មន្ទីរពេទ្យ​សុរិន្ទ​ ​ដែល​ព្យាបាល​អ្នកជំងឺ​ ​ជិត​ ​២ពាន់​នាក់​/​ថ្ងៃ​ ​កំពុង​ដាច់​ទឹក​

​ថៃ​៖​ ​ទោះ​ចូល​ដល់​រដូវវស្សា​ហើយ​ ​ប៉ុន្ដែ​តំបន់​ខ្លះ​នៅ​ប្រទេស​ថៃ​ ​ពុំ​ទាន់​មាន​ភ្លៀង​ធ្លាក់​ ​ហើយ​កំពុង​ប្រឈម​នឹង​គ្រោះ​រាំងស្ងួត​ ​ឬ​ឈាន​ដល់​ដាច់​ទឹក​ប្រើ​ក៏​មាន​ ​។​ ​ជាក់ស្ដែង​ ​មន្ទីរពេទ្យ​សុរិន្ទ​ ​(​Surin​ ​Hospital​)​ ​ដែល​ពលរដ្ឋខ្មែរ​យើង​មួយចំនួន​ ​ជា​ញឹកញាប់​ទៅ​ពិនិត្យ​ ​និង​ព្យាបាល​សុខភាព​ ​កំពុង​ប្រឈម​នឹង​ការ​ខ្វះ​ទឹក​យ៉ាង​ខ្លាំង​ ​សឹងតែ​លែង​មាន​ទឹក​ប្រើ​តែម្តង​ ​។​ ​នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​ ​www.hellokrupet.com​ ​។​

​មន្ទីរពេទ្យ​សុរិន្ទ​ ​បាន​ប្រកាស​អាសន្ន​ ​ចាប់តាំងពី​សប្ដាហ៍​មុន​ ​ក្រោយ​មន្ទីរពេទ្យ​ខ្វះខាត​ទឹក​យ៉ាង​ខ្លាំង​ ​ដើម្បី​ប្រើប្រាស់​ ​។​ ​ជា​បន្ដ​បន្ទាប់​ ​មន្ទីរពេទ្យ​ក៏បាន​ស្នើសុំ​ការ​ផ្គត់ផ្គង់​ទឹក​ពីទី​ភ្នាក់​ងារ​ផ្សេង​ៗ​ផង​ដែរ​។​

​ក្រោយ​លោក​ ​Anutin​ ​Charnvirakul​ ​រដ្ឋមន្រ្តី​សុខាភិបាល​ថៃ​ ​បាន​ទៅ​ពិនិត្យ​មន្ទីរពេទ្យ​ជាបន្ទាន់​ ​កាលពី​ថ្ងៃទី១១​ ​ខែសីហា​ ​ឆ្នាំ២០១៩​ ​ក្រសួងសុខាភិបាល​ ​និង​អង្គភាព​ផ្សេងទៀត​ ​បានសម្រេច​ជីកអណ្ដូង​ ​ចំនួន​ ​៨ទីតាំង​ ​នៅ​ជុំវិញ​មន្ទីរពេទ្យ​។​

​តម្រូវការ​ជាក់ស្ដែង​ជាប្រចាំ​ ​មន្ទីរពេទ្យ​សុរិន្ទ​ ​ត្រូវការ​ទឹក​ប្រើប្រាស់​ ​រហូតដល់​ ​១លាន​លីត្រ​/​ថ្ងៃ​ ​ប៉ុន្ដែ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​ ​មន្ទីរពេទ្យ​ទទួល​បានការ​ផ្គត់ផ្គង់​ទឹក​ ​៨ម៉ឺន​លីត្រ​ ​ស្មើ​ត្រឹម​ប្រមាណ​ ​ជិត​ ​១០​%​ ​ប៉ុណ្ណោះ​។​ ​ក្នុង​ ​១ថ្ងៃ​ ​មន្ទីរពេទ្យ​ ​ព្យាបាល​អ្នកជំងឺ​ប្រមាណ​ ​១.៧០០នាក់​ ​ដោយ​ប្រមាណ​ ​៨០០នាក់​ ​ជា​អ្នកជំងឺ​ត្រូវ​វះកាត់​ ​និង​សម្រាក​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​។​

​ក្រៅពី​អន្តរាគមន៍​ដោយ​ជីកអណ្ដូង​ ​លោក​ ​Thamanat​ ​Prompow​ ​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​ថៃ​ ​ក៏​គ្រោង​ពិនិត្យ​លើ​ការបង្កើត​ភ្លៀង​សិប្ប​និមិត្ត​ ​ដើម្បី​ដោះស្រាយ​បញ្ហា​គ្រោះ​រាំងស្ងួត​នៅ​តំបន់​ភាគ​ឦសាន​ជា​បណ្ដោះអាសន្ន​ផង​ដែរ​ ​៕​

You can share this !

Loading...
អត្ថបទទាក់ទង