ឯកអគ្គ​រដ្ឋទូត​កូរ៉េ​ខាងត្បូង​ ​កោតសរសើរ​ពី​ភាព​អត់ធ្មត់​ ​និង​ព្យាយាម​ធ្វើការងារ​របស់​ពលករ​កម្ពុជា​

​ភ្នំពេញ​៖​ ​ឯកអគ្គ​រដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា​ ​លោក​ ​អូ​ ​ណា​ក់​យ៉ុង​ ​បាន​កោតសរសើរ​ពលរដ្ឋ​កម្ពុជា​ថា​ ​មាន​ភាព​អត់ធ្មត់​ព្យាយាម​ធ្វើការងារ​ ​ក្នុងនាម​ជា​ពលករ​នៅ​ប្រទេស​កូរ៉េ​ ​។​ ​មិន​តែប៉ុណ្ណោះ​ពលករ​កម្ពុជា​ ​ក៏​មាន​អ​ត្ត​ចរិ​ក​ល្អ​ផង​ដែរ​ ​ដែល​ទទួល​បាន​នូវ​ការ​កោតសរសើរ​យ៉ាង​ពេញទំហឹង​ពីសំណាក់​និយោជក​ ​និង​ថ្នាក់ដឹកនាំ​កូរ៉េ​ ​។​

​ការ​កោតសរសើរ​នេះ​ ​បាន​ធ្វើឡើង​ក្នុង​ពិធី​ជូនដំណើរ​ពលករ​កម្ពុជា​ ​ផ្នែក​ឧស្សាហកម្ម​ចំនួន​ ​៣២នាក់​(​ស្រី២នាក់​)​ ​ចេញទៅ​ធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ​ ​នៅ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​

​លោក​ ​អូ​ ​ណា​ក់​យ៉ុង​ ​ក៏បាន​ផ្ដាំផ្ញើ​ពលករ​កម្ពុជា​ថា​ ​ក្នុង​ពេល​បំពេញការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ​ ​ប្រសិនបើ​មាន​បញ្ហា​ណាមួយ​កើតឡើង​នោះ​ ​ឱ្យ​ពលករ​ទាំងអស់​ ​ទាក់ទង​ទៅកាន់​មជ្ឈមណ្ឌល​គាំពារ​ពលករ​បរទេស​ដែល​ប្រចាំការ​នៅ​ទីនោះ​ស្រាប់​ ​ដើម្បី​ដោះស្រាយ​បញ្ហា​នានា​ដែល​កើតមាន​នៅពេល​ធ្វើការ​នៅ​កូរ៉េ​ ​។​

​ដោយឡែក​ ​លោក​ ​ហេង​ ​សួរ​ ​រដ្ឋលេខាធិការ​ក្រសួងការងារ​ ​ក៏បាន​ប្រាប់​ពលករ​ទាំងអស់​ ​ឱ្យ​ប្រឹងប្រែង​តស៊ូ​អត់ធ្មត់​នឹង​ការងារ​ ​។​ ​លោក​ថា​ ​ប្រសិនបើ​ចង់​ផ្លាស់ប្ដូរ​ការងារ​ ​ត្រូវ​ជួប​ប្រឹក្សា​យោបល់​ជាមួយ​មជ្ឈមណ្ឌល​គាំពារ​ពលករ​បរទេស​ ​ដែល​នៅ​ជិត​កន្លែង​ការងារ​ ​។​ ​ការផ្លាស់ប្ដូរ​ការងារ​ដោយចិត្ត​ឯង​ ​អាច​ឈាន​ដល់​ការប្រព្រឹត្ត​ខុស​កិច្ច​ព្រមព្រៀង​ ​ក៏ដូចជា​អាច​ប្រឈម​នឹង​បញ្ហា​នានា​ផង​ដែរ​។​

​លោក​ ​រដ្ឋលេខាធិការ​ ​រំពឹង​ថា​ ​ពលករ​កម្ពុជា​ទាំងអស់​ ​នឹង​រក្សា​បាន​នូវ​ភាព​ថ្លៃថ្នូរ​ ​សម្រាប់​ប្រជាជាតិ​កម្ពុជា​ទាំងមូល​ ​និង​ត្រូវ​យកចិត្ត​ទុកដាក់​ថែរក្សា​សុខភាព​ ​អនាម័យ​ ​សុវត្ថិភាព​ក្នុង​ការរស់នៅ​ ​និង​ការ​ធ្វើដំណើរ​ទៅកាន់​ទី​កន្លែង​ផ្សេង​ៗ​។​

​បើ​តាម​ ​លោក​ ​ហេង​ ​សួរ​ ​បច្ចុប្បន្ន​ ​កម្ពុជា​បាន​បញ្ជូន​ពលករ​របស់​ខ្លួន​ទៅ​ធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ​ ​ប្រមាណ​ជាង​ ​៦ម៉ឺន​នាក់​ ​ភាគច្រើន​ធ្វើការ​លើ​ផ្នែក​ឧស្សាហកម្ម​ ​កសិកម្ម​ ​និង​សំណង់​ ​។​ ​ក្នុង​ឆ្នាំ២០១៩នេះ​ ​សាធារណរដ្ឋ​កូរ៉េ​ ​បាន​ផ្ដល់​ឱ្យ​កម្ពុជា​ ​បញ្ជូន​ពលករ​ចន្លោះ​ពី​ ​៤០០០នាក់​ ​ទៅ​ ​៤៥០០នាក់​បន្ថែម​ទៀត​ ​។​

​សូម​បញ្ជាក់​ថា​ ​នៅ​សាធារណរដ្ឋ​កូរ៉េ​ ​មាន​ប្រព័ន្ធ​គ្រប់គ្រង​ពលករ​បរទេស​យ៉ាង​ល្អ​ ​គឺ​មាន​មជ្ឈមណ្ឌល​គាំពារ​ពលករ​បរទេស​ប្រមាណ​ជា៤០កន្លែង​ ​។​ ​នៅក្នុង​មជ្ឈមណ្ឌល​នី​មួយ​ៗ​ ​មាន​អ្នកចេះ​ភាសា​របស់​ពលករ​នៃ​ប្រទេស​នី​មួយ​ៗ​ផង​ដែរ​។​ ​នៅពេល​ដែល​ពលករ​មាន​បញ្ហា​ណាមួយ​ ​ពលករ​អាច​ទំនាក់ទំនង​ ​នឹង​ទទួល​បានការ​ជួយ​ដោះស្រាយ​ជូន​ ​៕​

ដោយ៖ គង់ ប៊ុនណា

You can share this !

Loading...
អត្ថបទទាក់ទង