អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ ​សម្រេច​ផ្អាក​ការសាងសង់​អគារ​ចំនួន២​ ​បន្ទាប់​ពិនិត្យ​ឃើញ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​

​ព្រះសីហនុ​៖​ ​អភិបាលខេត្ត​ព្រះសីហនុ​ ​បាន​ផ្អាក​សំណង់​អាគារ​របស់​លោក​ ​ZHU​ ​FUBING​ ​ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ភូមិ៤​ ​សង្កាត់៤​ ​ក្រុង​ព្រះសីហនុ​ ​និង​សំណង់​របស់​លោក​ ​MA​ ​SHUNDI​ ​ស្ថិតនៅ​ភូមិ៣​ ​សង្កាត់​លេខ២​ ​ក្រុង​ព្រះសីហនុ​ ​បន្ទាប់​ពិនិត្យ​ឃើញ​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​។​

​ក្នុង​កិច្ចប្រជុំ​ ​ស្តី​ពី​សំណង់​អគារ​ស្រុត​ ​និង​ប្រេះស្រាំ​ ​ទ្រេត​ ​ក្នុង​ក្រុង​ព្រះសីហនុ​ ​កាលពី​ម្សិលមិញ​ ​លោក​ ​គួច​ ​ចំរើន​ ​បានឱ្យ​ដឹង​ថា​ ​តាម​ការសិក្សា​វាយតម្លៃ​របស់​មន្ត្រី​បច្ចេកទេស​ ​នៃ​ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​ ​សំណង់​ទាំងពីរ​នេះ​ ​មិន​អាច​ឱ្យ​ដំណើរការ​សាងសង់​ ​និង​ដាក់​ឱ្យ​ប្រើប្រាស់​ ​ជា​ផ្លូវការ​បានទេ​ ​ព្រោះ​ស្ថានភាព​សំណង់​ ​មានការ​ទ្រេត​ ​ស្រុត​ ​និង​ប្រេះស្រាំ​។​ ​លោក​បាន​សំណូមពរ​ ​ឱ្យ​ម្ចាស់​អគារ​ទាំងពីរ​ខាងលើ​អនុវត្ត​ ​តាម​ការ​ជូនដំណឹង​របស់​មន្ត្រី​ជំនាញ​ ​ដែល​អគារ​ទាំងពីរ​នេះ​ ​អាច​បង្ក​ហានិភ័យ​ដល់​ប្រជាពលរដ្ឋ​ ​ក៏ដូចជា​បុគ្គលិក​បម្រើការ​ងារ​ ​នៅក្នុង​អគារ​ផង​ដែរ​។​

​ចំពោះ​សំណង់​អគារ​ ​មាន​ទីតាំង​ ​ស្ថិត​ក្នុង​ភូមិ៤​ ​សង្កាត់៤​ ​ក្រុង​ព្រះសីហនុ​ ​ផ្នែក​អគារ​ ​ខាងឆ្វេង​អគារ​ស្រុត​ប្រវែង​ ​១១៧ម.ម​ ​និង​ផ្នែក​ខាងស្តាំ​ស្រុត​ប្រវែង​ ​៩០ម.ម​ ​និង​ប្រេះស្រាំ​។​ ​ថ្មី​ៗ​នេះ​ ​រដ្ឋបាល​ខេត្ត​ ​បាន​ចេញ​រុះរើ​សំណង់​ជាបន្ទាន់​។​ ​លោក​ ​ZHU​ ​FUBING​ ​ម្ចាស់​សំណង់​ ​យល់ព្រម​រុះរើ​ ​តាម​ការណែនាំ​របស់​រដ្ឋបាល​ខេត្ត​ ​ក៏ប៉ុន្តែ​ស្នើសុំ​រដ្ឋបាល​ខេត្ត​ ​ជួយ​សិក្សា​បច្ចេកទេស​ ​និង​លិខិតអនុញ្ញាត​សាងសង់​វិញ​ ​និង​សុំ​ពន្យារ​ ​ពេល​កិច្ចសន្យា​ ​តម្លៃ​នៃ​ការជួល​ដី​។​

​ដោយឡែក​សំណង់​របស់​លោក​ ​MA​ ​SHUNDI​ ​ស្ថិតនៅ​ភូមិ៣​ ​សង្កាត់​លេខ២​ ​ក្រុង​ព្រះសីហនុ​ ​សំណង់​ ​មានការ​ទ្រេត​អគារ​។​ ​រដ្ឋបាល​ខេត្ត​បាន​ ​ចេញ​លិខិត​ ​ជម្លៀស​មនុស្ស​ចេញ​ ​និង​រុះរើ​សំណង់​ជាបន្ទាន់​។​ ​មន្ត្រី​បច្ចេកទេស​ ​នៃ​ក្រសួង​រៀបចំ​ដែនដី​ ​ពិនិត្យ​ឃើញថា​ ​សំណង់​ ​មាន​ហានិភ័យ​ទ្រេត​ជា​ខ្លាំង​ ​ដែល​ត្រូវ​រុះ​ចេញ​បន្ទាន់​។​

​សូម​បញ្ជាក់​ថា​ ​ម្ចាស់​សំណង់​អគារ​ទាំងពីរ​ខាងលើ​ ​បាន​ឯកភាព​តាម​ការ​ស្នើសុំ​រុះរើ​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ ​ហើយ​ម្ចាស់ដី​ទាំងពីរ​ ​ក៏បាន​ឯកភាព​បន្ថែម​កិច្ចសន្យា​ ​មិន​គិតថ្លៃ​ឈ្នួល​រយៈពេល​រុះរើ​សាងសង់​ឡើងវិញ​ ​តាម​ការ​ស្នើសុំ​របស់​ម្ចាស់​សំណង់​៕​

ដោយ៖ គង់ ប៊ុនណា

You can share this !

Loading...
អត្ថបទទាក់ទង