ល្អ​ណាស់​!​ ​រដ្ឋបាល​ខេត្តសៀមរាប​ ​ផ្តល់​កន្លែង​ស្នាក់នៅ​ ​ដល់​សិស្ស​ពុំ​មានលទ្ធភាព​ ​ក្នុង​ពេល​ប្រឡង​បាក់ឌុប​

​សៀមរាប​៖​ ​រដ្ឋបាល​ខេត្តសៀមរាប​ ​នឹង​ផ្តល់​ជូន​កន្លែង​ស្នាក់នៅ​ ​ដោយ​ឥតគិតថ្លៃ​ដល់​សិស្ស​ពុំ​មានលទ្ធភាព​ ​ក្នុងអំឡុងពេល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ​ ​និង​បំពេញវិជ្ជា​ ​នៅ​ថ្ងៃទី១៩​ ​ដល់ទី២០​ ​ខែសីហា​ ​ឆ្នាំ២០១៩​ ​ខា​មុខ​នេះ​ ​នៅ​ក្រុង​សៀមរាប​ ​។​

​យោង​តាម​សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​ខេត្តសៀមរាប​ ​នៅ​ថ្ងៃទី១៤​ ​ខែសីហា​ ​ឆ្នាំ២០១៩នេះ​ ​បាន​ជូនដំណឹង​ស្តី​ពី​ការ​ផ្តល់​ជូន​នូវ​កន្លែង​ស្នាក់នៅ​ ​ដោយ​ឥតគិតថ្លៃ​ដល់​បេក្ខជន​ ​និង​បេក្ខនារី​ ​ដើម្បី​ចូលរួម​ចំណែក​ ​និង​ជួយ​សម្រួល​ដល់​សិស្សានុសិស្ស​ ​ដែល​ត្រូវ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ​ចំណេះ​ទូទៅ​ ​និង​បំពេញវិជ្ជា​ ​ឆ្នាំ២០១៩​ ​នៅពេល​ខាងមុខនេះ​ ​។​

​ដើម្បី​ជួយ​សម្រួល​អំឡុង​ពេល​ប្រឡង​ ​រដ្ឋបាល​ខេត្តសៀមរាប​ ​បាន​បង្កើត​ក្រុមការងារ​សម្រាប់​ពិនិត្យ​លទ្ធភាព​ ​និង​ជួយ​សម្រួល​កន្លែង​ស្នាក់នៅ​ ​ដោយ​ឥតគិតថ្លៃ​ ​ជូន​ដល់​សិស្សានុសិស្ស​មក​ពី​បណ្តា​ស្រុក​ ​ដែល​មាន​ជីវភាព​ខ្វះខាត​ ​ពុំ​មានលទ្ធភាព​ ​ឬ​ពិបាក​ក្នុង​ការ​រក​កន្លែង​ស្នាក់នៅ​ ​ក្នុងរយៈពេល​នៃ​ការ​ប្រឡង​របស់​ពួកគេ​ ​។​

​បើ​តាម​ទិន្នន័យ​បណ្តោះអាសន្ន​របស់ក្រ​សួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​បាន​បង្ហាញថា​ ​បេក្ខជន​ ​ដែល​មានឈ្មោះ​ប្រឡង​សញ្ញាបត្រ​សិក្សា​ទុតិយភូមិ​ឆ្នាំ២០១៩​ ​នេះ​ ​មាន​ចំនួន​ ​១១៩,២១៧នាក់​ ​នៅ​ទូទាំង​ប្រទេស​ ​ដោយមាន​មណ្ឌល​ប្រឡង​ចំនួន២០២​ ​។​ ​ក្នុង​នោះ​ ​ខេត្តសៀមរាប​ ​មាន​ចំនួន​ ​១៣មណ្ឌល​ ​ដោយ​មិនទាន់​បង្ហាញ​ច្បាស់​ចំពោះ​ចំនួន​បេក្ខជន​ ​និង​បេក្ខនារី​ ​ដែល​ត្រូវ​ប្រឡង​នៅឡើយ​ទេ​ ​៕​

អត្ថបទ៖ ហៀង រ័ត្ន

You can share this !

Loading...
អត្ថបទទាក់ទង