រដ្ឋបាល​ខេត្តសៀមរាប​ ​គ្រោង​កែ​លម្អ​ស្ទឹង​សៀមរាប​ឡើងវិញ​ ​ដើម្បី​សោភ័ណភាព​ ​និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​

សៀមរាប​៖​ ​រដ្ឋបាល​ខេត្តសៀមរាប​ ​បាន​គាំទ្រ​លើ​គម្រោង​កែ​លម្អ​ ​និង​អភិវឌ្ឍន៍​ស្ទឹង​សៀមរាប​ ​តាមរយៈ​ក្រុមហ៊ុន​ ​Gold​ ​Sun​ ​Investment​ ​Cambodia​ ​Co​,​Ltd​ ​ដើម្បី​ធ្វើ​ឱ្យ​មាន​សោភ័ណភាព​ឡើងវិញ​ ​និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ ​។​

​លោក​ ​ង៉ាន់​ ​ភិរុណ​ ​អភិបាលរងខេត្ត​សៀមរាប​ ​នៅ​ថ្ងៃម្សិលមិញ​នេះ​ ​បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លើ​ការងារ​បច្ចេកទេស​គម្រោង​កែ​លម្អ​ ​និង​អភិវឌ្ឍន៍​ស្ទឹង​សៀមរាប​ ​ដើម្បី​គាំទ្រ​ដល់​គម្រោង​របស់​ក្រុមហ៊ុន​ ​Gold​ ​Sun​ ​Investment​ ​Cambodia​ ​Co​,​Ltd​ ​។​

​បើ​តាម​លោក​ ​ង៉ាន់​ ​ភិរុណ​ ​បាន​បញ្ជាក់​ថា​ ​ការរៀបចំ​គម្រោង​កែ​លម្អ​ ​និង​អភិវឌ្ឍន៍​ស្ទឹង​សៀមរាប​ ​ឡើងវិញ​នេះ​ ​គឺ​ដោយសារ​ដងស្ទឹង​សៀមរាប​ ​បាន​កំពុង​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ការ​បំពុលបរិស្ថាន​ ​ការ​បាក់​ច្រាំង​ ​គោក​រាក់​ ​ការ​ហូរ​ទឹក​កខ្វក់​ចូល​ស្ទឹង​ ​និង​បាត់បង់​នូវ​សោភ័ណភាព​ជា​តំបន់ទ្រនាប់​ ​នៃ​រមណីយដ្ឋាន​អង្គរ​ ​។​

​លោក​ ​បាន​អះអាង​ទៀត​ថា​ ​ដងស្ទឹង​សៀមរាប​ ​ពិតជា​មាន​សារៈសំខាន់​ណាស់​ ​ដែល​ត្រូវតែ​កែ​លម្អ​ ​និង​អភិវឌ្ឍន៍​ជាចាំបាច់​ ​ដើម្បី​សោភ័ណ​ក្រុង​សៀមរាប​ ​ក៏ដូចជា​បម្រើ​ដល់​វិស័យ​ទេសចរណ៍​ផង​ដែរ​។​

​ជាមួយគ្នា​នោះ​ ​លោក​ ​ក៏បាន​សង្កត់ធ្ងន់​ផង​ដែរ​ថា​៖​«​ដងស្ទឹង​សៀមរាប​ ​ចាំបាច់​ត្រូវ​មានការ​កែ​លម្អ​ឱ្យ​ស្របតាម​ស្តង់ដារ​ ​និង​បទដ្ឋាន​បច្ចេកទេស​ ​ដើម្បី​បង្ហាញ​អំពី​តម្លៃ​វប្បធម៌​ ​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​ ​អន្តរជាតិ​ ​និង​បម្រើ​ប្រយោជន៍​សាធារណៈ​ ​ព្រមទាំង​អភិរក្ស​ ​និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​»​។​

​សូម​បញ្ជាក់​ថា​ ​ស្ទឹង​សៀមរាប​ ​គឺជា​ស្ទឹង​ដែល​ហូរកាត់​កណ្តាល​ក្រុង​សៀមរាប​ ​ហើយ​ជា​កន្លែង​ដែល​ល្អ​បំផុត​ ​ក្នុង​ការបង្កើត​អេកូ​ទេសចរណ៍​ ​បម្រើ​ដល់​ភ្ញៀវ​ជាតិ​ ​និង​អន្តរជាតិ​ ​។​ ​ស្ទឹង​នេះ​ ​មាន​ទីតាំង​ជាប់នឹង​ផ្សារចាស់​ ​ព្រម​ទាំង​ផាប់​ស្ទ្រី​ត​ ​(​Pub​ ​Street​)​។​ ​លើស​ពីនេះ​ ​ស្ទឹង​នេះ​ ​នឹង​ផ្តល់​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​យ៉ាងច្រើន​ ​នៅពេល​ភ្ញៀវ​ទេសចរ​ ​មក​ទស្សនា​នៅ​ក្រុង​សៀមរាប​ ​៕​

អត្ថបទ៖ ហៀង រ័ត្ន

You can share this !

Loading...
អត្ថបទទាក់ទង