GMAC​ ​រំលឹក​ដល់​សហភាព​អឺរ៉ុប​ ​ពី​ផលវិបាក​សម្រាប់​កម្មករ​ខ្មែរ​ប្រមាណ​ ​៧៥ម៉ឺន​នាក់​ ​ប្រសិនបើ​ផ្អាក​ ​EBA​

ភ្នំពេញ​៖​ ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ ​ហៅ​កាត់​ថា​ ​GMAC​ ​បាន​ក្រើនរំលឹក​ថា​ ​លទ្ធភាព​នៃ​ការ​ផ្អាក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​EBA​ ​នឹង​ធ្វើ​ឱ្យ​រងគ្រោះ​ដល់​កម្មករ​កម្មការិនី​ ​៧៥​ ​ម៉ឺន​នាក់​ ​និង​គ្រួសារ​របស់​ពួកគេ​ប្រមាណ​ ​៣​ ​លាន​នាក់​ទៀត​ ​ហើយក៏​មិន​បម្រើ​ឱ្យ​គោលបំណង​ដើម​នៃ​កម្មវិធី​អនុគ្រោះ​ពន្ធ​ក្នុង​ការកាត់បន្ថយ​ភាព​ក្រីក្រ​នោះ​ទេ​ ​។​

​តាមរយៈ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃនេះ​ ​GMAC​ ​ក៏បាន​រំលឹក​ដល់​អ្នកច្បាប់​របស់​សហភាព​អឺរ៉ុប​ ​និង​មន្ត្រី​ ​ឱ្យ​ពិចារណា​ឱ្យ​បាន​ល្អិតល្អន់​ ​ខណៈ​ដែល​គណៈកម្មការ​អឺរ៉ុប​នៅ​ថ្ងៃទី​ ​១២​ ​ខែសីហា​នេះ​ ​នឹង​បញ្ចប់​នីតិវិធី​រយៈពេល​ ​៦ខែ​ ​ក្នុង​ការ​ឃ្លាំមើល​ ​និង​ការ​ពិ​គ្រោះ​ផ្សេង​ៗ​ក្នុង​នីតិវិធី​ផ្អាក​ប្រព័ន្ធ​ ​EBA​ ​សម្រាប់​កម្ពុជា​ ​។​

​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ ​បាន​លើកឡើង​ថា​ ​ការ​ផ្អាក​ផលប្រយោជន៍​នៃ​ ​EBA​ ​នឹង​ផ្តល់​លទ្ធផល​ធំធេង​ ​នោះ​គឺ​ការបាត់បង់​ការងារ​នៅក្នុង​កម្លាំង​ការងារ​ផ្នែក​វាយនភណ្ឌ​ ​ស្បែកជើង​ ​និង​សម្ភារ​សម្រាប់​ធ្វើដំណើរ​ ​ហើយ​មិន​បម្រើ​ឱ្យ​គោលបំណង​ដើម​របស់​កម្មវិធី​ ​EBA​ ​ក្នុង​ការកាត់បន្ថយ​ភាព​ក្រីក្រ​ ​និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នោះ​ទេ​ ​។​

​សមាគម​ដដែល​ ​បាន​ចាត់ទុកថា​ ​ជា​រឿង​គួរ​ឱ្យ​សោកសៅ​ ​និង​ជា​លទ្ធផល​គួរ​ឱ្យ​សោកស្ដាយ​សម្រាប់​ ​GMAC​ ​និង​កម្លាំង​ការងារ​របស់​ខ្លួន​ ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងច្រើន​ ​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​តួនាទី​របស់​អង្គការ​ ​ILO​ ​ក្នុង​ការ​ឃ្លាំមើល​ការគោរព​តាម​បទដ្ឋាន​ការងារ​ ​មិន​នៅតែ​កម្ពុជា​ទេ​ ​ថែមទាំង​នៅក្នុង​ប្រទេស​ផ្សេងទៀត​នៅ​លើ​ពិភពលោក​ ​។​

​សូម​បញ្ជាក់​ថា​ ​GMAC​ ​គឺជា​សមាគម​តំណាង​ឱ្យ​រោងចក្រ​កាត់ដេរ​ស្បែកជើង​ ​និង​ផលិតផល​សម្រាប់​ធ្វើដំណើរ​ចំនួន​ ​៥៨០​ ​រោងចក្រ​នៅ​កម្ពុជា​។​ ​បើ​តាម​សមាគម​នេះ​ ​កម្ពុជា​បាន​ទទួល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឹ​រ៉ុប​ ​តាំងពី​ឆ្នាំ​ ​២០០១​ ​មក​ម្ល៉េះ​។​

​កាលពី​ឆ្នាំ​ ​២០១៨​ ​ការនាំចេញ​ពី​កម្ពុជា​ក្នុង​វិស័យ​កាត់ដេរ​ស្បែកជើង​ ​និង​សម្ភារ​ធ្វើដំណើរ​ ​មាន​ទំហំ​ទឹកប្រាក់​ ​៥,៤​ ​ពាន់​លាន​ដុល្លារ​ ​ដោយ​បាន​កើន​ទំហំ​ ​១០​ ​ដង​ ​បើ​ប្រៀបធៀប​ទៅ​នឹង​ទំហំ​ទឹកប្រាក់​ដែល​មានកាល​ពីឆ្នាំ​ដំបូង​ ​។​

​ជាង​នេះ​ទៅទៀត​ ​កិច្ច​គាំទ្រ​ស្ថិតនៅ​ក្រោម​ ​EBA​ ​បាន​ជួយ​ឱ្យ​ពលរដ្ឋ​កម្ពុជា​រាប់​លាន​នាក់​ ​ចាកចេញ​ពី​ភាព​ក្រីក្រ​ ​និង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​និង​សង្គម​របស់​កម្ពុជា​ ​៕​

អត្ថបទ៖ សិរី វឌ្ឍ

You can share this !

Loading...
អត្ថបទទាក់ទង