អាជ្ញាធរ​ជាតិ​ព្រះវិហារ​ ​និង​វិទ្យាស្ថាន​មួយ​នៃ​ប្រទេស​ហុងគ្រី​ ​ ​ ​រួមគ្នា​ស្រាវជ្រាវ​ប្រាសាទ​នៅ​តំបន់​កោះ​កេរ​

​ព្រះវិហារ​៖​ ​អាជ្ញាធរ​ជាតិ​ខេត្តព្រះវិហារ​ ​និង​វិទ្យាស្ថាន​ស្រាវជ្រាវ​អាស៊ី​អាគ្នេយ៍​នៃ​ប្រទេស​ហុងគ្រី​ ​បាន​ចុះ​អនុស្សារ​ណៈ​យោគយល់​គ្នា​ ​ដើម្បី​សិក្សា​ស្រាវជ្រាវ​រួមគ្នា​នៅ​ប្រាសាទ​មួយចំនួន​ក្នុង​រមណីយដ្ឋាន​កោះ​កេរ​ ​រយៈពេល៣ឆ្នាំ​ ​ចាប់ផ្តើម​ពីឆ្នាំ២០២០​ ​ខាងមុខនេះ​។​

​ពិធី​ចុះហត្ថលេខា​នេះ​ ​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី៥​ ​នៃ​គណៈកម្មការ​សម្របសម្រួល​អន្តរជាតិ​ដើម្បី​អភិរក្ស​ ​និង​លើក​តម្លៃ​រមណីយដ្ឋាន​ប្រាសាទព្រះវិហារ​ ​(​អាយ​ស៊ី​ស៊ី​-​ព្រះវិហារ​)​ ​នា​រសៀល​ថ្ងៃទី១៩​ ​ខែកញ្ញា​ ​ឆ្នាំ២០១៩​ ​នៅ​សាលសន្និសីទ​អង្គរ​នៃ​មជ្ឈមណ្ឌល​អាជ្ញាធរ​ជាតិ​អប្សរា​ ​ដែល​ភាគី​អាជ្ញាធរ​ជាតិ​ព្រះវិហារ​តំណាងដោយ​លោក​ ​គឹម​ ​សេ​តារា​ ​និង​វិទ្យាស្ថាន​ស្រាវជ្រាវ​អាស៊ី​ខាងត្បូង​ ​និង​អាស៊ី​អាគ្នេយ៍​នៃ​ប្រទេស​ហុងគ្រី​ ​តំណាងដោយ​លោក​ ​Istvan​ ​Zelnik​។​

​ក្នុង​នោះ​ ​ក៏​មានការ​ចូលរួម​ជា​អធិបតីភាព​ដោយ​លោកស្រី​ ​ភឿង​ ​សកុណា​ ​រដ្ឋមន្រ្តី​ក្រសួងវប្បធម៌​និង​វិចិត្រ​សិល្បៈ​ ​តំណាង​រាជរដ្ឋាភិបាល​កម្ពុជា​ ​និង​សហប្រធាន​អាយ​ស៊ី​ស៊ី​-​ព្រះវិហារ​ ​លោក​ ​ZHOU​ ​Jiagui​ ​តំណាង​រដ្ឋាភិបាល​ចិន​ ​និង​លោកស្រី​ ​Manika​ ​JAIN​ ​តំណាង​រដ្ឋាភិបាល​ឥណ្ឌា​។​

​គោលបំណង​សំខាន់​ ​នៃ​កិច្ច​សហប្រតិបត្តិ​ការស្រាវជ្រាវ​រួមគ្នា​នេះ​ ​គឺ​ផ្តោត​ទៅលើ​ការស្រាវជ្រាវ​នៅ​ប្រាសាទ​មួយចំនួន​ក្នុង​តំបន់​កោះ​កេរ​ ​ដើម្បី​សិក្សា​អំពី​ហេដ្ឋារចនាសម្ព័ន្ធ​ប្រាសាទ​ ​សំណង់​ប្រាសាទ​ ​និង​ហានិភ័យ​ដែល​ប្រាសាទ​កំពុង​ប្រឈម​។​

​តាមរយៈ​កិច្ច​ស្រាវជ្រាវ​រួមគ្នា​នេះ​ ​គឺជា​ជំហាន​ដំបូង​ ​មុននឹង​ឈាន​ដល់​ការ​អភិរក្ស​ ​និង​ការ​ជួសជុល​ប្រាសាទ​ឱ្យ​បាន​រួចផុត​ពី​ហា​នី​ភ័យ​ ​ដែល​អាជ្ញាធរ​ជាតិ​ព្រះវិហារ​ ​កំពុង​យកចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការ​លើក​តម្លៃ​ប្រាសាទបុរាណ​ក្នុង​ដែនដី​កោះ​កេរ​ឱ្យ​បាន​កាន់តែ​គង់វង្ស​។​

​កោះ​កេរ​ ​គឺជា​រាជធានី​ចាស់​បុរាណ​ ​មាន​អាយុប្រមាណ​ជាង​ ​១០០០ឆ្នាំ​ ​មក​ហើយ​។​ ​ប្រាសាទ​នៅ​តំបន់​កោះ​កេរ​ ​ភាគច្រើន​ត្រូវ​បាន​កសាង​ឡើង​ក្នុងរជ្ជកាល​ព្រះបាទ​ជ័យវរ្ម័នទី៤​ ​ក្នុង​សតវត្សរ៍​ទី១០​ ​(​៩២៨​-​៩៤២​)​ ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ ​ក្នុង​ភូមិ​ស្រ​យ៉ង់​ជើង​ ​ឃុំ​ស្រ​យ៉ង់​ ​ស្រុក​គូ​លេន​ ​ខេត្តព្រះវិហារ​។​ ​សព្វថ្ងៃ​នេះ​ ​តំបន់​អភិរក្ស​ប្រាសាទ​កោះ​កេរ​ ​បាន​គ្រប​ដណ្តប់​លើ​ផ្ទៃដី​ចំនួន​ ​៨៤គីឡូម៉ែត្រ​ក្រឡា​ ​ស្មើនឹង​ជាង៨០០០ហិ​ក​តា​ ​និង​ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ ​រៀបចំ​ឯកសារ​ដើម្បី​ស្នើសុំ​ដាក់បញ្ចូល​ទៅ​ក្នុង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។​

​តំបន់​កោះ​កេរ​ ​ជា​តំបន់​ដែល​បន្សល់ទុក​នូវ​របក​គំ​ហើញ​ថ្មី​ៗ​ជាច្រើន​ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ​ប្រាង្គ​ប្រាសាទ​ ​និង​រូបចម្លាក់​នានា​សុទ្ធតែ​ជា​កេរ្តិ៍ដំណែល​ប្រវត្តិសាស្ត្រ​ដ៏​មានតម្លៃ​របស់​ជាតិ​។​ ​អ្នកស្រាវជ្រាវ​ ​បាន​រក​ឃើញសព្វ​ថ្ងៃ​នូវ​ប្រាសាទ​ប្រមាណ​ ​១០០ប្រាសាទ​ ​នៅ​តំបន់​កោះ​កេរ​ ​ក្នុង​ផ្ទៃដី​ចំនួន៩គីឡូម៉ែត្រ៤ជ្រុង​ ​មាន​ប្រាសាទ​មួយចំនួន​ដូចជា​ ​ប្រាសាទ​ដាវ​ ​រំលំ​បី​ ​បឹង​វែង​ ​ត្រពាំង​ព្រៃ​ ​ដី​ឆ្នាំង​ ​ស្រុង​ស្រឡៅ​ ​លិង្គ​ ​គុក​ស្រគំ​ ​ត្រពាំង​តា​ ​សុភី​ ​ក្រហម​ ​អណ្តូង​ ​អង្គ​ខ្នា​ ​ទឹកក្រហម​ ​ដំរីស​ ​ក្រ​រាប់​ ​បន្ទាយ​ពីរ​ជាន់​ ​គុក​ ​ខ្មៅ​ ​ថ្នឹង​ ​ធំ​បល័ង្គ​ ​រហាល​ ​ចំ​នេះ​ ​សំ​ពេច​ ​ត្រពាំង​ស្វាយ​ ​នាងខ្មៅ​ ​ប្រាំ​ ​បាត់​ ​ខ្នារ​ចិន​ ​ឃ្លុំ​ ​ច្រាប​ ​ដងទង់​ ​ប្រាង្គ​ ​កំផែង​។​ ​ប្រាសាទ​ទាំងនេះ​ ​ត្រូវ​បាន​សាងសង់​នៅ​ដាច់​ៗ​ពីគ្នា​ពី១គ.ម​ ​ទៅ៣គ.ម​ ​ឬ​ ​៤គ.ម​ ​បច្ចុប្បន្ន​ប្រាសាទ​នេះ​ ​ត្រូវ​ខូចខាត​បាត់​រូបរាង​ ​ខ្លះ​កប់​ក្នុង​ដី​ជាដើម​៕​

ដោយ៖ ហៀង រ័ត្ន

You can share this !

Loading...
អត្ថបទទាក់ទង