សម្តេច​ ​ស​ ​ខេង​ ​ព្រមាន​ចាត់វិធានការ​តាម​វិន័យ​កង​នគរបាល​ជាតិ​ ​លើ​ស្នងការ​ខេត្ត​កណ្ដាល​ ​លោក​ ​អ៊ា​វ​ ​ចំរើន​ ​បើ​ធ្វើការ​ខ្ជីខ្ជា​ការងារ​គ្រប់គ្រង​ ​និង​ដឹកនាំ​ម្តង​ទៀត​

​កណ្តាល​៖​ ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ​ចេញ​លិខិត​ព្រមាន​ស្នងការ​ខេត្ត​កណ្ដាល​លើក​ទី១​ ​ដោយ​មូលហេតុ​ខ្ជីខ្ជា​ការងារ​គ្រប់គ្រង​ ​និង​ដឹកនាំ​។​ ​សម្តេច​ ​ស​ ​ខេង​ ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ​ព្រមាន​ចាត់វិធានការ​តាម​វិន័យ​កង​នគរបាល​ជាតិ​ ​ប្រសិន​ស្នងការ​ខេត្ត​កណ្ដាល​ ​លោក​ ​អ៊ា​វ​ ​ចំរើន​ ​មិន​កែប្រែ​កំហុស​ ​និង​ឥរិយាបថ​ ​ដឹកនាំ​ ​តាម​ការណែនាំ​របស់​លោក​។

​ក្នុង​លិខិត​ចុះ​ថ្ងៃទី២៥​ ​ខែកក្កដា​ ​តែ​ទើបបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ ​សម្តេច​ ​ស​ ​ខេង​ ​ស្ដីបន្ទោស​ស្នងការ​ខេត្ត​កណ្ដាល​ថា​ ​ខ្វះ​ការ​យកចិត្ត​ទុកដាក់​លើ​ការងារ​គ្រប់គ្រង​ ​និង​ដឹកនាំ​។​ នៅមុន​ការ​ចេញ​លិខិត​នេះ​ ​ក្រសួងមហាផ្ទៃ​ ​ធ្លាប់​ចាត់​ក្រុម​អធិការកិច្ច​ ​ចុះទៅ​ស៊ើបអង្កេត​ ​ករណី​ប៉ូលិស១២នាក់​ ​លាក់​អត្តសញ្ញាណ​ ​បាន​សរសេរ​លិខិត​ ​ប្ដឹង​ថា​ ​ស្នងការ​ខេត្ត​កណ្ដាល​ ​លោក​ ​អ៊ា​វ​ ​ចំរើន​ ​ដឹកនាំ​របៀប​ប្រើអំណាច​ផ្ដាច់ការ​ ​ធ្វើបាប​កូនចៅ​ ​និង​ប្រព្រឹត្ត​អំពើពុករលួយ​។​ លិខិត​អនាមិក​នោះ​ ​ចុះ​ថ្ងៃទី១៩​ ​ខែមេសា​ ​មាន​ផ្ដិត​ស្នាមមេដៃ​ ​ចំនួន​ ​១២មេដៃ​ ​តែ​មិន​បង្ហាញ​ឈ្មោះ​ឡើយ​។​

​ក្រោយ​មាន​លិខិត​អនាមិក​ប្ដឹង​លោក​ ​អ៊ា​វ​ ​ចំរើន​ ​ក្រុម​ប៉ូលិស​ចំនួន​ ​១០៤នាក់​ ​ផ្សេងទៀត​ ​នៃ​ស្នងការ​នគរបាល​ខេត្ត​កណ្ដាល​ ​ក៏បាន​ផ្ដិតមេដៃ​ធានាអះអាង​ថា​ ​លោក​ ​អ៊ា​វ​ ​ចំរើន​ ​មិនបាន​ដឹកនាំ​របៀប​ផ្ដាច់ការ​ ​ពុករលួយ​ ​ឬ​ធ្វើបាប​កូនចៅ​ទេ​។​ ​ស្នាមមេដៃ​របស់​ក្រុម​ប៉ូលិស​ទាំង​ ​១០៤នាក់​ ​បាន​បង្ហាញ​ឈ្មោះ​ ​និង​តួនាទី​ច្បាស់លាស់​ ​ដែល​មាន​ចាប់ពី​ស្នងការ​រង​ខេត្ត​កណ្ដាល​ ​ដល់​មន្ត្រី​ប៉ូលិស​មូលដ្ឋាន​។​ ​ក្រុម​ប៉ូលិស​ទាំង​ ​១០៤នាក់​ ​ចោទ​ថា​ ​លិខិត​អនាមិក​ ​មាន​ចេតនា​បំបែកបំបាក់​សាមគ្គី​ផ្ទៃក្នុង​ដោយសារ​ ​ខឹង​លោក​ ​អ៊ា​វ​ ​ចំរើន​។​

​ជុំវិញ​បញ្ហា​ខាងលើ​ ​លោក​ ​អ៊ា​វ​ ​ចំរើន​ ​ស្នងការ​ខេត្ត​កណ្ដាល​ ​បញ្ជាក់​ប្រាប់​ ​Click​ ​Newsតាម​ទូរសព្ទ​ថា​ ​សុំ​មិន​មាន​អធិប្បាយ​អ្វី​ទាំងអស់​៕​

អត្ថបទ៖ គន្ធ តារាវិឆ័យ

You can share this !

Loading...
អត្ថបទទាក់ទង