ឯកអគ្គ​រាជទូត​ជប៉ុន​ ​ដែល​ត្រូវ​ចប់​បេសកកម្ម​ការទូត​នៅ​កម្ពុជា​ ​វាយតម្លៃ​ខ្ពស់​ ​ចំពោះ​សេដ្ឋកិច្ច​ ​និង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​

​ភ្នំពេញ​៖​ ​នៅ​ព្រឹក​ថ្ងៃអង្គារ​ ​ទី១៣​ ​ខែសីហា​ ​ឆ្នាំ២០១៩នេះ​ ​សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​បាន​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ ​លោក​ ​ហ៊ី​ដេ​ហ៊ី​សា​ ​អូ​រី​ណូ​អ៊ូ​ជី​ ​(​Hidehisa​ ​Hironouchi​)​ ​ឯកអគ្គ​រាជទូត​ជប៉ុន​ ​ដែល​ត្រូវ​ចប់​បេសកកម្ម​ការទូត​ ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ដែល​ជំនួប​នេះ​ ​ត្រូវ​បាន​ធ្វើឡើង​នៅ​វិមាន​សន្តិភាព​ ​រាជធានី​ភ្នំពេញ​។​

​លោក​ ​ហ៊ី​ដេ​ហ៊ី​ហ្សា​ ​បាន​គោរព​ជម្រាប​ជូន​សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ​ថា​ ​លោក​ ​នឹង​ចាកចេញ​ពី​រាជធានី​ភ្នំពេញ​នៅ​ពីរ​សប្តាហ៍​ទៀត​ ​ហើយ​ឆ្ពោះទៅ​កាន់​ប្រទេស​ហូ​ឡង់​ ​ដើម្បី​ទទួល​តួនាទី​ថ្មី​ជា​ ​ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​ប្រទេស​ហូ​ឡង់​។​

​លោក​បាន​សម្តែង​នូវ​សេចក្ដីសោមនស្ស​រីករាយ​យ៉ាង​ខ្លាំង​ ​ដែល​លោក​បាន​សង្កេតឃើញ​ថា​ ​ក្នុងរយៈពេល៣ឆ្នាំ​ ​ក្នុង​ការ​បំពេញបេសកកម្ម​ការទូត​ ​នៅ​រាជាណាចក្រ​កម្ពុជា​ ​សេដ្ឋកិច្ច​កម្ពុជា​ ​បាន​រីកចម្រើន​ ​និង​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ជាទីបំផុត​ ​ក្នុង​នោះ​មាន​កំណើន​យ៉ាង​ខ្លាំង​លើ​វិស័យ​វិនិយោគ​ ​ពាណិជ្ជកម្ម​ ​និង​ទេសចរណ៍​។​ ​ក្នុង​ន័យ​នេះ​ ​លោក​បាន​សូម​គោរព​សម្ដែង​នូវ​ការគោរព​ ​និង​កោតសរសើរ​ដល់​វីរភាព​នៃ​ការដឹកនាំ​របស់​សម្ដេច​តេជោ​។​

​ជា​ការ​ឆ្លើយតប​ ​សម្ដេច​តេជោ​បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​ ​ហ៊ី​ដេ​ហ៊ី​ហ្សា​ ​ចំពោះ​កិច្ចប្រឹងប្រែង​របស់​លោក​ ​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​នា​រយៈពេល​កន្លងមក​នេះ​។​ ​សម្ដេច​ ​បាន​មានប្រសាសន៍​ថា​ ​ជា​ការពិត​ការ​វិនិយោគ​ ​ពាណិជ្ជកម្ម​ ​ក៏ដូចជា​ទេសចរណ៍​ដែរ​ ​បាន​កើនឡើង​យ៉ាង​ខ្លាំង​នោះ​សោត​ ​គឺ​ទទួល​បាន​អំពី​ការ​ប្រឹងប្រែង​របស់​ ​លោក​អគ្គរាជទូត​ជប៉ុន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ចូលរួម​ចំណែក​យ៉ាង​ធំ​ ​នៅក្នុង​បញ្ហា​នេះ​។​ ​ជាក់ស្ដែង​ជា​លទ្ធផល​ ​នៃ​ការ​វិនិយោគ​ ​និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ ​កាលពី​ឆ្នាំ២០១៨​ ​ជប៉ុន​នាំចូល​មក​កម្ពុជា​ ​មាន​ទំហំ​ទឹកប្រាក់​ប៉ុន្មាន​ ​៤៤០លាន​ដុល្លារ​តែប៉ុណ្ណោះ​ ​ប៉ុន្តែ​នៅ​ឆ្នាំ២០១៩នេះ​ ​ក្នុងរយៈពេល​ត្រឹមតែ​ ​៥ខែ​ប៉ុណ្ណោះ​ ​ជប៉ុន​បាន​នាំចូល​មក​កម្ពុជា​ ​ចំនួន​ ​៤៤០លាន​ដុល្លារ​ស្រេច​ទៅ​ហើយ​។​

​ដោយឡែក​នៅ​ឆ្នាំ២០១៨​ ​កម្ពុជា​បាន​នាំចេញ​ទៅ​ប្រទេស​ជប៉ុន​ ​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ ​១៦០០លាន​ដុល្លា​អាមេរិក​។​ ​នៅក្នុង​ឆ្នាំ២០១៩នេះ​វិញ​ ​រយៈពេល​ត្រឹមតែ​ ​៥ខែ​ប៉ុណ្ណោះ​ ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​នាំចេញ​ទៅ​ជប៉ុន​បាន​កើនឡើង​ដល់​ ​១៧០០លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​ ​នេះ​គឺជា​ជោគជ័យ​ដ៏​ធំ​នៅក្នុង​បេសកកម្ម​ការទូត​របស់​លោក​ឯកអគ្គ​រាជទូត​ ​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​ ​ហើយ​ជំរុញ​ពាណិជ្ជកម្ម​ ​វិនិយោគ​ ​និង​ទេសចរណ៍​ ​ដែល​ជា​មូលដ្ឋាន​គ្រឹះ​ ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​។​

​ក្នុង​ន័យ​នេះ​សម្ដេច​តេជោ​បាន​ថ្លែងអំណរគុណ​សារ​ជាថ្មី​ជូនចំពោះ​ ​ឯកអគ្គ​រាជទូត​ ​ហើយក៏​បាន​ជូនពរ​ ​ឯកអគ្គ​រាជទូត​ ​ក្នុង​បេសកកម្ម​ថ្មី​ ​របស់​លោក​ទៅ​កាន់​ប្រទេស​ហូ​ឡង់​ ​បាន​ទទួលជោគជ័យ​បន្ត​ទៀត​៕​

អត្ថបទ៖ គន្ធ តារាវិឆ័យ

You can share this !

Loading...
អត្ថបទទាក់ទង