ក្រសួងសាធារណការ​ ​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ ​ចំពោះ​ការប្រើ​ប្រាស់​ស្លាក​លេខ​សម្គាល់​យានជំនិះ​ ​ខុសពី​នីតិវិធី​

​ភ្នំពេញ​៖​ ​អគ្គនាយក​ដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក​ ​នៃ​ក្រសួងសាធារណការ​ ​និង​ដឹក​ជញ្ជួន​ ​នឹង​សហការ​ជាមួយ​អាជ្ញាធរ​មានសមត្ថកិច្ច​ ​ចាត់វិធានការ​តឹងរ៉ឹង​តាមផ្លូវ​ច្បាប់​ ​ចំពោះ​បុគ្គល​ណា​ដែល​បាន​ប្រើប្រាស់​ស្លាក​លេខ​សម្គាល់​យានជំនិះ​ខុសពី​នីតិវិធី​ ​។​ ​នេះ​យោង​បើ​តាម​សេចក្ដីជូនដំណឹង​របស់ក្រ​សួង​សាធារណការ​ ​នៅ​ថ្ងៃទី១៤​ ​ខែសីហា​ ​ឆ្នាំ២០១៩នេះ​ ​។​

​ក្នុង​សេចក្តី​ជូនដំណឹង​ ​បាន​លើកឡើង​ថា​ ​កន្លងមក​អគ្គនាយក​ដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក​ ​បាន​សង្កេតឃើញ​ ​យានជំនិះ​មួយចំនួន​ ​បាន​បំពាក់​ស្លាក​លេខ​សម្គាល់​យានជំនិះ​ ​មិន​ត្រឹមត្រូវ​ ​ដោយ​បាន​ច្នៃប្រឌិត​ ​ឬ​តុបតែង​បន្ថែម​ ​ដែល​ធ្វើ​ឱ្យ​បាត់​លក្ខណៈ​សម្គាល់​ ​។​ ​ជាពិសេស​ ​ស្លាក​លេខ​ខ្លះ​ត្រូវ​បាន​ច្នៃប្រឌិត​ពី​ស័ង្កសី​ ​ឬ​លោហ​ធា​តុ​ផ្សេង​ៗ​ ​យក​ទៅ​បំពាក់​លើ​យានជំនិះ​របស់​ខ្លួន​ ​ផ្ទុយពី​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ដែល​ស្លាក​លេខ​សម្គាល់​យានជំនិះ​ ​ទាំងអស់​ត្រូវ​ចេញ​ដោយ​ក្រសួងសាធារណការ​ ​និង​ដឹក​ជញ្ជួន​ ​លើកលែងតែ​ស្លាក​លេខ​នគរបាល​ ​និង​ស្លាក​លេខ​ខេមរភូមិន្ទ​ ​ដែល​ត្រូវ​ចេញ​ដោយ​ក្រសួងមហាផ្ទៃ​ ​និង​ក្រសួងការពារជាតិ​ ​។​

​ដើម្បី​រួមចំណែក​ក្នុង​ការទប់ស្កាត់​ភាព​មិន​ប្រក្រតី​នៃ​យានជំនិះ​ ​ក៏ដូចជា​ដើម្បី​ថែរក្សា​ស្ថិរភាព​ ​សុវត្ថិភាព​ ​និង​សន្តិសុខ​សង្គម​ ​អគ្គនាយក​ដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក​ ​បាន​ណែនាំ​ ​ដូច​ខាងក្រោម​៖​

​១​៖​ ​គ្រប់​យានជំនិះ​ ​មុន​ធ្វើ​ចរាចរណ៍​តាម​ដងផ្លូវ​ ​ត្រូវ​ធ្វើការ​ចុះបញ្ជី​ ​ដើម្បី​ទទួល​បាន​បណ្ណ​សម្គាល់​ ​និង​ស្លាក​លេខ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​នីតិវិធី​

​២​៖​ ​ស្លាក​លេខ​សម្គាល់​យានជំនិះ​ ​ត្រូវ​ប្រើប្រាស់​ឱ្យ​បាន​ត្រឹមត្រូវ​ ​តាម​យានជំនិះ​ដែល​បាន​ចុះបញ្ជី​

​៣​៖​ ​ហាម​យក​ស្លាក​លេខ​សម្គាល់​យានជំនិះ​ ​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ ​ទៅ​បំពាក់​លើ​យានជំនិះ​ ​ផ្សេង​ដែល​នាំចូល​មិន​ស្របច្បាប់​

​៤​៖​ ​ហាម​ប្រើប្រាស់​ស្លាក​ក​លេខ​ដែល​ច្នៃប្រឌិត​ ​ឬ​តុបតែង​បន្ថែម​ ​ដែល​ផ្ទុយពី​ស្លាក​លេខ​ចេញ​ដោយ​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​

​៥​៖​ ​ហាម​ផ្ទុក​សម្ភារ​ ​និង​ដាក់​វត្ថុ​ផ្សេង​ៗ​ ​ដែល​ធ្វើ​ឱ្យ​បាំង​ផ្លាក​លេខ​

​៦​៖​ ​នៅពេល​យានជំនិះ​ខូច​ប្រើប្រាស់​លែងកើត​ ​ម្ចាស់​យានជំនិះ​ ​ត្រូវ​បំពេញ​កាតព្វកិច្ច​លុបចេញ​ពី​បញ្ជី​យានជំនិះ​ ​ដោយ​នាំ​យក​មក​នូវ​បណ្ណ​សម្គាល់​ ​និង​ស្លាក​លេខ​សម្គាល់​យានជំនិះ​ ​ទៅ​អគ្គនាយក​ដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក​ ​ឬ​ទីតាំង​ផ្តល់​សេវា​សាធារណៈ​ ​ដែល​កំណត់​ដោយ​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​។​

​ជាមួយគ្នា​នេះ​ ​អគ្គនាយក​ដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក​ ​បាន​បញ្ជាក់​ថា​ ​នឹង​សហការ​ជាមួយ​អាជ្ញាធរ​មានសមត្ថកិច្ច​ ​ចាត់វិធានការ​តឹងរ៉ឹង​តាមផ្លូវ​ច្បាប់​ ​ចំពោះ​បុគ្គល​ណា​ ​ដែល​បាន​ប្រើប្រាស់​ស្លាក​លេខ​ ​សម្គាល់​យានជំនិះ​ខុសពី​នីតិវិធី​ ​៕​

អត្ថបទ គន្ធ តារាវិឆ័យ

You can share this !

Loading...
អត្ថបទទាក់ទង