បទវិភាគ៖ វិបត្តិនៅកាស្មៀរ និងជំហររបស់ឥណ្ឌា-ប៉ាគីស្ថាន

ប្រទេស​ប៉ាគីស្ថាន​ ​បាន​ចេញ​វិធានការ​ប្រឆាំង​នឹង​សេចក្ដីសម្រេច​របស់​ឥណ្ឌា​ ​ដោយ​ផ្អាក​ការ​ធ្វើ​ពាណិជ្ជកម្ម​ ​និង​ទម្លាក់​ចុះ​មួយ​កម្រិត​នូវ​ចំណង​ការទូត​រវាង​ប្រទេស​ទាំងពីរ​ ​បន្ទាប់ពី​រដ្ឋាភិបាល​ឥណ្ឌា​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​បាន​ដក​ស្វ័យភាព​ពិសេស​របស់​តំបន់​កា​ស្មៀ​រ​ ​ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ទី​ក្រុង​ញូ​វ​ដា​លី​។​ ​ប៉ាគីស្ថាន​ ​ក៏បាន​បញ្ជាក់​ពី​ជំហរ​របស់​ខ្លួន​ ​ក្នុង​ការ​ពាំនាំ​បញ្ហា​កា​ស្មៀ​រ​ ​ទៅកាន់​អង្គការសហប្រជាជាតិ​ផង​ដែរ​។​

​កាលពី​ថ្ងៃ​ចន្ទ​ ​ទី៥​ ​ខែសីហា​ ​ឆ្នាំ២០១៩​ ​ក្រសួងមហាផ្ទៃ​ឥណ្ឌា​ ​បាន​ប្រកាស​ដក​ស្វ័យភាព​ពិសេស​របស់​តំបន់​កា​ស្មៀ​រ​ ​ដែល​ទទួល​បាន​ជាច្រើន​ទសវត្សរ៍​មក​ហើយ​។​ ​នៅ​ថ្ងៃ​ដដែល​នេះ​ ​សភា​ជាន់ខ្ពស់​ឥណ្ឌា​ ​បាន​ឯកភាព​លើ​សេចក្ដីព្រាង​ច្បាប់​មួយ​ ​ដើម្បី​រៀបចំឡើង​វិញ​នូវ​រចនាសម្ព័ន្ធ​តំបន់​កា​ស្មៀ​រ​។​

​មាត្រា​ពីរ​ ​ដែល​ទាក់ទង​នឹង​កា​ស្មៀ​រ​៖​

​នៅ​ខែតុលា​ ​ឆ្នាំ១៩៤៧​ ​មេដឹកនាំ​នៅ​កា​ស្មៀ​រ​ ​Maharaja​ ​Hari​ ​Singh​ ​បាន​យល់ស្រប​ក្នុង​ការ​ចុះចូល​ជាមួយ​ឥណ្ឌា​ ​បន្ទាប់ពី​ប្រទេស​នេះ​ ​ទទួល​បាន​ឯករាជ្យ​ពី​អង់គ្លេស​។​ ​រដ្ឋធម្មនុញ្ញ​ឥណ្ឌា​ ​មាត្រា​ ​៣៧០​ ​បាន​ផ្ដល់​ស្វ័យភាព​ពិសេស​សម្រាប់​តំបន់​កា​ស្មៀ​រ​។​ ​ត្រង់​មាត្រា​នេះ​ ​ចែក​ថា​ ​កា​ស្មៀ​រ​ ​អាច​តាក់តែង​រដ្ឋធម្មនុញ្ញ​ ​បង្កើត​ទង់ជាតិ​ ​និង​ ​មានច្បាប់​ដោយខ្លួនឯង​។​ ​ក៏ប៉ុន្តែ​ ​រដ្ឋាភិបាល​ឥណ្ឌា​ ​បាន​ដាក់កំហិត​លើ​ ​៣ចំណុច​ ​គឺ​ ​កា​ស្មៀ​រមិន​ត្រូវ​មាន​ ​ទ័ព​ ​ការទូត​ ​និង​ ​ទំនាក់ទំនង​ ​ឡើយ​។​ ​មាត្រា​ ​៣៥​ ​(​អា​)​ ​បាន​កំណត់​ថា​ ​នរណា​ជា​ម្ចាស់​ស្រុក​អ​ចិន្ត្​រៃ​ន៍​ ​និង​សិទ្ធិ​របស់​ពួកគេ​។​

​ការ​ព្យាយាម​ដក​ស្វ័យភាព​ពិសេស​របស់​កា​ស្មៀ​រ​៖​

​គណបក្ស​កាន់អំណាច​របស់​លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ ​ណា​រិ​នដ្រា​ ​ម៉ូ​ឌី​ ​ហៅ​កាត់​ ​BJP​ ​តែងតែ​ចង់​រំលាយ​ចោល​នូវ​ស្វ័យភាព​ពិសេស​របស់​កា​ស្មៀ​រ​ ​ហើយ​លោក​ ​ម៉ូ​ឌី​ ​បាន​ប្រើប្រាស់​ជា​ការឃោសនា​ ​មុន​ការបោះឆ្នោត​ឆ្នាំ២០១៩​ ​ដែល​ទើបតែ​បញ្ចប់​ផង​ដែរ​។​ ​បក្ស​របស់​លោក​ ​ម៉ូ​ឌី​ ​បាន​អះអាង​ថា​ ​ការ​ដក​ស្វ័យភាព​ពិសេស​ពី​កា​ស្មៀ​រ​ ​នឹង​លើកកម្ពស់​សមាហរ័ណ​តំបន់​នេះ​ ​ទៅ​ក្នុង​ប្រទេស​ទាំងមូល​។​ ​ជាង​នេះ​ទៅទៀត​ ​វា​អាច​ទាក់ទាញ​អ្នក​វិនិយោគ​កាន់តែ​ច្រើន​ ​ទៅ​បោះទុន​រកស៊ី​នៅ​កា​ស្មៀ​រ​។​ ​គេ​មិន​អាច​ភ្លេច​បានទេ​ ​នូវ​ទំនាក់ទំនង​រវាង​បក្ស​ ​BJP​ ​និង​កា​ស្មៀ​រ​ ​ក្រោយពី​ស្ថាបនិក​ម្នាក់​របស់​បក្ស​ ​BJP​ ​គឺ​លោក​ ​Syama​ ​Prasad​ ​Mookerjee​ ​បាន​ស្លាប់​នៅ​ពន្ធនាគារ​ក្នុង​កា​ស្មៀ​រ​ ​កាលពី​ឆ្នាំ១៩៥៣​ ​ក្នុងស្មារតី​ប្រឆាំង​នឹង​គោលនយោបាយ​រដ្ឋាភិបាល​របស់​អតីត​នាយក​រដ្ឋមន្ត្រី​ ​Nehru​ ​ដែល​ផ្ដល់​ស្វ័យភាព​ពិសេស​ឱ្យ​តំបន់​នេះ​។​ ​ដូច្នេះ​ ​ការ​ដក​ស្វ័យភាព​ពិសេស​ជា​បេសក​កម្ម​ដ៏​ប្រ​វិ​ត្តិ​សាស្ត្រ​មួយ​របស់​បក្ស​ ​BJP​ ​។​

​ស្ថានការណ៍​ចុងក្រោយ​នេះ​ ​រដ្ឋាភិបាល​ឥណ្ឌា​ ​បាន​ប្រកាស​ឱ្យ​ភ្ញៀវ​ទេសចរ​ ​ចាកចេញ​ពី​តំបន់​ខាងលើ​ជាបន្ទាន់​ ​ហើយ​បាន​បញ្ជូន​កងទ័ព​ ​៨០០០នាក់​ ​ទៅ​កា​ស្មៀ​រ​ ​បន្ថែម​លើ​ ​៣៥០០០នាក់​ ​ដែល​កំពុង​ឈរជើង​នៅ​ទីនោះ​ស្រាប់​។​ ​អ៊ីនធឺណិត​ ​និង​បណ្ដាញ​ទូរសព្ទ​នានា​ ​ត្រូវ​បាន​កាត់ផ្ដាច់​ ​គ្រឹះស្ថាន​អប់រំ​ ​និង​ការិយាល័យ​ការងារ​នានា​ ​បាន​បិទទ្វារ​ ​ខណៈ​ប្រជាជន​ ​ត្រូវ​បាន​ហាមឃាត់​ប្រមូលផ្ដុំ​គ្នា​។​ ​បន្ថែម​ពីនេះ​ ​មេដឹកនាំ​ជាន់ខ្ពស់​នៅ​កា​ស្មៀ​រ​ ​បាន​ស្ថិត​ក្រោម​ការ​ឃុំខ្លួន​ក្នុង​ផ្ទះ​។​

​អ្វី​អាច​កើតឡើង​បន្ត​ទៀត​?​

​បើ​សេចក្ដីព្រាង​ច្បាប់​កា​ស្មៀ​រ​ទៅរួច​ ​តំបន់​នេះ​ ​នឹង​ត្រូវ​ពុះ​ចែក​ជា​ផ្នែក​ៗ​។​ ​ខុសពី​រដ្ឋ​ដទៃ​ ​ដែល​រដ្ឋបាល​គ្រប់គ្រង​កើត​ចេញពី​សន្លឹកឆ្នោត​របស់​ប្រជាពលរដ្ឋ​ ​កា​ស្មៀ​រដែ​លត្រូវ​ពុះ​ចែក​ ​នឹង​ត្រូវ​ស្ថិត​ក្រោម​រដ្ឋបាល​ ​ដែល​ជ្រើសតាំង​ដោយ​រដ្ឋាភិបាល​ឥណ្ឌា​។​ ​កា​ស្មៀ​រ​ ​ជា​ការផ្សំ​នៃ​តំបន់​ ​៣​ ​គឺ​ ​Jammu​ ​ភាគច្រើន​មាន​ពលរដ្ឋ​ហិណ្ឌូ​,​ ​កា​ស្មៀ​រ​ ​សម្បូរ​អ្នក​កាន់សាសនា​ឥស្លាម​ ​និង​ ​Ladakh​ ​ជា​បណ្ដុំ​របស់​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​។​ ​Ladakh​ ​ដែល​ជា​តំបន់​ប៉ែក​ខាងកើត​ ​និង​មានផ្ទៃ​ដី​ធំជាង​គេ​ ​នឹង​ត្រូវ​បំបែកចេញ​ពី​តំបន់​កា​ស្មៀ​រ​។​

​បើ​មាត្រា​ ​៣៥​ ​(​អា​)​ ​នៃ​រដ្ឋធម្មនុញ្ញ​អស់​ប្រសិទ្ធភាព​ ​វា​មានន័យថា​ ​អ្នក​ខាងក្រៅ​ ​អាច​ទិញ​អចលនទ្រព្យ​ ​និង​អាច​ធ្វើជា​មន្ត្រី​ ​នៅ​កា​ស្មៀ​របា​ន​។​ ​មតិ​មួយចំនួន​ ​លើកឡើង​ថា​ ​គោលដៅ​វែងឆ្ងាយ​របស់​បក្ស​កាន់អំណាច​ឥណ្ឌា​របស់​លោក​ ​ម៉ូ​ឌី​ ​គឺ​ផ្លាស់ប្ដូរ​ប្រជាសាស្ត្រ​ ​នៅ​កា​ស្មៀ​រ​។​

​ជំហរ​នេះ​ ​បាន​បង្ក​ភាព​មិន​ច្បាស់លាស់​នៅក្នុង​ទំនាក់ទំនង​ឥណ្ឌា​ ​និង​ប៉ាគីស្ថាន​។​ ​លោកនាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន​ ​Imran​ ​Khan​ ​បាន​ចាត់ទុក​ចេតនា​របស់​រដ្ឋាភិបាល​ក្រុង​ញូ​វ​ដា​លី​ ​ជា​អំពើខុស​ច្បាប់​ ​និង​រំលោភបំពាន​លើ​សេចក្ដីសម្រេច​របស់​អង្គការសហប្រជាជាតិ​ ​ហើយ​ប៉ាគីស្ថាន​ ​នឹង​ធ្វើ​គ្រប់យ៉ាង​ ​ដើម្បី​ប្រឆាំង​នឹង​ជំហរ​នេះ​។​ ​ថ្មី​ៗ​នេះ​ ​លោកនាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន​ ​ទើបតែ​ធ្វើទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក​ ​ដោយ​លោក​ ​បាន​លើក​ពី​បញ្ហា​កា​ស្មៀ​រ​ ​មក​ពិភាក្សា​។​ ​លោក​ប្រធានាធិបតី​ ​ដូ​ណាល់​ ​ត្រាំ​ ​ក៏​បង្ហាញ​ពី​ចេតនា​ដើម្បី​លូកដៃ​ ​ក្នុង​បញ្ហា​កា​ស្មៀ​រ​ផង​ដែរ​៕​

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

You can share this !

Loading...
អត្ថបទទាក់ទង