្នន័យ​ ​ដោយ​ស្របតាម​ខ្លឹមសារ​នៃ​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ២០០៧​ ​និង​តាមដាន​វឌ្ឍនភាព​នៃ​កិច្ចប្រជុំ​លើក​ទី៣​ ​ដែល​បាន​ប្រព្រឹត្តទៅ​នា​ថ្ងៃទី០២​ ​ខែតុលា​ ​ឆ្នាំ២០១៨​ ​ដោយមាន​ការចូលរួម​ពី​តំណាង​អង្គភាព​គយ​និង​រដ្ឋាករ​ ​តាម​ព្រំដែន​របស់​ប្រទេស​ទាំងពីរ​។​

​ភាគី​ទាំងពីរ​ ​ក៏បាន​ពិភាក្សា​ ​និង​ឯកភាព​គ្នា​លើ​ចំណុច​សំ​ខាន់​ៗ​ ​ដូចជា​ ​ធ្វើ​បច្ចុប្បន្នភាព​ឈ្មោះ​មន្ត្រី​ទំនាក់ទំនង​ទទួលបន្ទុក​ការងារ​ផ្លាស់​ប្តូរ​ព័ត៌មាន​ពី​ថ្នាក់​ជាតិ​ដល់​ថ្នាក់​មូលដ្ឋាន​ពាក់ព័ន្ធ​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​រត់គេច​ពន្ធ​ ​និង​បទល្មើស​ឆ្លងដែន​ ​ដើម្បី​ធានា​ឱ្យ​ការ​ធ្វើ​ទំនាក់ទំនង​គ្នា​បាន​ឆាប់រហ័ស​ទាន់ពេល​វេលា​ ​មានប្រសិទ្ធភាព​ ​និង​ប្រកបដោយ​ការ​រក្សា​ការសម្ងាត់​វិជ្ជាជីវៈ​ខ្ពស់​។​

​ក្រៅពីនោះ​ ​ក៏​មានការ​ពិនិត្យ​លទ្ធភាព​ផ្លាស់​ប្តូរ​ទិន្នន័យ​ស្ថិតិ​ជាក់លាក់​នូវ​ទំនិញ​នាំចេញ​ ​នាំចូល​ ​រួម​ទាំង​ទំនិញ​ឆ្លងកាត់​ពី​ប្រទេស​ទី៣​ ​ក្នុង​គោ​លប​ណង​គាំទ្រ​ដល់​ការងារ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​គយ​ឱ្យ​មានប្រសិទ្ធភាព​ខ្ពស់​។​ ​ការងារ​នេះ​ ​នឹង​ត្រូវ​ពិនិត្យ​ ​និង​សម្រេច​ពី​ថ្នាក់ដឹកនាំ​របស់​រដ្ឋបាល​គយ​ទាំងពីរ​ ​នៅពេល​ក្រោយ​។​

​ភាគី​ទាំងពីរ​ ​បាន​ពិនិត្យ​ពិភាក្សា​ ​និង​រក​ដំណោះស្រាយ​ដើម្បី​ធ្វើ​ឱ្យ​ការងារ​ស្នើសុំ​កិច្ចសហការ​ ​និង​ការ​ឆ្លើយតប​បាន​ឆាប់រហ័ស​ ​ជាពិសេស​ស្វែងរក​យន្តការ​នៃ​ការអនុវត្ត​ការងារ​នេះ​ ​ទៅតាម​ប្រភេទ​ ​និង​កម្រិត​នៃ​ការ​ស្នើសុំ​កិច្ចសហការ​ ​និង​ការ​ឆ្លើយតប​ ​ដើម្បី​កាត់បន្ថយ​បញ្ហា​ប្រឈម​ ​ក៏ដូចជា​ការ​លំបាក​នានា​ ​រួមមាន​ព័ត៌មាន​ទូលំទូលាយ​ពេក​ ​និង​មិន​ច្បាស់លាស់​ជាដើម​។​ ​ភាគី​ទាំងពីរ​ក៏បាន​ជំរុញ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ព័ត៌មាន​កាន់តែ​មានប្រសិទ្ធភាព​ ​ជាពិសេស​ថ្នាក់​មូលដ្ឋាន​មាត់ច្រក​ទល់មុខគ្នា​ ​រួម​ទាំង​ការ​ស្វែងយល់​ពី​មូលដ្ឋាន​ច្បាប់​ ​និង​បទ​ប្ប​ញ្ញ​តិ្ត​របស់​ប្រទេស​ទាំងពីរ​ ​និង​ការជំរុញ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ ​ទំនិញ​ឆ្លងកាត់​ ​ជាពិសេស​ទំនិញ​កសិផល​កម្ពុជា​ ​ដឹកជញ្ជូន​ឆ្លងកាត់​ប្រទេស​វៀតណាម​ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​។​

​ភាគី​ទាំង២​ ​បាន​វាយតម្លៃ​ខ្ពស់​ ​និង​ចាត់ទុក​កិច្ចប្រជុំ​ទ្វេភាគី​នេះ​មាន​សារសំខាន់​ ​ដែល​នឹង​ក្លាយទៅជា​យន្តការ​នៃ​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិ​ការ​ជួយគ្នា​ទៅវិញទៅមក​ឱ្យ​កាន់តែ​ល្អ​ ​ជាពិសេស​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​រត់គេច​ពន្ធ​ ​និង​បទល្មើស​ឆ្លងដែន​ ​ស្របតាម​សភាពការណ៍​វិវត្ត​ន៍​ថ្មី​ៗ​ ​របស់​ប្រទេស​ទាំង២​ ​ដើម្បី​រួមចំណែក​លើកកម្ពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​ពាណិជ្ជកម្ម​ ​វិនិយោគ​ ​និង​ការ​ប្រមូល​ចំណូល​ថវិការដ្ឋ​របស់​ប្រទេស​រៀង​ៗ​ខ្លួន​។​

​ក្រោយពី​ជំនួប​នេះ​ ​គណៈប្រតិភូ​គយ​កម្ពុជា​ ​បាន​បន្ត​ទៅ​ទស្សនកិច្ច​ការងារ​នៅ​សាខា​គយ​កំពង់ផែ​ ​Cai​ ​Mep​,​ ​Vung​ ​Tau​ ​ដើម្បី​សិក្សា​ស្វែងយល់​ពី​នីតិវិធី​បំពេញបែបបទ​បញ្ចេញ​ទំនិញ​ពី​គយ​ ​លំហូរ​ទំនិញ​ឆ្លងកាត់​ ​និង​ប្រព័ន្ធ​គ្រប់គ្រង​ហានិភ័យ​របស់​រដ្ឋបាល​គយ​វៀតណាម​ ​ជាពិសេស​ស្វែងយល់​ពី​ស្ថានភាព​លំហូរ​ទំនិញ​ឆ្លងកាត់​វៀតណាម​ ​ពី​ប្រទេស​ទី៣មក​កម្ពុជា​តាម​កំពង់ផែ​ផង​ដែរ​៕​

ដោយ៖ គង់ ប៊ុនណា

You can share this !

Loading...
អត្ថបទទាក់ទង