កំពង់ឆ្នាំង ៖ អគារសម្ភពមួយក្នុងខេត្តកំពង់ឆ្នាំង ដែលត្រូវបានជួសជុលឡើងវិញក្រោមជំនួយហិរញ្ញវត្ថុផ្តល់ដោយទីភ្នាក់ងារអភិវឌ្ឍន៍ឆែក (CzDA) ត្រូវបានប្រគល់ជូនមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ១ ខែសីហានេះ ។ ពិធីសម្ពោធអគារសម្ភពនេះ ត្រូវបានធ្វើឡើងក្រោមវត្តមានលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោក វ្លាស់ទីមីល តេសារ ភារធារីស្តីទីនៃស្ថានទូតសាធារណរដ្ឋឆែក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។
យោងតាមរបាយការណ៍ បានឱ្យដឹងថា ការជួសជុលស្ថាបនាអគារសម្ភពខេត្តកំពង់ឆ្នាំង ត្រូវបានសម្របសម្រួលនៅក្នុងកម្មវិធីអភិវឌ្ឍន៍ទ្វេភាគីផ្លូវការនៃសាធារណរដ្ឋឆែក ជាមួយព្រះរាជាណាចក្រកម្ពុជា ២០១៨-២០២៣ ។ ការជួសជុលស្ថាបនាអគារសម្ភព ដែលមានចំនួន១៧ បន្ទប់ ជាផ្នែកមួយនៃគម្រោងដែលកំពុងដំណើរការ គឺគម្រោង “ការធ្វើឱ្យប្រសើរនូវគុណភាពសេវាថែទាំសុខភាពមាតា និងទារកនៅមន្ទីរពេទ្យគោលដៅចំនួន៣ ក្នុងខេត្តកំពង់ឆ្នាំង” ដែលគាំទ្រជាថវិកាដោយសាធារណរដ្ឋឆែក អនុវត្តគម្រោងដោយអង្គការការីតាសសាធារណរដ្ឋឆែក និងអង្គការការីតាសកម្ពុជា ។
គម្រោងនេះ មានគោលបំណងចូលរួមចំណែកកាត់បន្ថយការសម្រាលកូនដែលអាចការពារបាន កុមារអាយុក្រោម៥ឆ្នាំ និងអត្រាមរណភាពមាតា ដោយលើកកម្ពស់គុណភាពសេវាថែទាំសុខភាពមាតា និងទារកដែលទើបកើតនៅខេត្តកំពង់ឆ្នាំង ដោយផ្តោតការយកចិត្តទុកដាក់ជាពិសេសទៅលើការថែទាំទារកទើបកើត។
គម្រោងនេះ ផ្តោតលើមន្ទីរពេទ្យខេត្តចំនួនមួយ (CPA3) និងមន្ទីរពេទ្យបង្អែកចំនួនពីរ (CPA1) ដែលមានទីតាំងនៅក្នុងខេត្តកំពង់ឆ្នាំង ។ គម្រោងនេះ នឹងសម្រេចបានតាមរយៈការធ្វើឱ្យប្រសើរឡើងប្រព័ន្ធគ្រប់គ្រងនៅតាមមន្ទីរពេទ្យនីមួយៗ ការកើនឡើងនូវស្តង់ដារសម្ភារពេទ្យ (ការផ្គត់ផ្គង់ឧបករណ៍វេជ្ជសាស្រ្ត និងសម្ភារដល់ផ្នែកសម្ភព មុននិងក្រោយសម្រាលកូន) និងការពង្រឹងសមត្ថភាពបុគ្គលិក ក៏ដូចជាការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធមន្ទីរពេទ្យ និងអនាម័យ។
នេះជាគំរោងទី៨របស់សាធារណរដ្ឋឆែក ដែលបានផ្តល់ថវិកាលើវិស័យសុខាភិបាល តាំងពីឆ្នាំ២០១០ ដោយផ្តោតលើការធ្វើរឱ្យប្រសើរឡើងនូវការថែទាំវេជ្ជសាស្រ្តសំរាប់អ្នកម្តាយ និងកុមារ។ រហូតមកដល់ពេលនេះ សាធារណរដ្ឋឆែក បានចំណាយថវិកា២លានដុល្លារសហរដ្ឋអាមេរិកដើម្បីជួយប្រទេសកម្ពុជា ក្នុងការផ្តល់សេវាថែទាំសុខភាពឱ្យកាន់តែប្រសើរឡើងសម្រាប់អ្នកម្តាយ និងកុមារ ។
អគារសម្ភពក្នុងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង នឹងបម្រើដោយផ្ទាល់ដល់ស្ត្រីជាង មួយម៉ឺននាក់ដែលស្ថិតក្នុងវ័យបន្តពូជ រស់នៅក្នុងតំបន់ដែលគ្របដណ្តប់ដោយមន្ទីរពេទ្យ ។ ទោះយ៉ាងណាស្ត្រីជាង៤ម៉ឺន ៨ពាន់នាក់ នឹងទទួលបានអត្ថប្រយោជន៍ពីការធ្វើឱ្យប្រសើរឡើងនូវការថែទាំសុខភាពនៅតាមមន្ទីរពេទ្យទាំងបី ក្នុងខេត្ត ។
គិតចាប់តាំងពីឆ្នាំ ២០១០ ប្រទេសកម្ពុជាគឺជាប្រទេសអាទិភាពមួយនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ឆែក ។ ជាលទ្ធផលនៃការពិគ្រោះយោបល់ទ្វេភាគីឆែក-កម្ពុជានៅឆ្នាំ២០១៨ រដ្ឋាភិបាលទាំងពីរ បានឯកភាពគ្នាផ្តល់មូលនិធិដល់គម្រោងនានាក្នុងវិស័យសុខាភិបាល ដោយផ្តោតនៅខេត្តកំពង់ឆ្នាំង ។ អនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ដែលបានចុះហត្ថលេខានៅទីក្រុងភ្នំពេញរវាងក្រសួងការបរទេសនៃសាធារណរដ្ឋឆែក និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី ១៧ ខែឧសភាឆ្នាំ ២០១៨ បានបង្កើតក្របខ័ណ្ឌ និងវិស័យអាទិភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងប្រទេសទាំងពីរ រហូតដល់ឆ្នាំ ២០២៣ ។
រហូតមកដល់ពេលនេះតម្លៃសរុបនៃជំនួយអភិវឌ្ឍន៍ផ្លូវការដែលផ្តល់ដោយសាធារណរដ្ឋឆែកក្នុងវិស័យសុខាភិបាលនៅកម្ពុជា នឹងឈានដល់ ៣,២ លានដុល្លាសហរដ្ឋអាមេរិក ៕
អត្ថបទ៖ សិរី វឌ្ឍ