បទ​វិភាគ​៖​ ​Apple​ ​អាមេរិក​ ​ជួប​ហានិភ័យ​ចាញ់​ចិន​ ​ពេល​ចេញ​ទូរស័ព្ទ​ស៊េរី​ចុងក្រោយ​

បរទេស​៖​ ​ការសម្រេច​ចិត្ត​មើល​រំលង​បច្ចេកវិទ្យា​ ​5G​ ​ដើម្បី​បំពាក់​លើ​ទូរស័ព្ទ​ស៊េរី​ចុងក្រោយ​របស់​ក្រុមហ៊ុន​ ​Apple​ ​អម​ជាមួយ​តម្លៃ​ខ្ពស់​ទៀត​នោះ​ ​អាច​ផ្ដល់​នូវ​ឱកាស​ដ៏​ធំ​មួយ​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ក្នុង​ការ​ក្លាយជា​បងធំ​ក្នុង​ទីផ្សារ​ស្មា​ត​ហ្វូ​នពិ​ភព​លោក​ ​នៅពេល​ខាងមុខ​។​ ​ក្រុមហ៊ុន​ដែល​ផលិត​ ​iPhone​ ​គឺជា​ក្រុមហ៊ុន​បរទេស​តែមួយគត់​ ​ដែល​បាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ក្រុមហ៊ុន​លក់​ស្មា​ត​ហ្វូ​នបាន​ច្រើនជាង​គេ​ទាំង៥​ ​ក្នុង​ទីផ្សារ​ប្រទេស​ចិន​ ​ហើយក៏​កំពុង​ប្រឈមមុខនឹង​ដៃគូ​ប្រកួតប្រជែង​ក្នុង​ស្រុក​ធំៗ​ ​ដូចជា​ ​Huawei​,​ ​Oppo​ ​និង​ ​Xiaomi​ ​ដែល​ពួកគេ​ ​មាន​ទាំង​ការ​ច្នៃ​ប្រឌិត​ថ្មី​ៗ​លើ​រូបរាង​ ​ទាំង​តម្លៃ​ធូរ​ថ្លៃ​ ​ជាមួយ​កាមេរ៉ា​ថត​បាន​ប្រសើរ​គួរសម​ ​ដែល​បាន​ទាក់ទាញ​អតិថិជន​នៅ​ទូទាំង​ប្រទេស​ចិន​។​

​កង្វះ​នៃ​បច្ចេកវិទ្យា​ ​5G​ ​នៅ​លើ​ត្រកូល​ ​iPhone​ ​11​ ​អាច​មិនទាន់​មានផល​ប៉ះ​ពាល់​ភ្លាម​ៗ​នោះ​ទេ​ ​ប៉ុន្តែ​វា​ ​នឹងអាច​បង្ក​ការខាតបង់​សម្រាប់​ ​Apple​ ​នៅ​ពាក់កណ្ដាល​ទសវត្សរ៍​ ​២០២០​ ​នៅពេល​អ្នក​ផលិត​ស្មា​ត​ហ្វូ​ននៅ​ក្នុង​ប្រទេស​ចិន​ ​កំពុង​ដុតដៃដុតជើង​ ​ដើម្បី​ផលិត​ស្មា​ត​ហ្វូ​នដែល​អាច​ប្រើប្រាស់​សេវា​ ​5G​ ​ឱ្យ​ស្របតាម​តម្រូវការ​ដែល​មានការ​កើនឡើង​យ៉ាង​គំហុក​។​ ​Apple​ ​របស់​អាមេរិក​ ​នឹងអាច​ជួប​ផល​លំបាក​ជាទីបំផុត​ ​ក្នុង​ការប្រកួត​ប្រជែង​ជាមួយ​ចិន​ ​នៅ​ឆមាស​ទី២​ ​ឆ្នាំ២០២០​។​ ​នេះ​បើ​យោង​តាម​អ្នកវិភាគ​មួយចំនួន​។​

​Apple​ ​កាលពី​ម្សិលមិញ​ ​បាន​ប្រកាស​ចេញ​ត្រកូល​ ​iPhone​ ​ដែល​ជា​ការ​ធ្វើ​កំ​ណែ​អាប់​ដេ​ត​បន្ថែម​ទៅលើ​ ​កាមេរ៉ា​ ​ប្រព័ន្ធ​ដំណើរការ​ ​ការ​ឌីហ្សាញ​ ​ថាមពល​ថ្ម​ ​និង​ឆ្នាំង​សាក​លឿន​ជាលើកដំបូង​របស់​ខ្លួន​។​ ​ទាំងនេះ​ ​សុទ្ធតែ​ត្រូវ​បាន​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ ​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ ​Android​ ​ធ្លាប់​បាន​បំពាក់​នៅក្នុង​ស្មា​ត​ហ្វូ​នរ​បស់​ពួកគេ​រួច​ទៅ​ហើយ​។​

​ក្នុង​បរិបទ​នៃ​ការ​វិវឌ្ឍ​ទៅ​រក​បច្ចេកវិទ្យា​ ​5G​ ​ចិន​កំពុង​ប្រញាប់​ប្រញាល់​ ​ដើម្បី​ប្រែក្លាយ​ខ្លួន​ជា​អ្នក​ដឹកមុខ​គេ​ ​ក្នុង​យុគសម័យ​ឌីជីថល​ ​ស្រប​ពេល​ ​ក្រុមហ៊ុន​រដ្ឋ​ចិន​មួយចំនួន​ ​បាន​ត្រៀម​ថវិកា​រាប់ពាន់​លាន​ដុល្លារ​អាមេរិក​ ​សម្រាប់​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ទូទាំង​ប្រទេស​ដែល​ចាំបាច់​។​ ​5G​ ​ផ្ដល់​នូវ​ល្បឿន​មិនធ្លាប់​មាន​សម្រាប់​អ៊ីនធឺណិត​ ​និង​បទពិសោធន៍​គួរ​ជាទី​ពេញចិត្ត​របស់​អ្នកប្រើ​ប្រាស់​។​ ​មិន​ត្រឹមតែ​ដូច្នេះ​ ​វា​ត្រូវ​បាន​ចាត់ទុកជា​កូនសោ​ដ៏​សំខាន់​ ​ក្នុង​វិស័យ​យានយន្ត​ដែល​បើក​ដោយ​ស្វ័យប្រវត្តិ​ ​វេជ្ជសាស្ត្រ​ផ្នែក​វះកាត់​ ​និង​វិស័យ​ភាពយន្ត​អន​ឡាញ​។​

​Apple​ ​បាន​ផ្អាក​ចេញ​របាយការណ៍​លក់​របស់​ខ្លួន​ ​តាំងពី​ដើមឆ្នាំ២០១៩​ ​ត្បិត​ការ​លក់​ ​បាន​ថយ​ចុះ​ខ្លាំង​។​ ​យ៉ាងណាមិញ​ ​ទោះ​មានការ​បិទបាំង​យ៉ាងណាក៏ដោយ​ ​ក៏​ក្រុមហ៊ុន​ផ្លែ​ប៉ោម​នេះ​ ​មិន​អាច​លាក់បាំង​ផុត​ពីមុខ​អ្នកស្រាវជ្រាវ​ ​និង​អ្នកវិភាគ​ ​ដែល​បាន​សិក្សា​យ៉ាង​ល្អិតល្អន់​ ​និង​រក​ឃើញថា​ ​ការ​លក់​ ​iPhone​ ​បាន​ធ្លាក់ចុះ​រាប់​លាន​គ្រឿង​ ​ពី​មួយ​ត្រីមាស​ ​ទៅ​មួយ​ត្រីមាស​ ​ជាពិសេស​ទីផ្សារ​ចិន​ ​ដែល​ធ្លាប់តែ​ជាទី​ផ្សារ​ធំ​បំផុត​មួយ​របស់​ ​Apple​ ​បន្ទាប់ពី​ទី​ផ្សា​សហរដ្ឋអាមេរិក​។​ ​មើល​លើ​តម្លៃ​ ​iPhone​ ​នៅ​ចិន​ ​ចាប់ផ្ដើម​ពី​ ​៥៣៩៩​ ​យ័ន​ ​ខណៈ​ ​Oppo​ ​និង​ ​Xianmi​ ​មានតម្លៃ​ត្រឹមតែ​ ​៣០០០យ័​នប៉ុ​ណ្ណោះ​។​ ​រី​ឯ​ម៉ូដែល​កម្លាំង​ម៉ាស៊ីន​ខ្ពស់​បំផុត​ ​iPhone​ ​11​ ​Pro​ ​ចាប់ផ្ដើម​ពី​ ​៨៦៩៩យ័ន​ ​ខណៈ​ម៉ូដែល​ខ្ពស់​របស់​ ​Huawei​ ​ថ្លៃ​តែ​ ​៦៣០០យ័ន​ ​ហើយ​មាន​ ​5G​ ​ថែមទៀត​។​

​Huawei​ ​Mate​ ​30​ ​Pro​ ​កម្លាំង​ម៉ាស៊ីន​ខ្ពស់​ ​អាច​ប្រើជា​មួយ​សេវា​ ​5G​ ​ហើយ​ ​Xiaomi​ ​និង​ ​Oppo​ ​កំពុង​ត្រៀម​ចេញ​ទូរស័ព្ទ​ ​ដែល​អាច​ប្រើ​ ​5G​ ​នៅ​ចិន​ផង​ដែរ​។​ ​មិន​ខុសពី​ក្រុមហ៊ុន​ទាំងនេះ​ ​Samsung​ ​របស់​កូរ៉េ​វិញ​ ​បាន​ប្រកាស​ទូរស័ព្ទ​ ​5G​ ​ដូចគ្នា​ ​នៅ​កូរ៉េ​ខាងត្បូង​។​ ​ចំណែក​ ​Vivo​ ​គ្រោង​នឹង​ប្រកាស​ក្នុង​ពេល​ឆាប់​ៗ​ខាងមុខនេះ​ដែរ​ ​មុននឹង​ដាក់​លក់​នៅ​ឆ្នាំក្រោយ​។​

​អ្នកវិភាគ​បាន​លើកឡើង​ថា​ ​សង្វៀន​ប្រកួត​លើ​សេវា​ ​5G​ ​នឹង​ចាប់ផ្ដើម​មាន​ភាពក្ដៅ​គគុក​ ​នៅ​ឆមាស​ទី២​ ​ឆ្នាំ២០២០​ ​ដូច្នេះ​ ​Apple​ ​នឹងអាច​បាត់បង់​ឱកាស​ក្នុងរយៈពេល​ ​៦ខែ​នេះ​ ​តែ​ក្រុមហ៊ុន​អាមេរិក​នេះ​ ​នឹង​ពឹងផ្អែក​លើ​ភាព​ខ្លាំង​របស់​ខ្លួន​ ​ក្នុង​ផ្នែក​ទន់​ ​និង​ប្រព័ន្ធ​អេ​កូ​ស៊ី​ស្ទីម​ ​ដើម្បី​រក្សា​ចំនួន​អ្នកប្រើ​ប្រាស់​ ​ជាជាង​ការពឹងពាក់​លើ​ផ្នែក​រឹង​។​

​ទូរស័ព្ទ​ ​5G​ ​ប្រហែល​ ​៩០លាន​គ្រឿង​ ​នឹង​លក់​នៅ​ចិន​ ​ក្នុង​ឆ្នាំ២០២០​ ​ដែល​ជា​កំណើន​ដ៏​ស្រួច​មួយ​ ​បើ​ធៀប​នឹង​ការ​លក់​ក្នុង​ឆ្នាំ២០១៩​ ​ដែលគេ​ព្យាករ​ថា​ ​មាន​ចំនួន​ ​៣លាន​គ្រឿង​តែប៉ុណ្ណោះ​។​ ​ការ​បោះជំហាន​ទៅ​មុនគេ​លើ​សេវា​ ​5G​ ​អាច​ជា​ជំហរ​ដ៏​ល្អ​ប្រសើរ​មួយ​ ​ដើម្បី​ឱ្យ​ក្រុមហ៊ុន​នានា​ ​បង្កើន​តម្រូវការ​។​ ​ចំពោះ​ ​Apple​ ​គេ​មិន​អាច​មើល​រំលង​បានទេ​ ​ចំពោះ​បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​ ​និង​អាមេរិក​ ​ដែល​ជា​កត្តា​មួយ​ដោយឡែក​ផ្សេងទៀត​ ​នៃ​ការ​ធ្លាក់ចុះ​ការ​លក់​នៅក្នុង​ទីផ្សារ​ចិន​ ​ហើយ​ការ​ដាក់ទណ្ឌកម្ម​លើ​ពន្ធ​ ​និង​ការប្រែប្រួល​ឆាប់រហ័ស​នៃ​អត្តា​ប្តូរ​ប្រាក់​ ​អាច​នឹង​ប៉ះពាល់​តម្លៃ​ ​iPhone​ ​ក្នុង​ទីផ្សារ​ចិន​បន្ថែម​ទៀត​៕​

You can share this !

Loading...
អត្ថបទទាក់ទង