កញ្ជ្រឹល​ ​កើន៣ដង​ ​ហ្វីលីពីន​ ​និង​ថៃ​ ​ស្ថិត​ក្នុង​ប្រទេស​ផ្ទុះ​ជំងឺ​ខ្លាំង​ជាងគេ​

អន្តរជាតិ​៖​ ​ដើមឆ្នាំ២០១៩​ ​ជំងឺ​កញ្ជ្រឹល​ ​កើនឡើង​ ​៣ដង​ ​នៅ​ទូទាំង​ពិភពលោក​ ​ដោយ​ប្រទេស​អាស៊ាន​ ​ចំនួន​ ​២​ ​គឺ​ ​ថៃ​ ​និង​ហ្វីលីពីន​ ​ស្ថិតនៅ​ក្នុង​ប្រទេស​ផ្ទុះ​ជំងឺ​នេះ​ច្រើនជាង​គេ​។​ ​នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​ ​www.hellokrupet.com​ ​។​

​អង្គការសុខភាព​ពិភពលោក​ ​(​WHO​)​ ​បញ្ជាក់​ថា​ ​រយៈពេល​ ​៧ខែ​ ​ដើមឆ្នាំ​នេះ​ ​មាន​ជំងឺ​កញ្ជ្រឹល​ ​៣៦៤.៨០៨​ ​ករណី​ ​នៅ​ទូទាំង​ពិភពលោក​ ​ខណៈ​រយៈពេល​ដូចគ្នា​ ​នៅ​ឆ្នាំ​ ​២០១៨​ ​ជំងឺ​កញ្ជ្រឹល​ ​មានត្រឹមតែ​ ​១២៩.២៣៩​ ​ករណី​ ​។​ ​លោកស្រី​ ​Christian​ ​Lindmeier​ ​អ្នកនាំពាក្យ​ ​WHO​ ​បញ្ជាក់​ថា​ ​តួលេខ​នេះ​ ​គឺ​ខ្ពស់​បំផុត​ ​ចាប់តាំង​ឆ្នាំ​ ​២០០៦​ ​។​

​អង្គការ​ ​WHO​ ​បញ្ជាក់​ថា​ ​តំបន់​អាហ្វ្រិក​ ​កើនឡើង​ករណី​ជំងឺ​កញ្ជ្រឹល​ច្រើនជាង​គេ​ ​គឺ​រហូតដល់​ ​៩០០​%​ ​ខណៈ​តំបន់​ប៉ាស៊ីហ្វិក​ខាងកើត​ ​កើនឡើង​ ​២៣០​%​។​ ​ចំណែក​ប្រទេស​មាន​ករណី​ជំងឺ​កញ្ជ្រឹល​ខ្ពស់​ជាងគេ​ ​មាន​កុងហ្គោ​ ​ម៉ា​ដា​ហ្កា​ស្កា​ ​អ៊ុយក្រែន​ ​អង់ហ្គោឡា​ ​ឆាដ​ ​កាហ្សាក់ស្ថាន​ ​នីហ្សេរីយ៉ា​ ​ហ្វីលីពីន​ ​ស៊ូដង់​ ​ស៊ូដង់​ខាងត្បូង​ ​និង​ថៃ​។​

​អង្គការ​ដដែល​នេះ​ ​គូសបញ្ជាក់​ថា​ ​មូលហេតុ​នៃ​ការ​ផ្ទុះ​ជំងឺ​កញ្ជ្រឹល​ ​ដោយសារ​ប្រជាជន​ ​ពុំ​បាន​ចាក់​វ៉ាក់សាំង​ការពារ​ ​នៅ​តាម​សហគមន៍​ ​និង​ប្រទេស​នានា​ ​រួម​ជាមួយ​កង្វះ​ការ​ទទួល​បានការ​ថែទាំ​សុខភាព​ប្រកបដោយ​គុណភាព​ ​ការ​ទទួល​ព័ត៌មាន​មិនបាន​ត្រឹមត្រូវ​អំពី​វ៉ាក់សាំង​ ​និង​កង្វះ​ការយល់​ដឹង​អំពី​ភាព​ចាំបាច់​នៃ​ការ​ចាក់​វ៉ាក់សាំង​។​ ​WHO​ ​សង្កត់ធ្ងន់​ថា​ ​វ៉ាក់សាំង​បង្ការ​ជំងឺ​កញ្ជ្រឹល​ ​គឺ​មាន​សុវត្ថិភាព​ ​និង​ប្រសិទ្ធភាព​ខ្ពស់​។​

​ជំងឺ​កញ្ជ្រឹល​ ​ជា​ជំងឺ​ងាយ​ឆ្លង​ ​ប៉ុន្តែ​អាច​បង្ការ​បាន​ ​តាមរយៈ​ការ​ចាក់​វ៉ាក់សាំង​ ​២ដូ​ស្ត​៕​

You can share this !

Loading...
អត្ថបទទាក់ទង