សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​លើកឡើង​នូវ​សក្តា​នុ​ពល​ចំនួន​ ​៥​ ​ដែល​វិនិយោគិន​ស្រីលង្កា​ ​គួរ​ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា​

ភ្នំពេញ​៖​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​បាន​ថ្លែងប្រាប់​ធុរជន​ ​និង​អ្នក​វិនិយោគ​ស្រីលង្កា​ ​អំ​ពី​សក្តា​នុ​ពល​វិនិយោគ​ ​និង​ឧត្តមភាព​សំ​ខាន់​ៗ​របស់​កម្ពុជា​ ​ចំនួន​ ​៥ចំណុច​ ​ដែល​អំណោយផល​សម្រាប់​ការ​ដាក់​ទុន​វិនិយោគ​ ​។​

​ការ​ថ្លែង​បញ្ជាក់​នេះ​ ​បាន​ធ្វើឡើង​ខណៈ​ដែល​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​នៃ​កម្ពុជា​ ​និង​លោក​ ​ម៉ៃ​ទ្រី​ប៉ា​ឡា​ ​ស្រ៊ី​សេនា​ ​(​Maithripala​ ​Sirisena​)​ ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​សង្គមនិយម​ស្រីលង្កា​ ​បាន​អញ្ជើញ​ចូលរួម​វេទិកា​ធុរកិច្ច​កម្ពុជា​-​ស្រីលង្កា​ ​នា​រសៀល​ ​ថ្ងៃទី០៧​ ​ខែសីហា​ ​ឆ្នាំ២០១៩នេះ​ ​។​

​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​បាន​បញ្ជាក់​ថា​ ​ទី១​៖​ ​កម្ពុជា​ ​មាន​ភាព​អំណោយផល​នៃ​ស្ថិរភាព​នយោបាយ​ ​និង​ម៉ាក្រូ​សេដ្ឋកិច្ច​ ​។​ ​ក្នុង​នោះ​ ​ក្រោយពី​ឆ្នាំ១៩៧៩​ ​កម្ពុជា​បាន​ប្រឹងប្រែង​ដោយ​ប្រើប្រាស់​ដៃ​ម្ខាង​ទប់ស្កាត់​ ​ការ​វិល​ត្រលប់​មកវិញ​នៃ​របប​ប្រល័យ​ពូជសាសន៍​ ​និង​ដៃ​ម្ខាងទៀត​ ​កសាង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ពី​ចំណុចសូន្យ​ ​ដែល​មានការ​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​ ​ពី​ខាងក្រៅ​យ៉ាង​អយុត្តិធម៌​ ​រហូត​បាន​ ​បញ្ឈប់​សង្គ្រាមស៊ីវិល​ដ៏​រ៉ាំ​រែកា​លពី​ចុងឆ្នាំ១៩៩៨​ ​ដោយ​ដាក់ចេញ​នូវ​ ​«​គោលនយោបាយ​ឈ្នះ​-​ឈ្នះ​»​ ​។​ ​ការ​ប្រឹងប្រែង​ពុះពារ​អភិវឌ្ឍ​ជាតិ​ក្នុងរយៈពេល​ជាង៤០ឆ្នាំ​ចុងក្រោយ​នេះ​ ​បាន​ធ្វើ​ឱ្យ​កម្ពុជា​ប្រែ​មុខមាត់​ថ្មី​ ​ទាំង​ក្នុង​តំបន់​ ​និង​សកល​ ​ហើយ​បច្ចុប្បន្ន​ ​កម្ពុជា​ទទួល​បាន​ទាំង​ស្ថិរភាព​នយោបាយ​ ​សន្តិភាព​ ​និង​ម៉ាក្រូ​សេដ្ឋកិច្ច​ ​ពេញលេញ​ដែល​ជា​មូលដ្ឋាន​សម្រាប់​ទាក់ទាញ​ធុរជន​ ​និង​វិនិយោគិន​មក​ធ្វើជា​ដៃគូ​អភិវឌ្ឍន៍​ជាមួយ​កម្ពុជា​។​

​ទី២​៖​ ​ការ​បើកចំហ​សេដ្ឋកិច្ច​សម្រាប់​អ្នក​វិនិយោគ​ទាំងអស់​ដោយ​គ្មាន​ការរើសអើង​រវាង​អ្នក​វិនិយោគ​កម្ពុជា​ ​និង​អ្នក​វិនិយោគ​បរទេស​ ​។​

​ទី៣​៖​ ​កម្លាំង​ពលកម្ម​ដែល​មាន​ភាព​សម្បូរ​បែប​និង​វ័យក្មេង​ ​ដែល​ក្នុង​នោះ​ប្រជាជន​ដែល​មាន​អាយុ​ ​៣៥ឆ្នាំ​ចុះ​ ​មាន​ចំនួន​ដល់ទៅ​ ​៧២​%​ ​នៃ​ចំនួន​ប្រជាជន​សរុប​ ​គួបផ្សំ​នឹង​ប្រាក់ឈ្នួល​ដែល​មាន​ភាព​ប្រកួតប្រជែង​។​

​ទី៤​៖​ ​កម្ពុជា​ស្ថិតនៅ​លើ​ទីតាំង​ជា​យុទ្ធសាស្ត្រ​ក្នុង​តំបន់​អាស៊ាន​ ​ដែល​តំបន់​នេះ​បាន​និង​កំពុង​ក្លាយជា​ ​«​រោងចក្រ​នៃ​អាស៊ី​»​។​ ​ទំនិញ​ផលិត​នៅ​កម្ពុជា​អាច​ផ្គត់ផ្គង់​ទីផ្សារ​នៅក្នុង​ស្រុក​,​ ​ទីផ្សារ​អនុ​តំបន់​មេគង្គ​,​ ​ទីផ្សារ​អាស៊ាន​ ​និង​ទីផ្សារ​សំ​ខាន់​ៗ​ដទៃទៀត​ក្នុង​ពិភពលោក​ ​។​

​និង​ ​ទី៥​៖​ ​កម្ពុជា​មាន​សក្តា​នុ​ពល​សម្រាប់​ការ​អភិវឌ្ឍ​ទេសចរណ៍​ ​«​វប្បធម៌​និង​ធម្មជាតិ​»​ ​រួមមាន​ ​សម្បត្តិ​វប្បធម៌​ ​ធនធាន​ធម្មជាតិ​ ​កេរ្តិ៍​តំណែ​លប្រ​វត្តិ​សាស្ត្រ​ ​ព្រមទាំង​ទេសភាព​ដ៏​ស្រស់​ត្រកាល​នៃ​ឆ្នេរសមុទ្រ​ ​ទន្លេ​បឹង​បួរ​ ​និង​ព្រៃ​ព្រឹក្សា​របស់​ជាតិ​ ​ដែល​ទាំងនេះ​មាន​ភាព​ទាក់ទាញ​សម្រាប់​ទីផ្សារ​ទេសចរណ៍​ទាំង​ក្នុង​ស្រុក​ ​និង​អន្តរជាតិ​។​

​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​បាន​ថ្លែង​ថា​ ​អ្នក​វិនិយោគ​បរទេស​ទទួល​បានផល​ប្រយោជន៍​ ​និង​ការ​គាំពារ​ដូចគ្នានឹង​អ្នក​វិនិយោគ​ក្នុង​ប្រទេស​ ​ហើយ​មានលទ្ធភាព​ដាក់​ទុន​វិនិយោគ១០០ភាគរយ​ ​មិន​ចាំបាច់​មានការ​ចូលរួម​ពី​អ្នក​វិនិយោគ​នៅក្នុង​ប្រទេស​នោះ​ទេ​ ​។​

​សម្តេច​តេជោ​ ​បាន​ថ្លែង​ស្វាគមន៍​រាល់​ការសម្រេច​ចិត្ត​ដ៏​ឈ្លាសវៃ​របស់​អ្នក​វិនិយោគ​បរទេស​ទាំងអស់​ ​ជាពិសេស​អ្នក​វិនិយោគ​ស្រីលង្កា​ ​ដែល​មានបំណង​ជ្រើសរើស​កម្ពុជា​ជាគោល​ដៅ​វិនិយោគ​ដ៏​មាន​សក្តា​នុ​ពល​ខ្ពស់​ ​ក្នុង​ការ​ចាប់ផ្តើម​ ​ឬ​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​។​

​ជាមួយគ្នា​នេះ​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​ក៏បាន​លើកទឹកចិត្ត​ដល់​អ្នក​វិនិយោគ​កម្ពុជា​ដែល​មានបំណង​ចង់​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​នៅ​ក្រៅប្រទេស​ ​ពិចារណា​យក​ប្រទេស​ស្រីលង្កា​ ​ជា​ប្រទេស​គោលដៅ​របស់​ខ្លួន​។​ ​សម្តេច​តេជោ​ ​បាន​រំលឹក​ថា​ ​កាលពី​ប៉ុន្មាន​ឆ្នាំមុន​ ​កម្ពុជា​តែងតែ​អំពាវនាវ​ឱ្យ​អ្នក​វិនិយោគ​បរទេស​មក​កម្ពុជា​ ​ប៉ុន្តែ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​កម្ពុជា​ ​អ្នក​វិនិយោគ​កម្ពុជា​ ​ក៏បាន​ចេញទៅ​វិនិយោគ​នៅ​ឡាវ​ ​មីយ៉ាន់ម៉ា​ ​ទី​ម័រ​ ​និង​ប្រទេស​ដទៃទៀត​ ​។​

​សម្តេច​តេជោ​ ​បាន​ប្រកាស​ថា​ ​ក្នុងនាម​រាជរដ្ឋាភិបាល​ ​សម្តេច​ធានា​ជូន​អ្នក​វិនិយោគ​គ្រប់រូប​នូវ​បរិស្ថាន​គ្រប់បែបយ៉ាង​ដែល​អនុគ្រោះ​ ​និង​ជួយ​ជំរុញ​ដល់​ការ​វិនិយោគ​ពិសេស​គឺ​សន្តិភាព​ ​សន្តិសុខ​ ​និង​ស្ថិរភាព​នយោបាយ​ ​ក៏ដូចជា​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ ​ក្របខណ្ឌ​ច្បាប់​ ​និង​ស្ថាប័ន​ដែល​ប្រកបដោយ​ប្រសិទ្ធភាព​ ​តម្លាភាព​ ​គណនេយ្យ​ភាព​ ​និង​ភាព​អាច​ប៉ាន់ប្រមាណ​បាន​ ​។​

​យោង​តាម​តួលេខ​ផ្លូវការ​ពី​ក្រសួង​ពាណិជ្ជកម្ម​ ​បាន​បញ្ជាក់​ថា​ ​នៅ​ឆ្នាំ២០១៥​ ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង២​ ​មាន​ជាង៦លាន​ដុល្លារ​ ​ក្នុង​នោះ​កម្ពុជា​នាំចូល​ពី​ស្រីលង្កា​មាន​ជិត៦លាន​ដុល្លារ​ ​ខណៈ​ដែល​កម្ពុជា​នាំចេញ​ទៅ​ស្រីលង្កា​វិញ​ ​មាន​ជិត៣៦ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​។​

​នៅ​ឆ្នាំ២០១៦​ ​ទំហំ​ពាណិជ្ជកម្ម​នេះ​បាន​កើនឡើង​រហូតដល់​ជិត១០លាន​ដុល្លារ​ ​ក្នុង​នោះ​កម្ពុជា​នាំចូល​ពី​ស្រីលង្កា​មាន​ជិត៤លាន​ដុល្លារ​ ​ខណៈ​កម្ពុជា​នាំចេញ​ទៅ​ស្រីលង្កា​វិញ​មាន​ជាង៥លាន​ដុល្លារ​។​

​នៅ​ឆ្នាំ២០១៧​ ​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង២នេះ​បាន​ធ្លាក់ចុះ​មកវិញ​ ​មក​ត្រឹមតែ​ជិត៥លាន​ដុល្លារ​ប៉ុណ្ណោះ​ ​ក្នុង​នោះ​កម្ពុជា​នាំចូល​ពី​ស្រីលង្កា​ជាង៤លាន​ដុល្លារ​ ​ខណៈ​កម្ពុជា​នាំចេញ​ទៅ​ស្រីលង្កា​មាន​ត្រឹម៥៧ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​។​

​ចំណែក​ឯ​នៅ​ឆ្នាំ២០១៨​ ​ទំហំ​ពាណិជ្ជកម្ម​នៃ​ ​ប្រទេស​ទាំងពីរ​បន្ដ​ធ្លាក់ចុះ​ដែរ​ ​មក​នៅ​ត្រឹមតែ​ជិត៤លាន​ដុល្លារ​ប៉ុណ្ណោះ​ ​ក្នុង​នោះ​កម្ពុជា​នាំចូល​ពី​ស្រីលង្កា​មាន​ជិត៣លាន​ដុល្លារ​ ​និង​កម្ពុជា​នាំចេញ​ទៅ​ស្រីលង្កា​មាន​ជិត១លាន​ដុល្លារ​ ​៕​

អត្ថបទ៖ សិរី វឌ្ឍ

You can share this !

Loading...
អត្ថបទទាក់ទង